ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ក្រុមឡាន ដែលមានសមាជិកច្រើនជាងគេបំផុតនៅកម្ពុជា

និយាយដល់សហគមន៌យានយន្ត ឬក្រុមឡាននៅកម្ពុជា បងប្អូនយើងភាគច្រើនដែលប្រើប្រាស់រថយន្ត ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ហើយក៏អាចមានបងប្អូនយើងភាគច្រើន ក៏កំពុងតែជាសមាជិកស្រាប់ក្នុងក្រុមផងដែរ នោះគឺក្រុម “ និយាយពីឡាន/Talking About Car (TAC)។ បច្ចុប្បន្នក្រុមនេះ មានសមាជិករហូតដល់ជាង ៧មឺុននាក់ ហើយអាចនិយាយបានថាជាក្រុមរថយន្ត ដែលមានសមាជិកច្រើនជាងគេបំផុត និងមានបណ្តាអ្នកគាំទ្រច្រើនបំផុតនៅកម្ពុជា។

ក្រុមនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដែលមាន

  • លោក រ៉ុងសុង សូដាលាភ ជាស្ថាបនិក និងជាប្រធានក្រុម
លោក រ៉ុងសុង សូដាលាភ
  • លោក ពៅ សំអុល ជាសហស្ថាបនិក និងជាអនុប្រធានក្រុម
លោក ពៅ សំអុល
  • លោក ហួរ ឆៃហ៊ី ជាសហស្ថាបនិក និងជាអនុប្រធានក្រុម
លោក ហួរ ឆៃហ៊ី
  • លោក មុនី សំអុល ជាអ្នកសម្របសម្រួល និងជាអនុប្រធានក្រុម
លោក មុនី សំអុល

បកមកកាន់គោលបំណងនៃការបង្កើតក្រុម “និយាយពីឡាន /Talking About Car (TAC) គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកពត៌មាន គន្លឹះក្នុងការថែទាំ ការប្រើប្រាស់ទូទៅរបស់រថយន្ត និងជួយជាការសម្រេចចិត្ត ដ៏ប្រសើរក្នុងការទិញរថយន្ដអោយត្រូវតាមតម្រូវការ។

សម្រាប់បងប្អូនដែលមិនទាន់បានចូលជាសមាជិកក្រុម អាចចុចចូលដំណរភ្ជាប់នេះបាន https://bit.ly/3mDMqmz ហើយរាល់ការចូលរួមជាសមាជិកទាំងអស់គឺមិនមានការបង់ប្រាក់ ឬបង្ខិតបង្ខំឡើយ ប៉ុន្តែសមាជិកទាំងអស់នឹងទទួលបានគុណប្រយោជន៌ជាច្រើន ដែលនឹកស្មានមិនដល់។ នៅក្នុងនោះផងដែរ សមាជិកទាំងអស់ក៏នឹងទទួលបានការបញ្ចុះតម្លៃពិសេស ពីដៃគូរសហការណ៌របស់ TAC ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនកន្លែងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG5 តម្លៃជាង ២ម៉ឺនដុល្លារស្ដើង គ្រោងចេញលក់នៅក្បែរកម្ពុជាឆាប់ៗ

[ទីផ្សារបរទេស] រថយន្ត MG5 ប្រភេទតម្លៃធូរជាងគេ គ្រោងចេញលក់លើទីផ្សារប្រទេសវៀតណាមនៅថ្ងៃទី២៣ ខែមិថុនា ដោយ​ផ្អែកតាមភ្នាក់ងារលក់ តម្លៃរបស់រថយន្តនេះអាចនឹងមានប្រមាណ ២២ ០០០ដុល្លារ។

ប្រភេទធូរថ្លៃនេះមានឈ្មោះថា MG5 STD ដោយវានឹងមានបំពាក់គ្រឿងបរិក្ខារពិសេសៗតិចជាងប្រភេទ Luxury ដែល​មាន​តម្លៃ​ប្រមាណ ២៥ ០០០ដុល្លារ។ គ្រឿងបរិក្ខារដែលបាត់បង់មានដូចជា មិនមានអំពូលភ្លើង LED ពេញលេញ, មិនមាន​ភ្លើងភ្លើងស៊ីញ៉ូដែលបំពាក់លើកញ្ចក់មើលឆ្វេងស្ដាំ និងមានបំពាក់យ៉ាន់ទំហំ ១៦អ៉ីញ ជំនួសឲ្យយ៉ាន់ ១៧អ៉ីញ ជាដើម។

