ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីរបស់ Mercedes-Benz ជិត ២ម៉ឺនគ្រឿង នឹងត្រូវហៅត្រឡប់ទៅវិញ

ក្រុមហ៊ុន Mercedes-Benz នឹងធ្វើការប្រមូលរថយន្ត SUV​ EQC អគ្គិសនីរបស់ខ្លួននៅជុំវិញពិភពលោកចំនួន ១៩ ២៥៣គ្រឿងត្រលប់មកវិញ ព្រោះអាចមានបញ្ហាទឹកចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងចង្កូតអេឡិចត្រូនិចរបស់រថយន្ត(Power Steering Control Unit)។

ចំពោះបញ្ហានេះ Mercedes-Benz ពុំទាន់ដឹងឡើយថារថយន្តទាំងនេះត្រូវបានគ្រប់គ្រងដោយម្ចាស់រថយន្តណាខ្លះឡើយ ប៉ុន្តែដឹងថារថយន្តស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់មានចំនួន ៣ ០៧៣គ្រឿង។ ដោយរថយន្តទាំងនេះនឹងត្រូវហៅត្រឡប់មកវិញដើម្បីធ្វើការត្រួតពិនិត្យ និងជួសជុលថ្មី។

ជាមួយគ្នានេះដែរ នេះមិនមែនជាលើកដំបូងក្នុងការហៅរថយន្ត EQC ត្រឡប់មកវិញនោះឡើយ ដោយនៅខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅត្រូវបានហៅត្រឡប់មកវិញព្រោះបញ្ហាទាក់ទងនឹងខ្សែភ្លើងផងដែរ។

រថយន្ត Mercedes-Benz EQC ដំណើរការដោយអាគុយទំហំ ៨០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបាន ៤០២សេះ និងកម្លាំងរមួល ៧៦០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់តែឡានមួយម៉ូដែលរបស់ Aston Martin ក្ដោបក្ដាប់ចំណែកលក់សរុបជាងពាក់កណ្ដាលបាត់

រថយន្ត Aston Martin DBX ដែលជារថយន្ត SUV ដំបូងរបស់ក្រុមហ៊ុន នាពេលនេះបានក្លាយជារថយន្តល្បីជាងគេរបស់ក្រុមហ៊ុន ដោយចំនួនលក់របស់វាគឺមានចំណែកជាង ៥០% នៃចំនួនលក់សរុបរបស់ Aston Martin ទាំងមូលតែម្ដង។

ចាប់តាំងពីខែមករា Aston Martin លក់ចេញរថយន្តបានសរុប ៤ ២៥០គ្រឿង ដែលក្នុងនោះមាន ២ ១៨៦គ្រឿងគឺជារថយន្តម៉ូដែល DBX។ វាជាដំណឹងដ៏អស្ចារ្យមួយ ស្របពេលដែលរថយន្ត DBX ត្រូវបានសម្រេចថានឹងបន្ថែមជម្រើសច្រើនប្រភេទទៀត ដើម្បី​ផ្ដល់ជម្រើសកាន់តែសម្បូរបែបជូនដល់អតិថិជន និងដើម្បីពង្រឹងចំនួនលក់ផងដែរ។

Aston Martin ប៉ាន់ស្មានថាខ្លួននឹងអាចលក់រថយន្តបានប្រមាណ ៦ពាន់គ្រឿងនៅមុនបំណាច់ឆ្នាំនេះ។ គួរដឹងថានៅឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងជិត៣ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលប្រាក់ចំណូល​បច្ចុប្បន្នគឺមានជិត ១ពាន់លានដុល្លារ។

ត្រឹមឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្រុមហ៊ុននេះរំពឹងថានឹងឃើញចំនួនលក់ប្រចាំឆ្នាំប្រមាណ ១ម៉ឺនគ្រឿង ដែលមានន័យថាប្រាក់ចំណូលរបស់ក្រុមហ៊ុនអាចនឹងមានប្រមាណ ២,៧ពាន់លានដុល្លារ និងប្រាក់ចំណេញប្រមាណជាង ៦៧៨លានដុល្លារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ដងនេះ Ford Maverick ត្របាក់ឡាន Hyundai Santa Cruz មួយទំហឹង

