ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំ ២០២២ Ford លក់ឡានអគ្គិសនីដាច់កាន់តែច្រើន

[ទីផ្សារបរទេស] ប្រធាន និងនាយកប្រតិបត្តិ ក្រុមហ៊ុន Ford លោក Jim Farley បាននិយាយនៅក្នុងការចេញផ្សាយមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា «យើងមានមោទនភាពណាស់ដែលអតិថិជនបានឃើញពីរបៀបដែលក្រុមហ៊ុន Ford កំពុងធ្វើការលើរថយន្តអគ្គិសនីជាចម្បង ហើយបានបញ្ជាទិញ ឬកក់ទុករថយន្ត Mustang Mach-E SUV, F-150 Lightning និង E-Transit ទាំងអស់ជាង ២៧៥ ០០០ គ្រឿង ហើយយើងកំពុងបំបែក​ឧបសគ្គ​ទាំងអស់ ដើម្បី​ដឹករថយន្តឲ្យដល់ដៃអតិថិជន ឲ្យបាន​លឿន​តាម​ដែល​យើង​អាច​ធ្វើ​បាន»។

គួរឲ្យដឹងថា ក្រុមហ៊ុន Ford បានរាយការណ៍ថា ការលក់រថយន្តអគ្គិសនីរបស់ខ្លួនក្នុងខែមករា “កើនឡើងលឿនជាងមុនជិត ៤ ដង លើផ្នែកអគ្គិសនីទាំងមូល” (សរុបចំនួន ១៣ ១៦៩ គ្រឿង) ធ្វើឲ្យក្រុមហ៊ុន Ford ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីលេខ ២ នាពេលបច្ចុប្បន្ននៅសហរដ្ឋអាមេរិក ដោយឈរពីក្រោយក្រុមហ៊ុន Tesla។

ជាមួយគ្នានេះដែរ លោក Farley ក៏បានសន្យាក្នុងការបង្កើនសមត្ថភាពផលិតរថយន្តទូទាំងពិភពលោកទ្វេដងរបស់ក្រុមហ៊ុន Ford សម្រាប់រថយន្តអគ្គិសនី “ដល់យ៉ាងហោចណាស់ ៦០០ ០០០ គ្រឿង នៅឆ្នាំ ២០២៣ ទៀតផង។ លោក Farley រំពឹងថា រថយន្តអគ្គិសនីនឹងតំណាងឲ្យយ៉ាងហោចណាស់ ៤០ ភាគរយ នៃចំនួនផលិតផលសរុបរបស់ខ្លួននៅឆ្នាំ ២០៣០។

យ៉ាងណាមិញ លោក Farley ក៏បានកត់សម្គាល់ដែរថា ប្រទេសចិនឥឡូវនេះគឺជាទីផ្សារដ៏ធំបំផុតរបស់ Ford សម្រាប់រថយន្តម៉ាក Lincoln។

សរុបមក ក្រុមហ៊ុន Ford បានមើលឃើញប្រាក់ចំណូលចំនួន ៣៧,៧ ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលសុទ្ធ ១២,៣ ពាន់លានដុល្លារ និង ២ ពាន់លានដុល្លារ នៅក្នុង EBIT (ប្រាក់ចំណូលមុនការប្រាក់ និងពន្ធ) ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១។

ក្រុមហ៊ុន Ford បានលក់ភីកអាប់ Maverick ចំនួន ៦ ៥១៣គ្រឿង នៅក្នុងខែមករា ដោយក្នុងនោះមាន ៣ ៥៤៩គ្រឿង ជាម៉ូដែល Hybrid៕

ប្រភព ៖ engadget

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីក្ដោបចំណែកទីផ្សារបានជិត ៨៤% នៅប្រទេសន័រវេស

[ទីផ្សារបរទេស] ដូចដែលបានដឹងហើយថាប្រទេសន័រវេសកំពុងតែឈានមុខគេក្នុងការផ្លាស់ប្ដូរទៅកាន់រថយន្តអគ្គិសនី ដោយ​កាលពីខែមករាកន្លងទៅនេះ ស្ទើរតែជិត៩គ្រឿង នៃរថយន្ត១០គ្រឿងថ្មី ដែលបានចុះបញ្ជីក្នុងប្រទេសនេះគឺជារថយន្តអគ្គិសនីសុទ្ធ។