សម្រាប់ផ្នែកខាងក្នុងវិញ STD នេះមាន​ចង្កូតរថយន្តដែលស្រោបនូវប្លាស្ទិក, មានកុងទ័របង្ហាញប្រភេទធម្មតាជំនួសឲ្យប្រភេទ​ឌីជីថល, មានឧបករណ៍បំពងសំឡេងចំនួនបួន ជំនួសឲ្យ៦, កៅអីជួរទីពីរមិនមានកន្លែងដាក់ដៃ, មិនមានមុខងារវាស់សម្ពាធ​កង់, មិនមាន​ដំបូលដែលបើកបាន និងមិនមានកាមេរ៉ា ៣៦០ដឺក្រេ។ បន្ថែមពីនេះមុខងារសុវត្ថិភាពក៏ត្រូវបានកាត់បន្ថយខ្លះៗផងដែរ។

យ៉ាងណា MG5 STD នៅតែប្រើម៉ាស៊ីន ១,៥លីត្រ កម្លាំង ១១២សេះ ដែល​ប្រើប្រព័ន្ធបើកបរវិលកង់មុខ ហើយវាប្រភេទ​បើកបរ​ចំនួនបី រួមមាន Urban, Normal និង Dynamic៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD រីកចម្រើនចាប់លែងឈ្នះ ការលក់ឡានអគ្គិសនីកើនដល់ជាង ៣០០%

[ទីផ្សារបរទេស] កាលពីខែឧសភាកន្លងទៅ BYD បានផលិតរថយន្តថាមពលថ្មី (NEV) បានចំនួន ១១៨ ១៣៥គ្រឿង ដែល​មាន​កំណើន ២៧០,២៤% ធៀបនឹងខែឧសភា ឆ្នាំ២០២១។ ជាលទ្ធផល ទំហំផលិតរយៈពេល៥ខែដំបូងនៃឆ្នាំ២០២២នេះ មានសរុប ៥១៣ ១៤៣គ្រឿង ដែលកើនឡើង ៣៤៧,៦០%។

ដោយឡែក ការលក់រយៈពេល៥ខែដំបូងនៃឆ្នាំ២០២២នេះ មានសរុប ៥០៧ ៣១៤គ្រឿង ដែលជាការកើនឡើង ៣៤៨,១១% ធៀប​នឹង​រយៈពេល៥ខែដំបូងនៃឆ្នាំ២០២១។ ក្នុងខែឧសភាដដែល ចំនួនលក់នៃរថយន្ត NEV គឺមាន ១១៤ ១៨៣គ្រឿង ដោយក្នុងនោះមាន ៥៣ ៣៤៩គ្រឿង ជារថយន្តអគ្គិសនីសុទ្ធ និង ៦០ ៨៣៤គ្រឿង គឺជារថយន្ត PHEV។

គេសង្កេតឃើញដែរថារថយន្ត PHEV របស់ BYD មានកំណើនលក់ច្រើនសន្ធឹក ដែលលក់ចេញបានសរុប ២៥ម៉ឺនគ្រឿង គិតចាប់​ពីខែមករា ដល់ខែឧសភា ជាការកើនឡើងរហូតដល់ ៥៨០% ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីនឹងបង្កើនភាពប្រសើរឡើងនៃការធ្វើដំណើរប្រចាំថ្ងៃសម្រាប់ប្រជាជនកម្ពុជានាពេលអនាគត