ចំនួនលក់នៃរថយន្ត Ford Maverick បានវ៉ាដាច់រថយន្ត Hyundai Santa Cruz ជាផ្លូវការហើយ ដោយកាលពីខែតុលារថយន្តរបស់ Ford អាចលក់ចេញបានច្រើនជាងរថយន្ត Hyundai មួយគុណនឹងពីរ ដែលជាចំនួនលក់លើទីផ្សារអាមេរិក។

កាលពីខែតុលា Ford Maverick ស៊េរីឆ្នាំ២០២២ អាចលក់ចេញរថយន្តបានសរុប ៤ ១៤០គ្រឿង ដែលវាជាខែដំបូងដែលរថយន្តនេះ​ដាក់​លក់​ជា​សាធារណៈ​គ្រប់ពេញមួយខែតែម្ដង។ ក្រឡេកទៅមើល Santa Cruz ដែលជាគូប្រជែង អាចលក់រថយន្តបានចំនួន ១ ៨៤៨គ្រឿង កាលពីខែតុលា ដែលជាខែលក់ដាច់ជាងគេសម្រាប់រថយន្តម៉ូដែលនេះ។

សរុបពេញមួយឆ្នាំ២០២១នេះ រថយន្ត Hyundai Santa Cruz លក់ចេញបានសរុប ៤ ៨៤១គ្រឿង ក្នុងអំឡុងពេលចេញលក់ប្រមាណជា៣ខែជាង ខណៈដែល Ford Maverick មានចំនួនលក់សរុប ៤ ៦៤៦គ្រឿង អំឡុងពេលចេញលក់បានជាងមួយខែប៉ុណ្ណោះ។

Ford បាននិយាយថាអតិថិជនដែលទិញរថយន្ត Maverick គឺមិនធ្លាប់ពិចារណាទិញរថយន្តភីកអាប់ពីមុនមកទេ ហើយភាគច្រើនពួកគេមាន​វ័យចន្លោះពី ១៨ ទៅ ៣៥ឆ្នាំ ដែលនេះបង្ហាញថារថយន្តភីកអាប់ខ្នាតតូចរបស់ Ford អាចទាក់ទាញអតិថិជនក្មេងៗបានយ៉ាងច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត BMW X8 M ឆ្នាំ២០២២ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Los Angeles នៅចុងខែនេះ

យោងតាមព័ត៌មានដែលបានចុះផ្សាយ ក្រុមហ៊ុន BMW នឹងធ្វើការបញ្ចេញនូវគំរូរថយន្ត SUV កម្លាំងខ្លាំងរបស់ខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Los Angeles ដែលធ្វើឡើងនៅថ្ងៃទី ១៦ ឬ ១៧ ខែវិច្ឆិកា ប៉ុន្តែនឹងបង្ហាញចេញព័ត៌មាននៅថ្ងៃទី ២៩ ខែវិច្ឆិកា។

SUV កម្លាំងខ្លាំង នេះនឹងដំណើរការដោយម៉ាស៊ីន ៤.៤លីត្រ twin-turbo V8 ធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីមួយ។ ដោយគេរំពឹងថារថយន្តនេះនឹងអាចផលិតកម្លាំងសរុបបាន ៧៥០សេះ។

គួរបញ្ជាក់ផងដែរថា រថយន្ត BMW X8 គឺមានការរចនាស្ព័រ និងទាបជាងម៉ូឌែល BMW X7 ដែលវាមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូឌែល X6 និងមានកៅអី ៣ជួរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V e:HEV ឆ្នាំ ២០២២ ចេញលក់នៅលើទីផ្សារប្រទេសថៃ ជាមួយតម្លៃចាប់ពី ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Honda Thailand បានធ្វើការចេញលក់នូវរថយន្ត HR-V​ e:HEV ឆ្នាំ២០២២ ជាផ្លូវការ ជាមួយជម្រើសម៉ូឌែល ៣ប្រភេទ E, EL និង RS។