ទិន្នន័យពី OFV បានបង្ហាញថាមានរថយន្តថ្មីសរុប ៧ ៩៥៩គ្រឿង បានចុះបញ្ជីកាលពីខែមករា ដោយក្នុងនោះមានចំនួន ៦ ៦៥៩គ្រឿង គឺជារថយន្តអគ្គិសនី ហើយវាមានចំណែក ៨៣,៧% នៃទីផ្សាររថយន្ត។ តួលេខនេះគឺមានកំណើន ៣០,៧% ធៀបនឹងខែមករាឆ្នាំមុន។ បន្ថែមពីនេះដែរមាន ៦,៨% នៃរថយន្តថ្មីដែលលក់ចេញគឺជាប្រភេទ PHEV។

ចំណែករថយន្តម៉ាស៊ីនសាំង និងម៉ាស៊ូតដែលលក់ចេញគឺមានសរុប ៣៨៧គ្រឿង ដោយក្នុងនោះរថយន្តម៉ាស៊ីនសាំងគឺមានចំនួន ១៧៥គ្រឿង ប៉ុណ្ណោះ។

រថយន្តដែលលក់ដាច់ជាងគេនៅន័រវេសកាលពីខែមុនគឺរថយន្ត Audi Q4 e-tron លក់បាន ៦៤៣គ្រឿង បន្ទាប់មកគឺ Hyundai Ioniq 5 លក់បាន ៤៧៧គ្រឿង និងរថយន្ត BMW iX លក់បានចំនួន ៤៤៤គ្រឿង។

ដោយឡែកបើគិតជាក្រុមហ៊ុនវិញ Audi លក់រថយន្តអគ្គិសនីបានច្រើនជាងគេដោយលក់បាន ៩៥២គ្រឿង បន្ទាប់មកគឺ Hyundai លក់បាន ៧០៤គ្រឿង និងតាមពីក្រោយដោយ Volkswagen ជាមួយចំនួនលក់ ៦៥៩គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥណ្ឌាសម្រេចថាមិនបន្ធយពន្ធឡានអគ្គិសនីតាមសំណើរបស់មេ Tesla

[ទីផ្សារបរទេស] រដ្ឋាភិបាលប្រទេសឥណ្ឌាបានច្រានចោលសំណើពីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ក្នុងការសុំឲ្យបន្ធូរបន្ថយពន្ធលើរថយន្តអគ្គិសនីដែលនាំចូលប្រទេសនេះ។

រដ្ឋាភិបាលនៃប្រទេសនេះនិយាយថាខ្លួនបានពិចារណាលើគំនិតនេះ ប៉ុន្តែបានសម្រេចហើយថាច្បាប់ពន្ធនេះគឺបានអនុវត្តន៍ជាមួយក្រុមហ៊ុនរថយន្តដទៃទៀត ដូចនេះក៏គួរតែអនុវត្តន៍សម្រាប់ Tesla ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។

លោក Elon Musk ចង់ឲ្យប្រទេសឥណ្ឌាបន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនីឲ្យបានរហូតដល់ ១០០% ដើម្បី​អាចឲ្យរថយន្តអគ្គិសនីរបស់ខ្លួនឈរជើងក្នុងប្រទេសមួយនេះ មុនដាក់ចិត្តថានឹងសាងសង់រោងចក្រផលិតរថយន្តនៅប្រទេសនេះ។

តាមពិតទៅលោក Elon Musk ធ្លាប់បាននិយាយថាការផលិតរថយន្តអគ្គិសនីនៅឥណ្ឌាអាចលេចរូបរាងឡើង លុះត្រាតែការចចារលើការបន្ធូរបន្ថយពន្ធទទួលបានជោគជ័យ។

