ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes EQB លក់តម្លៃចាប់ពីជាង ៦ម៉ឺនដុល្លារឡើងទៅនៅអាល្លឺម៉ង់

Mercedes-Benz បានចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ទិញសម្រាប់រថយន្ត EQB ដែលជារថយន្តអគ្គិសនីសុទ្ធក្នុងប្រទេសអាល្លឺម៉ង់ជាផ្លូវការ ដោយទន្ទឹមនឹងនោះក៏បានបញ្ជាក់ថារថយន្តនេះមានតម្លៃចាប់ពីប្រមាណ ៦២ ០០០ដុល្លារ ផងដែរ ដែលជាតម្លៃសម្រាប់ប្រភេទ 300 4Matic។

តម្លៃនេះគឺថ្លៃជាងគូប្រជែងមួយចំនួននៅអាល្លឺម៉ង់ ដូចជារថយន្ត Audi Q4 e-tron ដែលមានតម្លៃចាប់ពីប្រមាណ ៤៧ ៥០០ដុល្លារ រួមទាំងរថយន្ត Volvo XC40 Recharge ដែលមានតម្លៃចាប់ពីប្រមាណ ៥១ ៧០០ដុល្លារ។ យ៉ាងណាក្ដី EQB មានតម្លៃធូរថ្លៃជាងបើប្រៀបនឹង Tesla Model Y Long Range ដែលលក់តម្លៃចាប់ពីជាង ៦៤ ៥០០ដុល្លារ។

EQB 300 4Matic មានភ្ជាប់ជាមួយ​ម៉ូទ័រអគ្គិសនីមួយគូដែលអាចផលិតកម្លាំងបានសរុប ២២៥សេះ ហើយដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ។ រថយន្តនេះអាចស្ទុះដល់ ១០០គ.ម/ម៉ ដោយប្រើពេល ៨វិនាទី ជាមួយល្បឿនអតិបរមា ១៦០គ.ម/ម៉ និងមានអាគុយទំហំ ៦៦,៥kWh៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមតែ ៦៥ថ្ងៃក្រោយការដាក់លក់ Toyota Raize ២០២២ រកឃើញម្ចាស់ទី១០០០ របស់ខ្លួន

ទីបំផុត TOYOTA RAIZE 2022 បានរកឃើញម្ចាស់រថយន្តទី១០០០ របស់ខ្លួនហើយ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ។ ត្រឹមតែរយៈពេល ៦៥ ថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីការចេញលក់ជាផ្លូវការតាំងពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១មក ឃើញថាសន្ទុះនៃការចាប់អារម្មណ៍ មានការកើនឡើងជាលំដាប់ ។ ជាក់ស្ដែងអំឡុងពេលដែលរថយន្តនេះបានប្រកាសជាផ្លូវការ Top Trend នៅលើបណ្ដាញសង្គមឃើញមានការស៊ែរ និងនិយាយពីរថយន្តមួយនេះយ៉ាងច្រើនគួរអោយកត់សម្គាល់។ 

បើនិយាយពីចំនុចសំខាន់ៗនៃរថយន្តមួយនេះ ឃើញថាមានចំនុចល្អៗជាច្រើនបានទាក់ទាញចំណាប់អារម្មណ៍សម្រាប់អ្នកកំពុងស្វែងរករថយន្តថ្មីជាខ្លាំងតាមរយៈ ៖ 

១. តម្លៃ និងការរចនា 

TOYOTA RAIZE ឆ្នាំ២០២២ ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា ២ប្រភេទមានដូចជា Monotone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ) ។ រីឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ ២៦ ៥០០ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ ២៦ ៩០០ដុល្លារតែប៉ុណ្ណោះ។

២. ផ្នែកខាងក្នុងដ៏ទំនើប

  • និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ ៤ ០៣០ម.​ម ទទឹងរថយន្ត ១ ៧១០ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល ១ ៦៣៥ម.ម គម្លាតកង់មុខក្រោយ ២ ៥២៥ម.ម និងកំពស់ពីដីដល់បាតរថយន្ត ២០០ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។
  • ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅជាពណ៌ដែលពេញនិយមទូទៅមាននៅក្នុងរថយន្តប្រណិត លក្ខណៈបែបស្ព័រប៉ុណ្ណោះ។ លើសពីនេះកៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភ័ណ្ឌភាពហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២
  • រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ7
    អ៊ីញ 
  • ប្រព័ន្ធកម្សាន្ត Touch Screen  មានទំហំ ៨អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល។

៣. ផ្នែកម៉ាស៊ីន

  • ទំហំស៊ីឡាំងម៉ាស៊ីន ១.0លីត្រ បំពាក់Turbocharger បង្កើតកម្លាំងបាន ៩៦សេះ និងកម្លាំងអូសរហូតដល់ ១៤០ ញ៉ូវតុនម៉ែត្រ។
  • ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT ៧ វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង​ជួយសន្សំសំចៃខ្ពស់។