រថយន្តអគ្គិសនី គឺជារថយន្តដែលដំណើរការលើម៉ូទ័រអេឡិចត្រូនិច ជំនួសឱ្យម៉ាស៊ីនចំហេះខាងក្នុងដែលបង្កើតថាមពលដោយការដុតចំហេះនៃប្រេងឥន្ធនៈ និងឧស្ម័ន។ រថយន្តអគ្គីសនីត្រូវបានបំពាក់ដោយថាមពលភ្លើង ហើយវាត្រូវបានចាត់ទុកថាជាដំណោះស្រាយបច្ចេកទេសនៃជម្រើសដ៏ល្អដើម្បីបំពេញតាមស្តង់ដារការបំភាយឧស្ម័នសម្រាប់ប្រទេសជាច្រើន។ ប្រទេសជាច្រើនកំពុងប្រើប្រាស់រថយន្តអគ្គីសនី និងមានភាពពេញនិយម ប៉ុន្តែនៅកម្ពុជាគឺកំពុងអភិវឌ្ឍនិងលើកទឹកចិត្ត។ រដ្ឋាភិបាលកំពុងជំរុញបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់រថយន្តអគ្គីសនី ព្រោះវាជួយដល់បរិស្ថាន និងកាត់បន្ថយពីការចំណាយថ្លៃប្រេងឥន្ធនៈ។ នៅអឺរ៉ុបពួកគេទើបតែបានប្រកាសថានឹងមានតែមានរថយន្តអគ្គិសនីប៉ុណ្ណោះចាប់ពីឆ្នាំ ២០៣៥ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ចំនួនរថយន្តអគ្គីសនីមានការកើនឡើងនៅលើដងផ្លូវប្រទេសកម្ពុជារួចហើយ។ ក្រុមហ៊ុនជាច្រើនបានបើកដំណើរការនូវអគារតាំងបង្ហាញរថយន្តក្នុងរាជធានីភ្នំពេញ និងដាក់បង្ហាញនូវរថយន្តអគ្គីសនីជាង ១០ប្រភេទផងដែរ។ ក្នុងអំឡុងពេលម៉ាករថយន្តជាច្រើនដែលនាំចូលរថយន្តអគ្គីសនីមកលក់ក្នុងប្រទេសកម្ពុជា ពេលនេះ MG ក៏មានវត្តមានរថយន្តអគ្គីសនីដែលគឺរថយន្ត MG ZS EV ជាមួយនឹងការរចនាដ៏ល្អ និងពណ៌ដ៏ទាក់ទាញ បូករួមជាមួយមុខងារប្រើប្រាស់ដ៏ទំនើប។ រថយន្ត​ MG អគ្គីសនីនឹងមិនវាយលុកទីផ្សាដូចព្យុះនោះទេ ប៉ុន្តែវានឹងក្លាយជារថយន្តដែលកែសម្រួលដល់ការប្រើប្រាស់របស់ប្រជាជនកម្ពុជា និងមានភាពសន្សំសំចៃខ្ពស់។

ការប្រើប្រាស់រថយន្តអគ្គិសនីគឺមានន័យថា លោកអ្នកអាចរំលងការចំណាយខ្ពស់នៃប្រេងឥន្ធនៈដែលជាចំណុចមួយនៃបញ្ហាធំបំផុតរបស់មនុស្សនាពេលបច្ចុប្បន្ន។ សម្រាប់រថយន្តអគ្គីសនីការចំណាយថាមពលត្រូវបានវាស់ដោយថាតើថាមពលអគ្គីសនីប្រើប្រាស់ប៉ុន្មានគីឡូវ៉ាត់ម៉ោង (kWh) ដែលចំណាយក្នុង ១០០គីឡូម៉ែត្រ។ ឧទាហរណ៍រថយន្ត MG ZS EV ដំណើរការប្រកបដោយប្រសិទ្ធភាពជាមួយនឹងថាមពលអគ្គីសនីមួយពេញ ៤៤,៥គីឡូវ៉ាត់ម៉ោង និង ១៥គីឡូវ៉ាត់ម៉ោង/១០០គីឡូម៉ែត្រ ។ ការសាកថ្មលឿនរបស់ MG ZS EV ជាមួយនឹងថាមពលថ្ម ១ពេញចំណាយពេលចន្លោះពី ១,៥ ឬ ២ ម៉ោង ហើយវាអាចបើកបរបានចម្ងាយប្រហែល ៣៤០គីឡូម៉ែត្រ។ បើតាមអ្នកបច្ចេកទេសរបស់ស្ថានីយ៍សាកអគ្គិសនីនៅ Caltex បាននិយាយអំពីថ្លៃសេវាក្នុងការសាករថយន្តអគ្គីសនីគឺតម្លៃ ០,៣៥ដុល្លារ ក្នុង ១គីឡូវ៉ាត់ម៉ោង។ ដូច្នេះប្រសិនបើអ្នកគណនាអំពីការចំណាយទឹកប្រាក់វិញ នោះអ្នកចំណាយប្រហែល ១៥,៥៧ដុល្លារ សម្រាប់ការសាកអគ្គីសនី១ពេញលើរថយន្ត MG ZS EV ហើយប្រៀបធៀបទៅនឹងសាំងវាពិតជាសន្សំសំចៃខ្លាំងណាស់។ ទន្ទឹមនឹងនេះការឡើងនូវថ្លៃប្រេងឥន្ធនៈនៅកម្ពុជា ដែលមានតម្លៃ ១,៤១ ដុល្លារក្នុងមួយលីត្រ។