យ៉ាងណាក្ដីរដ្ឋាភិបាលសហព័ន្ធ បានសុំឲ្យ Tesla ពិចារណាលើការនាំចូលជាគ្រឿងបង្គុំ ឬជារថយន្តដែលមិនទាន់ដំឡើងរួចរាល់ ដែលទំនិញប្រភេទនេះមានអត្រាពន្ធនាំចូលទាបជាងរថយន្តដែលផលិតហើយទាំងស្រុង។

ត្បិតថាឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទីពីរលើលោក ប៉ុន្តែរថយន្តអគ្គិសនីនៅមានចំណែកទីផ្សារតូចនៅឡើយ ដោយជាក់ស្ដែងទៅ​វាមានចំណែកមិនដល់ ១% ផង​ នៃចំនួនលក់រថយន្តសរុបនៅឥណ្ឌា ដោយនៅប្រទេសនេះនិយមប្រើប្រាស់រថយន្តខ្នាតតូច តម្លៃធូរថ្លៃ និងដំណើរការដោយប្រេងឥន្ធនៈ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានដ៏ទំនើប Lykan Hypersport ក្លាយជារថយន្តសង្គ្រោះបន្ទាន់នៅទីក្រុងឌូបៃ

[ទីផ្សារបរទេស] កាលពីពាក់កណ្តាលឆ្នាំ ២០១៩ កន្លងទៅ កម្លាំងប៉ូលីសនៅទីក្រុង Abu Dhabi ត្រូវបានផ្តល់ជូននៅរថយន្តដ៏ទំនើប Lykan Hypersport ។ ឥឡូវនេះ កម្លាំងសង្គ្រោះបន្ទាប់នៅទីនេះក៏ត្រូវបានវិនិយោគលើ Supercar ដំបូងគេគឺ Lykan Hypersport ដែលមានតែចំនួន ៧គ្រឿងប៉ុណ្ណោះ នៅលើពិភពលោក។

រថយន្តសង្គ្រោះដែលមានឈ្មោះ “Hypersport Responder” ត្រូវបានបង្ហាញក្នុងអំឡុងពេលព្រឹត្តិការណ៍ “Expo ២០២០” ដែលធ្វើឡើងនៅទីក្រុង។ ខណៈពេលដែលជាក់ស្តែងរថយន្តនេះមិនមានសមត្ថភាពក្នុងការដឹកអ្នកជំងឺដូចជារថយន្តសង្គ្រោះបន្ទាន់ដែលធ្លាប់បានឃើញនោះឡើយ ដោយពួកគេអះអាងថារថយន្តនេះនឹងត្រូវបានប្រើប្រាស់ក្នុងស្ថានភាពសង្គ្រោះបន្ទាន់ផ្សេងទៀត។

ចំពោះផ្នែកខាងក្រៅរបស់រថយន្តមានពណ៌ស លាយ ក្រហម និងតែមពាក្យស្លោកផ្សេងៗជាច្រើន ដោយពាក្យស្លោកដែលគួរឲ្យកត់សម្គាល់នោះគឺ “ឌូបៃ ជាទីក្រុងល្អបំផុតក្នុងការរស់នៅលើពិភពលោក” ។

បើនិយាយពីផ្នែកម៉ាស៊ីនវិញ រថយន្តដ៏ទំនើប Lykan Hypersport ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៧ លីត្រ turbo ភ្លោះ ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ៧៤០ សេះ អាចបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ២,៨ វិនាទី ជាមួយល្បឿនអតិបរមា ៣៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់អគ្គិសនីដំបូងរបស់ Ram ទំនងនឹងមានឈ្មោះថា Revolution

[ទីផ្សារបរទេស] កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត​ Ram បានបញ្ចាក់ថានឹងធ្វើការដាក់បញ្ចេញរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួននៅក្នុងឆ្នាំ២០២៤ ជាមួយរូបភាព Teaser ដោយបង្ហាញពី ចង្កៀង LED មុខអូសជាខ្សែបន្ទាត់ពីផ្នែកម្ខាងទៅម្ខាង។