៤. ប្រព័ន្ធសុវត្ថិភាព

  • ប្រព័ន្ធកាំម៉េរាជំនួយពេលថយក្រោយ ផ្តល់នូវរូបភាពច្បាស់ និងសុវត្ថិភាព
  • ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist
  • ប្រព័ន្ធជំនួយពេលចេញពីចំណត RCTA មុខងារនេះនឹងផ្តល់សញ្ញាអោយយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង BSM
  • ប្រព័ន្ធជំនួយការចូលចត Parking Assist
  • ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត HAC មុខងារនេះនឹងមិនអោយរថយន្តរអិលថយក្រោយក្នុងលក្ខណទីចំណោតខ្ពស់ ឬស្ពានជាដើម ដោយរក្សានាទីសុវត្ថិភាពបន្ទាប់ពីដក់ជើងចេញពីហ្វ្រាំង ទៅហ្គែរ
  • ប្រព័ន្ធផ្តល់សញ្ញាអាសន្នពេលជាន់ហ្រ្វាំងបន្ទាន់ EBS
  • ប្រព័ន្ធហ្វ្រាំង ABS ផ្តល់សុវត្ថិភាពខ្ពស់ក្នុងលក្ខណត្រូវការគេចចេញពីឧបសគ្គ ឬបញ្ឈប់រថយន្តបន្ទាន់
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់ EBD 
  • ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង VSC
  • ប្រព័ន្ធចាក់សោរទ្វារថយន្តស្វ័យប្រវត្តិ Speed Auto Door Lockនិងពោងសុវត្ថិភាពចំនួន ៨ចំណុច ការពារលោកអ្នកពីគ្រោះថ្នាក់ជាយថាហេតុ។

ប្រសិនជាលោកអ្នកចាប់អារម្មណ៍រថយន្ត TOYOTA RAIZE 2022 លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ​ បានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503 ។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio សហការជាមួយ Shell ធ្វើការលើស្ថានីយ៍ផ្លាស់ប្តូរថ្ម និងការបញ្ជូលថ្ម នៅក្នុងប្រទេសចិន និងអ៊ឺរ៉ុប

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio និងក្រុមហ៊ុនប្រេងយក្ស Shell បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីធ្វើការរួមគ្នាលើដំណោះស្រាយសាកថ្ម និងបច្ចេកវិទ្យាផ្លាស់ប្តូរថ្ម។

Nio និង Shell មានគម្រោងនឹងបង្កើតនូវស្ថានីយ៍ប្តូរថ្មចំនួន ១០០ស្ថានីយ៍នៅត្រឹមឆ្នាំ ២០២៥ ជាមួយនឹងការសាងសង់នូវស្ថានីយ៍ Pilot Station នៅអ៊ឺរ៉ុប នៅឆ្នាំ២០២២។

លើសពីនេះ ស្ថានីយ៍ប្តូរថ្មរួមនឹងបង្កើតនៅមជ្ឈមណ្ឌលសាកថ្ម Shell EV ខណៈដែលឆ្នាំងសាកលឿន Shell Recharge នឹងត្រូវដំឡើងនៅទីតាំងរបស់ Nio ផ្សេងៗ។ កិច្ចសហប្រតិបត្តិការនេះនឹងពង្រីកហួសពីប្រទេសចិន និងទៅកាន់ទ្វីបអឺរ៉ុប ដែលក្រុមហ៊ុនទាំងពីរនឹងសហការគ្នាលើការរួមបញ្ចូលសេវាកម្ម Shell Recharge Mobility Service Provider ដោយផ្តល់ជូនអតិថិជននូវលទ្ធភាពប្រើប្រាស់បណ្តាញសាកថ្ម EV roaming ដ៏ធំបំផុតមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Versa ២០២២ លក់នៅសហរដ្ឋអាមេរិក តម្លៃខ្ទង់ ១ ម៉ឺនដុល្លារ

ក្រុម Nissan បានបង្ហាញនូវរថយន្តប្រភេទ Sedan ឈ្មោះ Versa ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋមេរិក ជាមួយជម្រើស ៣ម៉ូឌែល R, SR និង SV ដែលមានតម្លៃដាក់លក់ចាប់ពី ១៥ ០៨០ ដុល្លារ រហូតដល់ ១៨ ៤៩០ដុល្លារ។

សម្រាប់រថយន្ត Nissan Versa ស៊េរីឆ្នាំ២០២២ បានបំពាក់នូវកង់ទ័រឌីជីថលទំហំ ៧ អ៊ីញ, អេក្រង់កម្សាន្តភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និង SiriusXM support ផងដែរ។