ក្រឡេកទៅមើលការដំណើរការនៃការបញ្ចូលថាមពលអគ្គីសនីគឺមានភាពល្អប្រសើរខ្លាំងណាស់ក្នុងប្រទេសកម្ពុជា បណ្តាញសាកអគ្គីសនីសាធារណៈត្រូវបានពង្រីកដោយរដ្ឋាភិបាល ដូច្នេះវាជាការងាយស្រួលសម្រាប់ការសាកអគ្គីសនីលើរថយន្តរបស់អ្នកបានលឿន និងរហ័ស។  ម្ចាស់រថយន្តគ្រាន់តែបើករថយន្តទៅកាន់ស្ថានីយ៍សាកថ្ម ហើយបំពេញព័ត៌មានរថយន្តជាមួយបុគ្គលិក ហើយអាចគិតប្រាក់តាមរបៀបងាយស្រួល។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា មានស្ថានីយ៍សាកថ្មចំនួន៤កន្លែងដែលឧបត្ថម្ភដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងស្ថានីយ៍ចំនួន ១០ផ្សេងទៀត នឹងត្រូវបានផ្តល់ដោយមូលនិធិវិនិយោក្រុមហ៊ុនឯកជនផ្សេងៗទៀត។ ដូច្នេះនេះជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់រថយន្តអគ្គីសនី។

ទោះបីពេលនេះមិនទាន់មានការប្រើប្រាស់រថយន្តអគ្គីសនីបានទូលំទូលាយនៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែវានឹងត្រូវបានអភិវឌ្ឍ និងយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ជាច្រើនរបស់រថយន្តអគ្គីសនីនាពេលអនាគត ដោយសារការរំពឹងទុកនៃតម្លៃរថយន្តអគ្គីសនីនឹងកាន់តែល្អសម្រាប់ប្រជាជនកម្ពុជាអាចមានលទ្ធភាពទិញបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lynk & Co 01 EM-F ជម្រើសម៉ាស៊ីន Hybrid ថ្មី ជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ​ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lynk & Co 01 EM-F ជាផ្លូវ ជាមួយនឹងតម្លៃលក់ចាប់ពី ២៨ ០២២ ដុល្លារ ដល់ ៣១ ៣០១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Lynk & Co 01 EM-F គឺជារថយន្តដំបូងគេដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Lynk E-Motive intelligent electric hybrid ដែលបានមកពីគ្រោងឆ្អឹង Raytheon Lynk & Co’s intelligent hybrid technology platform។ សម្រាប់រូបរាងខាងក្រៅរបស់ Lynk & Co 01 EM-F គឺមិនខុសពីរូបរាងបច្ចុប្បន្នរបស់វានោះទេ ប៉ុន្តែ​មាន​ការ​រចនា​ចង្កៀង​ក្រោយ​ថ្មី​ដែល​កាន់​តែ​លេចធ្លោ ថាសកង់ស្ព័រទំហំ ១៩ អ៊ីញពណ៌ខ្មៅ ជាមួយនឹងបំពង់ស៊ីមាំងលាក់ផងដែរ។