ស្របពេលថ្មីៗនេះ ក្រុមហ៊ុន Fiat Chrysler Automobiles ដៃគូររបស់ក្រុមហ៊ុន Stellantis group បានធ្វើការចុះប៉ាតង់នៃឈ្មោះ Ram Revolution ជាមួយការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) កាលពីថ្ងៃទី ២៧ ខែមករា ដែលបានរកឃើញដំបូងដោយគេហទំព័រ Carbuzz ដែលផ្តោតទៅលើយានយន្ត ឈ្មោះ និងរថយន្តភីកអាប់។

ខណៈពេលនេះ គេគិតថារថយន្តអគ្គិសនីភីកអាប់នេះអាចនឹងមានឈ្មោះថា Revolution ប៉ុន្តែដោយការចុះប៉ាតង់មិនបានបញ្ជាក់ថាតើឈ្មោះ ‘Revolution’ ពិតជានឹងត្រូវបានប្រើសម្រាប់រថយន្តអគ្គិសនីភីកអាប់ថ្មីនៅឡើយទេ។

សម្រាប់រថយន្តអគ្គិសនីភីករបស់ក្រុមហ៊ុន Ram នឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង STLA Frame platform។ នឹងត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់ជូនជាមួយនឹងកញ្ចប់អាគុយចាប់ពី ១៥៩​ គីឡូវ៉ាត់ម៉ោង ដល់ ២០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចំម្ងាយ ៨០៤ គីឡូម៉ែត្រ។

ទន្ទឹមនឹងនេះ រថយន្តភីកអាប់អគ្គិសនីដំបូងរបស់ Ram នឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយរថយន្ត Ford F-150 Lightning, Chevrolet Silverado EV និង Rivian R1T ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជោគជ័យខ្លាំង Raize! ឥឡូវប្រទេសអាស៊ានមួយនេះ ចេញលក់ផ្លូវការដែរ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញលក់នូវរថយន្តម៉ូឌែល Raize ស៊េរីឆ្នាំ២០២២ ប្រភេទ SUV ខ្នាតតូច តម្លៃចាប់ពី ១៤,៥៥៦ ដុល្លារ ដល់ ២០,១៣៧ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសហ្វីលីពីន។

សម្រាប់រថយន្ត Toyota Raize ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ ៤ ០៣០ម.​ម ទទឹងរថយន្ត ១ ៧១០ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល ១ ៦៣៥ម.ម គម្លាតកង់មុខក្រោយ ២ ៥២៥ម.ម និងកំពស់ពីដីដល់បាតរថយន្ត ២០០ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។

ចំពោះផ្នែកខាងក្នុងនៃរថយន្ត Toyota Raize បានបំពាក់នូវកុងទ័រឌីជីថល TFT ទំហំ ៧ អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្ត ទំហំ ៨ អ៊ីញ ឬ ៩ អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto, ឧបករណ៍បំពងសំលេង ៦ គ្រាប់ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិជាដើម។

រថយន្ត Toyota Raize ផ្តល់នូវជម្រើសម៉ាស៊ីន ២ ប្រភេទ រួមមាន៖ ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៣ ស៊ីទ្បាំង ផលិតកម្លាំង ៨៨ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៥ វគ្គ ឬ អូតូ CTV ។ ខណៈដែលម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីទ្បាំង ផលិតកម្លាំង ៩៨ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes និង Geely អាចនឹងលក់ភាគហ៊ុន ១ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន Smart

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz និង Zhejiang Geely Holding Group Co. ប្រហែលជាអាចលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Smart របស់ពួកគេ ដើម្បីរៃអង្គាសប្រាក់។

យោងតាមប្រភពព័ត៌មានបានអះអាងថា ក្រុមហ៊ុន Smart អាចរកចំណូលបានចន្លោះពី ៥០០ លានដុល្លារ ទៅ ១ពាន់លានដុល្លារ ដោយការលក់ភាគហ៊ុនមួយភាគតូចនៅក្នុងក្រុមហ៊ុន។ យីហោនេះត្រូវបានគេនិយាយថា មានតម្លៃប្រហែល ៥ ពាន់លានដុល្លារ ហើយវាត្រូវបានគេគិតថា កិច្ចព្រមព្រៀងរៃអង្គាសប្រាក់ឯកជនអាចទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត និងមូលនិធិវិនិយោគយុទ្ធសាស្ត្រ។