បន្ថែមពីនេះវាក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដែលរួមមាន ពោងសុវត្ថិភាពចំនួន ១០, ហ្រ្វាំងសង្គ្រោះបន្ទាប់, ប្រព័ន្ធភ្លើងហ្វា-កូដ បិទបើក, ប្រព័ន្ធរំលឹកអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ និងបន្ថយល្បឿនស្វ័យប្រវត្ត ជាមួយនឹងហ្រ្វាំងក្រោយដោយស្វ័យប្រព័ន្ធ។

សម្រាប់រថយន្ត Nissan Versa ស៊េរីឆ្នាំ២០២២ ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៦លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១២២សេះ និងកម្លាំងរមួល ១៥៥ ញ៉ូតុនម៉ែត្រ ដោយរត់ដោយកង់ខាងមុខ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលវីដេអូ ការដាក់ចុះនៃរថយន្ត Bugatti ថ្លៃជាងគេបំផុត( មានវីដេអូ)

រថយន្ត Bugatti La Voiture Noire ត្រូវបានគេប្រទះឃើញនៅទីក្រុងឡុងដ៏ ដោយវីដេអូនេះត្រូវបានថតដោយគណនី Youtube ឈ្មោះ the TFJJ កំឡុងពេលរថយន្តដ៏ទំនើបរបស់បារាំងនេះដាក់ចុះពីឡានដឹកជញ្ចូននៅមុខសណ្ឋាគារ The Londoner ក្នុងចក្រភពអង់គ្លេស។

ប្រសិនបើអ្នកគិតថាម្ចាស់រថយន្តនេះកំពុងតែនៅក្នុងលំដាប់សណ្ឋាគាដ៏ទំនើបលើលោកដើម្បីរងចាំរថយន្តដ៏មានតម្លៃនេះគឺអ្មកគិតខុសហើយ ការពិតទៅជាការតាំងបង្ហាញរថយន្តដូចដែលធ្លាប់បានឃើញនៅក្នុងទីក្រុង Geneva ក្នុងឆ្នាំ ២០១៩​​ មកម្លេះ និងបង្ហាញខ្លួនជាលើកដំបូងនៅ Concorso dÉleganza Villa dÉste ប៉ុន្មានខែបន្ទាប់។

រថនយន្ត Bugatti La Voiture Noire បានបង្ហាញនេះមិនមានម៉ាស៊ីន quad-turbo W16 ចំណុះ ៨,0 លីត្រដែលមានកម្លាំង ១,៥០០ សេះ និងកម្លាំងរមួល ១,៦០០ ញ៉ូតុនម៉ែត្រ នោះទេ ប៉ុន្តែរថយន្តនេះមើលទៅពិតជាមានភាពទាក់ទាញខ្លាំងណាស់។

ជាក់ស្តែង​ រថយន្ត Bugatti La Voiture Noture នេះត្រូវបានតាំងបង្ហាញនៅទីក្រុងឡុងដ៏រហូតដល់ខែឆ្នូ ដើម្បីផ្សព្វផ្សាយពី “La Bouteille Noire” ដោយ Champagne Carbon ជាដបដែលធ្វើពីកាបូនដែលមានចំណុះ ១៥ លីត្រដែលផលិតចេញពីជាតិសរសៃកាបូនទាំងស្រុងសម្រាប់រថយន្តមានតម្លៃថ្លៃជាងគេ (មុនពេល Rolls-Royce Boat Tail បង្ហាញខ្លួន)​ យោងទៅតាមក្រុមហ៊ុន Bugatti ដំណើរការធ្វើនេះមាន ៣៧ ជំហានផ្សេងគ្នា និង​​ធ្វើដោយដៃរយៈពេល ១៥០ ម៉ោង។

Bugatti បានបង្ហាញម៉ូដែលចុងក្រោយនៃ La Voiture Noire ក្នុងខែមិថុនាកន្លងទៅ និងមានតំលៃ ១៣,៤ លានដុល្លារ ហើយបច្ចុប្បន្ននេះបានប្រគល់ឲ្យម្ចាស់រថយន្តហើយ បើតាមក្រុមហ៊ុននៅមិនទាន់បានប្រាប់ពីឈ្មោះ ម្ចាស់រថយន្តដ៏ប្រណិតនេះទេ ព្រោះហេតុផលជាក់ស្តែងជាការស្នើសុំពីម្ចាស់រថយន្តផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