ចំពោះផ្ទៃខាងក្នុងនៃកាប៊ីនវិញមិនមានការផ្លាស់ប្តូរច្រើនទេ ជាមួយការរចនាសាមញ្ញ ដោយបំពាក់ជាមួយដៃចង្កូតពហុមុខងារ 3-spoke អេក្រង់កំសាន្តទំហំធំ ម៉ាស៊ីនត្រជាក់ត្រូវបានរចនាថ្មី ធ្វើឲ្យប្រសើរឡើងនៅអេក្រង់បង្ហាញលើកញ្ចក់ នឹងមានជម្រើសកៅអីស្បែកខ្មៅ និងសសម្រាប់ជ្រើសរើសផងដែរ។ បន្ថែមពីនេះ រថយន្ត Lynk & Co 01 EM-F ត្រូវបានបំពាក់ដោយបច្ចេកវិទ្យារ៉ាដា ultrasonic ចំនួន ១២, រ៉ាដារលក ៥ មីលីម៉ែត្រ, កាំមេរ៉ាគុណភាពខ្ពស់ចំនួន ៤ និងជំនួយការបើកបរ ADAS ជាច្រើនទៀតផងដែរ ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ រថយន្តបំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៥ លីត្រ ដែលមានកម្លាំង ១៤៧ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ  អាចបើកបរបានចម្ងាយ ២០,៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ ខណៈ 3-speed hybrid DHT Pro ដែលជាម៉ាស៊ីនខ្ពស់បំផុត ប្រសិទ្ធភាពរហូតដល់ ៩៧,៥% អនុញ្ញាតឲ្យរថយន្តបង្កើនល្បឿនដល់ ១០០ គីឡូម៉ែត្រក្នុងរយៈពេល ៧,៨ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តអគ្គិសនីនៅថៃ នឹងកើនឡើងដល់ ២០% នៅឆ្នាំ ២០២២ នេះ

កំណើននៅក្នុងទីផ្សាររថយន្តថៃត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះរបស់ខ្លួនពេញមួយឆ្នាំ ដោយការលក់រថយន្តអគ្គិសនី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១៥ ទៅ ២០% នៅឆ្នាំ២០២២ នេះ បើយោងតាមការប៉ាន់ស្មានចុងក្រោយពីអ្នករៀបចំពិព័រណ៍រថយន្តអន្តរជាតិថៃ Thailand International Motor Expo។

ជាមួយគ្នានេះដែរ ការលក់រថយន្តក្នុងស្រុកក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង ១៦-១៧% ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Kwanchai Paphatphong ប្រធានក្រុមហ៊ុន Inter-Media Consultant Co ដែលរៀបចំពិព័រណ៍ខាងលើបាននិយាយថា៖

វិស័យនេះគួរតែទទួលបាននូវទស្សនវិស័យដ៏ភ្លឺស្វាង នៅពេលដែលរដ្ឋាភិបាលបន្តបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងទទួលយកកញ្ចប់ជំរុញសេដ្ឋកិច្ច។

ក្នុងនោះដែរ លោក Paphatphong រំពឹងថា ការផលិតរថយន្តរបស់ប្រទេសថៃនៅឆ្នាំនេះ នឹងសម្រេចបាននូវគោលដៅរបស់ខ្លួនចំនួន ១,៨ លានគ្រឿង បើទោះបីជាមានកង្វះខាតបន្ទះឈីបអេឡិចត្រូនិច, គោលនយោបាយគ្មានកូវីដរបស់ចិន ដែលកំពុងរារាំងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និង ផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនលើការផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដោយ។

មិនតែប៉ុណ្ណោះ លោក Paphatphong ក៏បានរំពឹងថា ការលក់រថយន្តអគ្គិសនី នឹងកើនឡើងយឺតៗនៅឆ្នាំ ២០២២ ប្រហែល ១៥-២០% ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលកង្វះខាតបន្ទះឈីបអេឡិចត្រូនិច បានបណ្តាលឲ្យក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកមួយចំនួន ពន្យារពេលនៃការបញ្ជាទិញរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hyundai Ioniq 5 ចេញប្រភេទថោកបំផុតថ្មី តែសាកភ្លើងម្តង ជិះបានជិត ៣៥០គ.ម

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្តអគ្គិសនី Ioniq 5 ប្រភេទតម្លៃថោកបំផុតថ្មី ហៅថា Hyundai Ioniq 5 SE Standard Range។

រថយន្ត Hyundai Ioniq 5 SE Standard Range ថ្មីនេះ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៥៨គីឡូវ៉ាត់ម៉ោង និងប្រើម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៦៨សេះ ហើយផ្តល់ចម្ងាយបើកបរ ២២០ម៉ាយ៍ ឬ ៣៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ក្រុមហ៊ុន Hyundai អះអាងថា Ioniq 5 SE Standard Range អាចសាកភ្លើងបានលឿនតាមរយៈឌុយ Level 2 plug ដោយពី ១០ ទៅ ១០០% ប្រើពេល ៥ម៉ោង ខណៈការសាកតាម DC fast charge ពី ១០ ទៅ ៨០% ប្រើពេលតែ ១៨នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត Hyundai Ioniq 5 SE Standard Range ថ្មី មានតម្លៃថោកជាងគេក្នុងត្រកូល Ioniq 5 គឺចាប់ពី ៣៩ ៩៥០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាកភ្លើងម្ដងជិះបាន ៣០០គីឡូម៉ែត្រ ឯតម្លៃវិញតែជាង ៧ពាន់ដុល្លារ