គួរឲ្យដឹងថា ក្រុមហ៊ុន Smart បានផ្លាស់ប្តូរពីម៉ាកយីហោដែលផលិតតែរថយន្តក្នុងទីក្រុងតូចៗ ទៅជាផលិតរថយន្តអគ្គិសនីសុទ្ធវិញ។

បើតាមសារព័ត៌មាន Bloomberg បានកត់សម្គាល់ថា វានឹងចេញលក់រថយន្ត SUV អគ្គិសនីថ្មីក្នុងពេលឆាប់ៗនេះ ហើយក្រុមហ៊ុន Mercedes-Benz ជឿជាក់ថា យុវវ័យរបស់ប្រទេសចិន អាចជួយឲ្យម៉ាកយីហោ Smart រីកចម្រើន។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន Mercedes-Benz និងក្រុមហ៊ុន Geely គឺក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz នឹងរចនាផលិតផលនាពេលអនាគតពីម៉ាក Smart ខណៈដែល Geely នឹងរ៉ាប់រងលើផ្នែកវិស្វកម្ម៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Bronco គ្រឿងដំបូងៗ ដាក់លក់នៅចក្រភពអង់គ្លេស ថ្លៃៗអស់ទាស់!

[ទីផ្សារបរទេស] Ford Bronco ទំនងកំពុងតែក្លាយជារថយន្ត SUV ដែលគេចង់បានបំផុតមួយ នាពេលបច្ចុប្បន្ននេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននាំចូលរថយន្តប្រណីត Clive Sutton នៅចក្រភពអង់គ្លេស ដែលត្រូវបានគេស្គាល់ច្បាស់ក្នុងការនាំចូលរថយន្តពីអាមេរិក បានប្រកាសថា ពួកគេនឹងលក់ដាក់លក់រថយន្ត Bronco ដែរ។

បើយោងតាមក្រុមហ៊ុនខាងលើ ពួកគេគ្រោងនឹងដាក់លក់រថយន្ត Ford Bronco ដែលនាំចូលពីអាមេរិក ក្នុងតម្លៃពី ៤៥ ០០០ផោន (៦១ ២៤០ដុល្លារ) ទៅ ៨៥ ០០០ផោន (១១៥ ៦៨០ដុល្លារ) អាស្រ័យលើជម្រើស Option។

តម្លៃខាងលើនេះគឺជាថ្លៃហួសពីការស្មាន បើប្រៀបធៀបជាមួយនឹងតម្លៃរថយន្ត Ford Bronco នៅសហរដ្ឋអាមេរិក ដែលមានតម្លៃចាប់ពី ខ្ទង់ ២ម៉ឺនដុល្លារក្រាស់ នៅលើទឹកដីកំណើតរបស់វា។

យ៉ាងណាក៏ដោយ រថយន្ត Ford Bronco ពីក្រុមហ៊ុន Clive Sutton នោះ គឺជាគ្រឿងដំបូងៗនៅចក្រភពអង់គ្លេស ដូច្នេះវាក៏ជាមូលហេតុមួយធ្វើឲ្យតម្លៃរបស់វាថ្លៃបែបនេះដែរ។ មិនតែប៉ុណ្ណោះ ចំពោះអតិថិជននៅចក្រភពអង់គ្លេសដែលចង់បានរថយន្ត Ford Bronco នៅពេលនេះ ទាល់តែហ៊ានចំណាយច្រើនបន្តិច ទើបអាចសម្រេចក្តីស្រមៃរបស់ខ្លួនបាន៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិនមួយ កំពុងសម្ងំផលិតឡានអគ្គិសនី ប្រជែង GMC Hummer EV

[ទីផ្សារបរទេស] កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តចិន Dongfeng បានប្រកាសចេញរថយន្តភីកអាប់ Dongfeng Warrior M50 នៅក្នុងប្រទេសចិន ហើយស្រដៀងទៅនឹងរថយន្ត Hummer ចម្លង ដែលបានប្រើនៅក្នុងយោធាចិនអស់រយៈពេលជាច្រើនឆ្នាំ។