DFSK Glory 560 ស៊េរីឆ្នាំ២០២២ ដាក់លក់នៅប្រទេសថៃ តម្លៃខ្ទង់ ២ ម៉ឺនដុល្លារ

ថ្មីៗនេះក្រុមហ៊ុន DFSK បានបង្ហាញនូវរថយន្តប្រភេទ SUV Glory 560 ស៊េរីឆ្នាំ ២០២២ ដោយដាក់លក់ជាផ្លូវការក្នុងតម្លៃ​២២ ២៣៩ ដុល្លារ (៧៤៩,០០០ បាត) សម្រាប់ទីផ្សារនៅប្រទេសថៃ ដែលមានចំនួនកំណត់ត្រឹម ១០០ គ្រឿងប៉ុណ្ណោះ។

ចំពោះការឌីហ្សាញខាងក្រៅវិញ រថយន្ត DFSK Glory 560 បានបំពាក់ដោយចង្កៀងមុខ អំពូលបំភ្លឺពេលថ្ងៃ ចង្កៀងអ័ព្ទខាងមុខ និងក្រោយប្រភេទ LED, ដំបូលបើកខាងលើ Panoramic Sunroof និងយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ។

បន្ថែមពីនេះរថយន្តក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដោយ EPS Stability Control, TCS Traction Control Styem, EBA Brake Assis, ABS/EBD Braking Styem, Park Sensor, Dual Front Airbags និងប្រព័ន្ធព្រមានខ្សែក្រវ៉ាត់កៅអីខាងមុខផងដែរ។

យ៉ាងណាមិញរថយន្ត DFSK Glory 560 ប្រើប្រាស់ម៉ាស៊ីន​សាំង ១.៥លីត្រ Turbo ផលិតកម្លាំង ១៥០ សេះ និងកម្លាំងរមួល ២២០​​ ញ៉ូតុនម៉ែត្រ រត់ដោយកង់ខាងមុខ ជាមួយប្រអប់លេខអូតូ CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកពន្យារពេលទិញឡាន Tesla លើសពី ៦ខែ អាចត្រូវបានក្រុមហ៊ុន Tesla លុបការកក់ចោល

ក្រុមហ៊ុន Tesla បានផ្ញើសារមួយដែរមិនអាចប្រកែកបានទៅដល់អថិតិជនដែលបានពន្យារពេលការដឹកជញ្ជូនរថយន្តដែលពួកគេបានកក់ទិញអស់រយៈពេលយូរ។

គេហទំព័រ Electrek បានផ្តល់ច្បាប់ចម្លងនៃលិខិតណែនាំប្រាប់ដល់អតិថិជននូវដំណឺងដើម្បីផ្តល់ឳកាសចុងក្រោយដើម្បីទួទលរថយន្តរបស់ពួកគេដែលបានបញ្ជាទិញ។

ក្រុមហ៊ុន Tesla​ មានការអត់ធ្មន់ជាខ្លាំងចំពោះអតិថិជនមួយចំនួនហើយប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុននឹងធ្វើការសម្រេចចិត្តនឹងអនុវត្តចំពោះអតិថិជនណាដែលបានពន្យារពេលការបញ្ជាទិញលើសពី ៦ខែ ក្នុងនោះ បានប្រាប់ក្នុងលិខិតណែនាំដែលបានផ្ញើចេញទៅអតិថិជនរាប់ពាន់នាក់ថា“ដើម្បីធ្វើការបញ្ចប់នៃការពន្យាពេលរដឹកជញ្ជូនរបស់អ្នក សូមចូលទៅកាន់គណនី Tesla ហើយជ្រើសរើស ខ្ញុំរួចរាល់ (I’m Ready) ដើម្បីបញ្ចប់ការពន្យាពេលនៃការដឹកជញ្ជូនចាប់ពីត្រឹមថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២”​ ។

លើសពីនេះ Tesla ក៏បានសរសេរបន្ថែមក្នុងលិខិតរនោះថា ប្រសិនបើការបញ្ជាទិញរបស់អ្នកនៅតែពពន្យាពេលចាប់ពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០២២ ឬ ប្រសិនបើការបញ្ជាទិញរបស់អ្នកត្រូវបានផ្អាកម្តងទៀត នោះការបញ្ជាទិញរបស់អ្នកនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិជាមួយប្រាក់ដែលបានកក់នឹងត្រូវសងមកវិញទាំងស្រុង។

ការលុបចោលការបញ្ជាទិញអាចមានផលប៉ះពាល់ផ្នែកហិរញ្ញវត្តុសម្រាប់អតិថិជនដែលនៅតែចង់បានរថយន្ត Tesla ផងដែរ ដោយសារតែតម្លៃរថយន្តបានកើនឡើងជាលំដាប់ទៅតាមពេលវេលា ជាពិសេសឆ្នាំមុនតម្លៃ​របស់ Tesla model S long Range ឡើងថ្លៃដល់ ១០,០០០ នៅចន្លោះ​ខែ កក្កដា និងខែ សីហា ឆ្នាំ​២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Ford ប្រកាសចេញរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ ២០២៣ ជំនាន់ថ្មី

[ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ថ្ងៃទី ២៤ ខែវិចិ្ឆកា ឆ្នាំ២០២១] ក្រុមហ៊ុន Ford បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្ពោធរថយន្ត Pickup ជំនាន់ថ្មីរបស់ខ្លួននោះគឺរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ ២០២៣ ជំនាន់ថ្មី (The Next-Gen Ford Ranger) ដែលត្រូវបានរចនារូបរាងថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ហើយរថយន្តនេះនឹងក្លាយជារថយន្តដែលមានភាពឆ្លាតវៃ មានភាពបត់បែន និងសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនៃរថយន្ត Pickup។

ដោយប្រើជំនាញ និងបទពិសោធន៍នៃការផលិតរថយន្ត Ford អស់រយៈពេលជាច្រើនឆ្នាំ និងការស្វែងយល់អំពីតម្រូវការរបស់អតិថិជនរថយន្ត Pickup ក្រុមហ៊ុន Ford បានធ្វើការសម្ភាសន៍អតិថិជនជាង ៥ ០០០ នាក់ និងរៀបចំសិក្ខាសាលាជាច្រើនដង ទម្រាំតែអាចផលិតរថយន្ត Ford Ranger ជំនាន់ថ្មីដែលអាចប្រើប្រាស់បានទាំងលក្ខណៈអាជីវកម្ម គ្រួសារ ការផ្សងព្រេង និងគ្រប់ដំណើរកម្សាន្តផ្សេងៗ។

លោក Jim Farley អគ្គនាយក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford Motor Company បានលើកឡើងថា៖ “រថយន្តត្រកូល Ford Ranger បានមានវត្តមានក្នុងទីផ្សារអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រថយន្ត Pickup មួយនេះតែងតែជាដៃគូដែលគួរឲ្យទុកចិត្តសម្រាប់ម្ចាស់អាជីវកម្ម កសិករ គ្រួសារ អ្នកផ្សងព្រេង អ្នកដឹកជញ្ជូន និងអតិថិជននានា នៅជាង ១៨០ ប្រទេសជុំវិញពិភពលោក។ សម្រាប់រថយន្ត Ford Ranger ជំនាន់ថ្មីនេះគឺមិនត្រឹមតែជាផលិតផលដែលអតិថិជនស្រឡាញ់ពេញចិត្ត និងទិញយកមកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននោះទេ ប៉ុន្តែវានឹងក្លាយជាបទពិសោធន៍ថ្មីស្រឡាងមួយដែលអាចជួយបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុន Ford និងអតិថិជនឲ្យកាន់តែរឹងមាំ និងយូរអង្វែង។

ក្រុមហ៊ុន Ford បានបង្កើតពាក្យស្លោកសម្រាប់ម៉ូឌែល Ford Ranger ថា៖ “Living The Ranger Life ដែលវាមានន័យថារស់នៅជីវិតជាមួយរថយន្ត Ranger” ដែលនេះវាក៏ជាការរួមចំណែកក្នុងការចូលរួមបង្កើតរថយន្ត Ford Ranger ជំនាន់ថ្មីនេះផងដែរ។