[ទីផ្សារបរទេស] រថយន្ត Changan Lumin Corn បានប្រកាសចេញតម្លៃលក់ជាផ្លូវការ ដែលមានចាប់ពីប្រមាណ ៧ ៣០០ដុល្លារ ជាតម្លៃដ៏ប្រកួតប្រជែងមួយជាមួយរថយន្ត Wuling Mini EV និង Chery QQ Ice Cream ដែលជារថយន្តអគ្គិសនីខ្នាតតូចកំពុងទទួលបានប្រជាប្រិយភាពនៅ​ប្រទេសចិន។

Lumin Corn ត្រូវបានបង្កើតដោយក្រុមហ៊ុន Changan New Energy រួមជាមួយក្រុមហ៊ុន CATL ដែលបានប្រើប្រាស់គ្រោងឆ្អឹងរបស់ Changan ឈ្មោះថា EPA0។ ដូចគ្នានឹង Wuling Mini EV រថយន្តនេះមានទំហំតូចមែនទែន ដោយមានប្រវែង៣២៧០ម.ម មានកម្ពស់១៧០០ម.ម មានទទឹង៣២៧០ម.ម និងប្រវែងកង់មុខទៅកង់ក្រោយគឺ១៩៨០ម.ម។

Lumin Corn មាន​តម្លៃចាប់ពី ៧ ៣០០ដុល្លារ ដែលតម្លៃនេះមានបំពាក់អាគុយអាចបើកបរបានចម្ងាយ ១៥៥គីឡូម៉ែត្រ ហើយ​វា​ក៏​មាន​ប្រភេទតម្លៃ ៨ ០៥០ដុល្លារ ដែលអាចបើកបរបានចម្ងាយ ២១០គីឡូម៉ែត្រ រួមជាមួយប្រភេទខ្ពស់ជាងគេមានតម្លៃចាប់ពី ៩ ៥៤០ដុល្លារ ដែលអាចបើកបរបានចម្ងាយ ៣០១គីឡូម៉ែត្រ។

ត្បិតថាមានទំហំតូច ប៉ុន្តែរថយន្ត Lumin Corn មានកៅអីអង្គុយចំនួនបួន ហើយផ្នែកខាងក្នុងក៏មានបំពាក់មុខងារទំនើបៗមួយចំនួន មានដូចជាកុងទ័រប្រភេទឌីជីថល, មានអេក្រង់កម្សាន្តទំហំ ១០,២៥អ៉ីញ, មានប៊ូតុងបញ្ជាសីតុណ្ហភាព និងមានចង្កូតជាប្រភេទ Three-Spoke ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ដំណើរការឡានតាក់ស៊ីបើកបរស្វ័យប្រវត្តិនៅកូរ៉េខាងត្បូង

[ទីផ្សារបរទេស] ចៅហ្វាយក្រុងនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាន​ក្លាយ​ជាអ្នកដំណើរដំបូងដែលបាន​ប្រើប្រាស់​សេវាកម្ម​តាក់ស៊ីបើកបរស្វ័យប្រវត្តិរបស់ Hyundai ដែលទើបតែបើកដំណើរការសាកល្បង។

គម្រោងការសាកល្បងនេះមានឈ្មោះថា RoboRide ដែលគេនឹងឃើញរថយន្ត Ioniq 5 ចំនួនពីរគ្រឿង មានបំពាក់បច្ចេកវិទ្យា​ទំនើប​ផុតលេខ បើកបរនៅ​ជុំវិញ​សង្កាត់ Gangnam ដែលជាសង្កាត់ដ៏មមាញឹកបំផុតមួយនៃទីក្រុងសេអ៊ូល។