រថយន្តភីកអាប់ Dongfeng Warrior M50

ឥឡូវនេះ របាយការណ៍ថ្មីចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិន បានឲ្យដឹងថា ក្រុមហ៊ុន Dongfeng កំពុងសម្ងំផលិតរថយន្តអគ្គិសនីនៃម៉ូដែល Warrior ដោយផលិតកម្មនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះតែម្តង។

រថយន្ត GMC Hummer EV

ប្រភពដដែលខាងលើឲ្យបង្ហាញឲ្យដឹងទៀតថា រថយន្ត Dongfeng Warrior M50 ប្រភេទប្រើអគ្គិសនី នឹងមានប្រវែងខ្លយន ៥,២ម៉ែត្រ, កៅអីអង្គុយ៦ និងមានទម្ងន់ ៣,‌១តោន ហើយវានឹងក្លាយជាគូប្រជែងរបស់ GMC Hummer EV តែម្តង។

ជាមួយគ្នានេះដែរ Dongfeng ត្រូវបានគេរាយការណ៍ថា នឹងបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១៤០គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យរថយន្តអគ្គិសនីរបស់ខ្លួន រត់បានចម្ងាយ ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ ភីកអាប់អគ្គិសនីនោះនឹងអាចផលិតកម្លាំងបានសរុបដល់ ១ ០៧៣សេះ ហើយដាក់លក់ក្នុងតម្លៃចន្លោះពី ៩៤០០០ ទៅ ១១០ ០០០ដុល្លារ នៅក្នុងប្រទេសចិន៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV អគ្គិសនី Mercedes-Benz EQE និង EQS គ្រោងចេញនៅឆ្នាំនេះហើយ!

[ទីផ្សារបរទេស] ត្រកូលរថយន្តអគ្គិសនីរបស់ Mercedes-Benz កំពុងតែកកើតឡើងកាន់តែច្រើន ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មនេះ នឹងបន្ថែម SUV អគ្គិសនី ២ ម៉ូដែលទៀតគឺ EQE និង EQS ដែលពាក្យចចាមអារ៉ាមអះអាងថា ពួកវានឹងបង្ហាញខ្លួននៅចុងឆ្នាំ២០២២ នេះតែម្តង។

បើយោងតាមគេហទំព័រ Autocar បានឲ្យដឹងថា Mercedes EQS SUV នឹងបង្ហាញខ្លួនមុន បន្ទាប់ពីចេញជាគំរូរថយន្ត នៅកម្មវិធី Beijing Auto Show ដែលនឹងធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ២០២២ ខាងមុខ។ Mercedes EQS SUV ត្រូវគេរំពឹងថា នឹងមានភាពស្រដៀងទៅនឹងគំរូរថយន្តMercedes-Maybach EQS ដែលបានបង្ហាញខ្លួននៅកម្មវិធី Munich Auto Show កាលពីខែកញ្ញា ឆ្នា២០២១ កន្លងទៅ។

បន្ទាប់មកទៀត Mercedes EQE SUV ដែលមានទំហំខ្លួនតូចជាង នឹងបង្ហាញខ្លួនជាគំរូរថយន្ត នៅក្នុងកម្មវិធី Guangzhou Motor Show ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

បើនិយាយពីការឌីហ្សាញ EQS SUV និង EQE SUV នឹងមានភាពស្រដៀងគ្នា ដោយខុសតែទំហំខ្លួនប៉ុណ្ណោះ។

ក្នុងនោះដែរ EQS 580 SUV នឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៥១៦សេះ និងកម្លាំងរមួល ៨៥៤ញ៉ូតុនម៉ែត្រ គួបផ្សំជាមួយកញ្ចប់អាគុយទំហំ ១០៨គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ។

ចំណែកឯ EQE វិញ ទំនងជាប្រើកញ្ចប់អាគុយតូចជាង គឺទំហំ ៩០,៦គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ឬ ពីរ ដោយ EQE 350 SUV មានកម្លាំង ២៨៨សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+