ជាក់ស្តែងរថយន្ត Ford Ranger ជំនាន់ថ្មីមានភាពលេចធ្លោ និងពោរពេញដោយអំណាច ដោយផ្នែកទទឹងនៃរថយន្តមានទំហំធំជាងមុនរហូតដល់ទៅ ៥០mm ដោយនេះមិនត្រឹមតែជាការឌីហ្សាញតែប៉ុណ្ណោះទេ តែថែមទាំងជាការជួយសម្រួលដល់ប្រព័ន្ធជើងក្រោមថ្មីឲ្យដំណើរការកាន់តែប្រសើរជាងមុន។ ជាមួយនឹងការរចនាប៉ាណាថ្មីស្រឡាង បូករួមនឹងចង្កៀងមុខប្រភេទ C-Clamp ដែលត្រូវបានរចនាជារាងអក្សរ C ប្លែកខុសពីរថយន្តដ៏ទៃ ជាប្រភេទ Matrix LED ជំនាន់ចុងក្រោយ និងអាចបញ្ចេញភ្លើងមួយជុំវិញរថយន្តតែម្តង (Zone Lighting) ដែលវាជាអត្តសញ្ញាណថ្មីមួយសម្រាប់រថយន្ត Ford Ranger ជំនាន់ថ្មីនេះ។ ផ្នែកខាងក្រោយក៏ត្រូវបានរចនាថ្មីទាំងស្រុង មានភាពធំទូលាយជាងមុនដោយការរចនាបានយកគំរូតាម Ford F-150 ជាពិសេសនោះគឺបានបំពាក់មកជាមួយនឹងអក្សរផុសធំ RANGER ដែលមើលទៅកាន់តែអង់អាចក្លាហាន ដែលនេះជាអ្វីដែលអតិថិជនកំពុងតែទន្ទឹងរង់ចាំជាយូរណាស់មកហើយ។ រីឯទ្វារផ្នែកខាងក្រោយក៏អាចប្រើសម្រាប់ភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងៗ និងមានរន្ធសាកថ្មទំហំធំដែលងាយស្រួលក្នុងការប្រើប្រាស់ជាប្រភេទអាជីវកម្ម និងដំណើរកម្សាន្តបែបផ្សងព្រេង។ ចំណុចថ្មីមួយដែលរថយន្ត Ford Pickup ជំនាន់មុនៗមិនធ្លាប់បានបំពាក់នោះគឺ ឈ្នាន់ជាន់នៅចំហៀងកាងផ្នែកខាងក្រោយ (Rear Load Box Access Step) ដែលអនុញ្ញាតឲ្យឡើងចុះរថយន្តតាមផ្នែកចំហៀងដោយមិនចាំបាច់ឡើងជាន់លើសំបកកង់ដូចមុននោះទេ នេះជាចំណុចដែលអាចបញ្ជាក់ថា Ford កាន់តែគិតគូពីអ្នកប្រើប្រាស់រថយន្ត ហើយចំណុចនេះគេសង្កេតឃើញថាមិនទាន់មានរថយន្ត Pickup ណាមួយមានបំពាក់ឈ្នាន់បែបនេះនៅឡើយទេ ដោយនេះស្តែងឲ្យឃើញក្រុមហ៊ុន Ford កាន់តែយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់។

ផ្នែកខាងក្នុងត្រូវបានរចនារូបរាងថ្មីទាំងស្រុង ដែលមានលក្ខណៈធំទូលាយ ស្រឡះ ទំនើប និងប្រណិតជាងមុន ហើយសម្ភារៈតុបតែងលម្អផ្នែកខាងក្នុងត្រូវបានធ្វើឡើងពីស្បែកប្រណិតលំដាប់ខ្ពស់ដែលកាន់តែផ្តល់នូវផាសុកភាព ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ និងអ្នករួមដំណើរ។ អ្វីដែលកាន់តែពិសេសអស្ចារ្យបំផុតនោះគឺអេក្រង់ Touch Screen ចំកណ្តាលទំហំ ១០,១អ៊ីញ ឬ ១២អ៊ីញ ទៅតាមម៉ូឌែលនៃរថយន្ត និងបច្ចេកវិទ្យា SYNC 4 ជំនាន់ចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យភ្ជាប់អ៊ីនធឺណេតនៅពេលធ្វើដំណើរ និងការភ្ជាប់ជាមួយកម្មវិធី FordPassTM ដែលវានឹងបង្កើតបទពិសោធន៍ថ្មីមួយសម្រាប់អ្នកប្រើប្រាស់មុខងារកម្សាន្ត និងអត្ថប្រយោជន៍ប្រើប្រាស់ជាច្រើនទៀតដូចជា៖ ការបញ្ឆេះពីចម្ងាយ ការត្រួតពិនិត្យស្ថានភាពរថយន្ត មុខងារចាក់សោ និងដោះសោពីចម្ងាយតាមរយៈទូរស័ព្ទដៃរបស់លោកអ្នក។ល។ មិនតែប៉ុណ្ណោះរថយន្តនេះថែមទាំងមានមុខងារសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging) រន្ធសាកថ្ម USB មុខក្រោយ និងរន្ធសាកថ្ម USB Type C ផងដែរ។  កុងទ័រក៏បានរចនាថ្មីទាំងស្រុងដែលសម្រាប់ជំនាន់ថ្មីនេះ Ford បានប្រើប្រាស់កុងទ័រ Digital ទំហំ ៨អ៊ីញដែលអាចបង្ហាញនូវព័ត៍មាននានាអំពីរថយន្តដែលផ្តល់នូវរូបភាពរស់រវើកច្បាស់ល្អ។

បច្ចេកវិទ្យាថ្មីដែលអតិថិជនកំពុងទន្ទឹងរង់ចាំសម្រាប់រថយន្ត Ford Ranger Pickup នោះគឺ

  • ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ (360 Degree Camera View) ផ្តល់នូវរូបភាពច្បាស់ល្អ មានភាពរស់រវើកចំកណ្តាលនៃអេក្រង់ធំទំហំ ១០,១អ៊ីញ ឬ ១២អ៊ីញ លាតសន្ធឹងពីលើចុះក្រោមរាងជាទ្រវែង (Portrait)។