រថយន្តអគ្គិសនី Ioniq 5 ដែលប្រើក្នុងគម្រោងការនេះ បានបំពាក់មកជាមួយបច្ចេកវិទ្យាបើកបរ​ស្វ័យប្រវត្តិ Level 4 ដោយ​រថយន្ត​នេះ​បាន​ប្រតិបត្តិការក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Jin Mobility ជាក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​នូវ​ប្រព័ន្ធ​រថយន្ត​តាក់​ស៊ី​ AI។ ជាមួយគម្រោងការនេះ Hyundai និង Jin Mobility បានក្លាយជា​ស្ថាប័ន​ដំបូងគេដែល​ប្រតិបត្តិការ​រថយន្តតាក់ស៊ីស្វ័យប្រវត្តិ​នៅ​ក្នុងតំបន់ Gangnam។

តាមពិតទៅ Hyundai បានធ្វើការជាមួយរដ្ឋាភិបាលនៅទីក្រុងសេអ៊ូល ដើម្បី​បង្កើត​នូវ​ប្រព័ន្ធ​ដែល​អាច​ត​ភ្ជាប់​ភ្លើង​ចរាចរណ៍​ទៅ​កាន់​រថយន្តបើកបរស្វ័យប្រវត្តិ ហើយក្រុមហ៊ុន​បានប្រមូល​ទិន្នន័យជាមួយការសាកល្បងរថយន្តបើកបរស្វ័យប្រវត្តិ​នៅ​ក្នុង​តំបន់ Gangnam តាំងពីឆ្នាំ២០១៩។

ដោយសារជាគម្រោងការសាកល្បង ហេតុនេះសេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិនឹងត្រូវរឹតត្បិតដើម្បី​បង្ការ​រថយន្ត​បើកបរ​ស្វ័យ​ប្រវត្តិបង្កជាភាព​រញ៉េរញ៉ៃជាមួយ​ភ្លើងសញ្ញាចរាចរណ៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Crosstrek ឆ្នាំ២០២៣ ចេញម៉ូដែលពិសេសថ្មី ហើយឡើងថ្លៃជាងមុនបន្តិច

ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត Crosstrek ស៊េរីឆ្នាំ២០២៣ ថ្មី ដោយមានបន្ថែមម៉ូដែលពិសេសទៀតផង ហៅថា Subaru Crosstrek Special Edition។

រថយន្ត Subaru Crosstrek Special Edition ឆ្នាំ២០២៣ នេះ មានពណ៌ពិសេស ហៅថា Desert Khaki ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ២៦ ៧៤៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងការតុបតែងខ្លួនបែប overland-inspired ថែមទាំងមានលេខពណ៌ខ្មៅ Crystal Black Silica លើប៉ាណាមុខ, ដៃទ្វារ, កញ្ចក់ចំហៀង និង អង់តែន ទៀតផង។ ក្រៅពីនោះ វាក៏មានបិតតែម Low Luster Black និងយ៉ាន់កង់ពណ៌ប្រផេះក្រម៉ៅ ទំហំ ១៧អ៊ីញ ដែលជាប្រភេទ Alloy ផងដែរ។

ចំពោះផ្នែកខាងក្នុង វាបំពាក់ពូកពណ៌ខ្មៅ-ក្រហម ជាមួយនឹងថ្នេរដេរពណ៌ក្រហម, ដៃចង្កូតស្រោបស្បែក និង ចង្កឹះលេខស្រោបស្បែក។ រថយន្តនេះបំពាក់អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ជាមួយនឹងកុងទ័រប្រភេទ multi-information display ទំហំ ៤,២អ៊ីញ។

Subaru Crosstrek Special Edition ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥២សេះ និងកម្លាំងរមួល ១៩៦ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ Lineartronic CVT និងប៉ុងពីរ symmetrical all-wheel drive system មកស្តង់ដារតែម្តង។

ក្រៅពីនោះ ម៉ូដែល Crosstrek ធម្មតា មានតម្លៃចាប់ពី ២៣ ៦៤៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ក្រៅពីជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រខាងលើ វាក៏មានជម្រើសម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៨២សេះ និងកម្លាំងរមួល ២៣៨ញ៉ូតុនម៉ែត្រផងដែរ។

មិនតែប៉ុណ្ណោះ វាក៏ផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី២ ព្រមទាំងកញ្ចប់អាគុយទំហំ ៨,៨គីឡូវ៉ាត់ម៉ោង ដែលធ្វើឲ្យ Crosstrek Hybrid អាចបង្កើតកម្លាំងបាន ១៤៨សេះ និងផ្តល់ចម្ងាយបើកបរ ២៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+