  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On and Off-Road Drive Modes) ដែលប្រព័ន្ធនេះដូចទៅនឹងរថយន្ត Ford Ranger Raptor និង Ford F-150 Raptor ដែលជាប្រព័ន្ធមួយជួយសម្រួលដល់អ្នកបើកបរអាចជ្រើស​ mode នៃការបើកបរទៅស្ថានភាពផ្លូវដូចជា៖ រអិល ខ្សាច់ ភួក និងការអូសសណ្តោងជាដើម
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake) ជួយសម្រួលដល់ការដាក់ហ្រ្វាំងដៃមានភាពលឿនរហ័ស និងបត់បែន

  • អ្វីដែលកាន់តែអស្ចារ្យមួយទៀតនោះគឺការរចនាចង្កឹះលេខជំនាន់ថ្មីរូបរាងស្រស់ស្អាតបែបស្ព័រ បូករួមជាមួយនឹងប្រព័ន្ធប្តូរលេខអេឡិចត្រូនិច (All New E-Shifter)  ដែលមានប្រអប់លេខ ១០វគ្គអូតូ និងអាចប្រើប្រាស់លេខដៃរហូតដល់ទៅ ៦ លេខ ដែលអាចឲ្យអ្នកបើកបរប្តូរលេខពេលកំពុងបើកបរកាន់តែផ្តល់ភាពងាយស្រួលថែមមួយកម្រិតទៀតសម្រាប់អ្នកបើកបរ។

យោងតាមការចេញប្រកាសពីក្រុមហ៊ុន Ford នៅប្រទេសអូស្រ្តាលី បានបង្ហាញឲ្យឃើញថា Ford បានបន្ថែមជម្រើសម៉ាស៊ីនជូនអតិថិជនដែលក្នុងនោះមានរហូតដល់ ៤ ជម្រើសដូចជា​៖

  • ម៉ាស៊ីនម៉ាស៊ូតទំហំ ៣.០L V6 Turbodiesel សម្រាប់អតិថិជនចង់បានជម្រើសនៃថាមពល និងកម្លាំងបង្វិលជុំបន្ថែមទៀតសម្រាប់ការអូសសណ្តោង ដឹកទំនិញធ្ងន់ៗ និងការបើកបរលើផ្លូវមានឧបសគ្គ
  • ម៉ាស៊ីនម៉ាស៊ូត Single-Turbo ដែលផ្តល់នូវថាមពលកម្លាំងបង្វិលជុំ និងសន្សំសំចៃប្រេងដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ទូទៅ និងបែបអាជីវកម្មខ្នាតតូច និងមធ្យម
  • ម៉ាស៊ីនម៉ាស៊ូត Bi-Turbo ដែលជាប្រភេទម៉ាស៊ីនដែលបានធ្វើកំណែទម្រង់ថ្មីមានលក្ខណៈទំនើបជាងមុន សម្រាប់អតិថិជនដែលចង់បានថាមពល និងកម្លាំងខ្លាំងតែក៏ត្រូវការការសន្សំសំចៃប្រេង
  • ម៉ាស៊ីនសាំងប្រភេទ ២.៣L EcoBoost ស៊ីឡាំង ៤ នេះជាលើកដំបូងដែលក្រុមហ៊ុន Ford បានបំពាក់ម៉ាស៊ីនសាំងប្រភេទ EcoBoost លើរថយន្ត Ford Ranger Pickup

ជាសរុបមកវិញ សម្រាប់ម៉ូឌែល Ford Ranger ជំនាន់ថ្មីនេះ Ford បានកែរូបរាងថ្មីទាំងស្រុងទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយដែលចំណុចនេះគឺ Ford តែងតែឈរលើដៃគូប្រកួតប្រជែងជានិច្ច។ រថយន្ត Ford Ranger ជំនាន់ថ្មីនឹងក្លាយជារថយន្តដែលឆ្លាតវៃ ធន់រឹងមាំ និងអាចជំនះបត់បែនគ្រប់កាលៈទេសៈ ហើយនឹងក្លាយជារថយន្តដែលមានវិសាលភាពឥតដែនកំណត់។

យើងសង្ឃឹមថាឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Ford នឹងធ្វើបញ្ចេញព័ត៍មាន និងលក្ខណៈផ្សេងៗអំពីរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ ២០២៣ ជំនាន់ថ្មីនេះឲ្យសាធារណៈជនជ្រាបកាន់តែច្បាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ជឿជាក់ថានឹងនៅតែអាចលក់ឡានបានច្រើននៅប្រទេសចិន

ក្រុមហ៊ុន Daimler ដែលជាក្រុមហ៊ុនមេរបស់ Mercedes-Benz បាន​បង្ហាញ​ភាពជឿជាក់ថា​ចំនួន​លក់​នៅ​ប្រទេសចិន​នឹង​នៅ​តែ​មាន​កំណើន​នៅ​ឆ្នាំ​ក្រោយនេះ ហើយក្រុមហ៊ុនក៏ជឿជាក់ថាចំនួន​លក់​រថយន្តអគ្គិសនី​របស់​នឹង​មាន​ការ​កើនឡើងដូចគ្នា។

ចំនួនលក់របស់ Mercedes-Benz នៅប្រទេសចិនបានកើនឡើង ១២% នៅពេញមួយ​ឆ្នាំ​២០២០ ដោយ​អាច​លក់ចេញបានសរុប ៧៧៤ ០០០គ្រឿង ទោះបីជាមានការផ្ទុះជំងឺឆ្លងរាតត្បាតក្ដី។ ហើយនៅឆ្នាំ២០២១នេះ ការលក់​របស់​ក្រុមហ៊ុនក៏ឃើញ​មាន​សញ្ញា​វិជ្ជមាន ៨% ផងដែរ។

បើតាមសម្ដីរបស់លោក Hubertus Troska ដែលជានាយកក្រុមហ៊ុន Daimler លោកបាននិយាយថាឆ្នាំ២០២២ នឹង​នៅ​តែ​បន្ត​មាន​ការរីកចម្រើន​ដូច​ឆ្នាំ​មុនៗដែរ​សម្រាប់ទីផ្សារនៅប្រទេសចិន។ លោកទទួលស្គាល់ថារថយន្តអគ្គិសនីរបស់ Mercedes នៅ​អាចលក់ចេញបានតិចតួចនៅប្រទេសចិន ដោយសារទីផ្សារប្រទេសចិនមានរថយន្តអគ្គិសនីដែលលក់ធូរថ្លៃ។

យ៉ាងណាក្ដី​ Daimler មានគម្រោងនឹងប្រកាសចេញរថយន្តអគ្គិសនី​ថ្មី​ឲ្យបានច្រើនម៉ូដែល​នៅ​ឆ្នាំ​បន្តបន្ទាប់ខាងមុខ ដោយក្នុងនោះ​មានទាំងរថយន្តដែលផលិតឡើងផ្ដាច់មុខសម្រាប់ទីផ្សារប្រទេសចិនផងដែរ។

ដោយឡែកទាក់ទងនឹងរថយន្តម៉ាស៊ីនពីស្តុង ក្រុមហ៊ុននៅមិនទាន់មានផែនការដកចេញនៅ​ឡើយទេ ព្រោះ​លោក Hubertus យល់ឃើញ​ថារថយន្តប្រភេទនេះ​នៅ​មាន​សារៈសំខាន់​នៅ​ឡើយ​សម្រាប់ប្រទេសចិន​ដែលមានទំហំធំ និងមានចម្ងាយផ្លូវឆ្ងាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាក់ស៊ីអត់មនុស្សបើក ដាក់ដំណើរការជាផ្លូវការនៅប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Baidu បានដាក់ដំណើរការសេវាកម្មរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិជាផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន និងបានចាប់ផ្ដើម​ប្រមូល​ប្រាក់កម្រៃពីអ្នកប្រើប្រាស់ផងដែរ ក្រោយទទួលបានការអនុញ្ញាតពីនិយ័តករ។

ក្រុមហ៊ុន Baidu បានសាកល្បងសេវាកម្មរថយន្តតាក់ស៊ីបើកបរដោយគ្មានមនុស្សនេះជុំវិញទីក្រុងប៉េកាំងអស់រយៈពេលមួយឆ្នាំ​មក​ហើយ ដោយ​មានអ្នកប្រើប្រាស់ជាង ២ម៉ឺននាក់បានចូលរួមសាកល្បង ហើយពួកគេបានជិះតាក់ស៊ីនេះយ៉ាងហោចណាស់ ១០ដងក្នុងមួយខែៗ។

បច្ចុប្បន្នក្រុមហ៊ុនបានដាក់ដំណើរការរថយន្តតាក់ស៊ីនេះចំនួន ៦៧គ្រឿងនៅក្រុងប៉េកាំង ប៉ុន្តែមិនមានការបញ្ជាក់អំពីតម្លៃនៃសេវាកម្មរថយន្តបើកបរដោយគ្មានមនុស្សនេះនៅឡើយទេ។ នាយកប្រតិបត្តិក្រុមហ៊ុនបានដាក់គោលដៅថានឹងដាក់ដំណើរការសេវាកម្មនេះនៅទីក្រុងចំនួន ៦៥ នៅត្រឹមឆ្នាំ២០២៥ និងឲ្យបាន ១០០ទីក្រុង នៅត្រឹមឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+