រថយន្ត SUV ខ្នាតតូចនេះត្រូវបានទទួលការឌីស្សាញថ្មីប្លែកជាងមុន ជាមួយរូបរាងនៃផ្នែកខាងក្រៅ និងខាងក្នុង មើលទៅកាន់តែទាន់សម័យ និងទំនើប។ តួរយ៉ាងវាបានបំពាក់ជាមួយចង្កៀងមុខប្រភេទ Full LED, ជម្រើសថាសកង់ទំហំ ១៧-១៨អ៊ីញ, កៅអីអាចបញ្ជាបាន ៨បែប, ដំបូល Panoramic Sunroof, កុងទ័របង្ហាញទំហំ ៧អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ, កន្លែងសាកថ្មឥតខ្សែ, ឧករណ៍បំពងសម្លេងចំនួន ៤​ ឬ ៨ចំណុច, ម៉ាស៊ីនត្រជាក់ ភ្ជាប់មកជាមួយមុខងារបន្សុតខ្យល់, អំពូល LED សម្រាប់អានសៀវភៅ និងរន្ធ USB ៤ចំណុច។

រថយន្ត HR-V ២០២២ នឹងចេញលក់នៅលើទីផ្សារប្រទេសថៃ ជាមួយជម្រើសម៉ាស៊ីនតែមួយប្រភេទប៉ុណ្ណោះគឺ ម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ DOHC i-VTEC ដំណើរការជាមួយប្រព័ន្ធ Hybrid ដែលអាចផលិតកម្លាំងសរុបបាន ១៣១សេះ និងកម្លាំងរមួល ២៥១ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះប្រព័ន្ធ e:HEV នៅលើរថយន្ត HR-V ផ្តល់នូវជម្រើសការបើកបរធំៗ ៣រួមមាន EV, Hybrid Drive Mode និង Engine Drive Mode។

សម្រាប់ម៉ូឌែលប្រភេទ E មានតម្លៃចាប់ពី ២៩ ៧៩១ដុល្លារ, EL មានតម្លៃចាប់ពី ៣៣ ១០២ដុល្លារ និង RS មានតម្លៃចាប់ពី ៣៦ ១១១ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Rio ឆ្នាំ២០២២ នៅតែជាឡានតម្លៃថោកបំផុត នៅអាមេរិក

Kia Rio ត្រូវបានជាប់ឈ្មោះជារថយន្តថ្មី ដែលមានតម្លៃថោកបំផុត នៅពេលដែលវាបានចេញលក់ ក្នុងឆ្នាំ១៩៩៩។ ថ្មីៗនេះ ក្រុមហ៊ុន Kia បានប្រកាសពីតម្លៃនៃរថយន្ត Rio ឆ្នាំ២០២២ ហើយវានៅតែរក្សាតំណែងរបស់ខ្លួនដដែល។

រថយន្ត Kia Rio ឆ្នាំ២០២២ ផ្តល់ជម្រើស ២ ម៉ូដែល គឺ LX មានតម្លៃចាប់ពី ១៦ ១៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក និង S មានតម្លៃ ១៦ ៧៩០ដុល្លារ។ ពួកវាប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ naturally-aspirated មានកម្លាំង ១២០សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៥,៧លីត្រ/១០០គីឡូម៉ែត្រ។

Kia Rio S ថ្មី ផ្តល់នូវ Option មុខងារសុវត្ថិភាពជាច្រើន រួមទាំង driver attention warning, forward collision avoidance, pedestrian detection, high beam assist, lane-keep assist, lane departure warning និង rear occupant alert ផងដែរ។ មិនតែប៉ុណ្ណោះ Kia ក៏មានម៉ូដែល Rio S 5-door ដែលមានតម្លៃ ១៧ ០៩០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ ដូចគ្នា។

គួរឲ្យដឹងថា ចំនួនលក់នៃរថយន្ត Kia Rio បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកាលពីឆ្នាំមុន ក្រុមហ៊ុន Kia លក់រថយន្ត Rio បានតែ ២៣ ៩២៧គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus RX ឆ្នាំ២០២២ បន្ថែមម៉ូដែលថ្មី Black Tourer និង Elegant Tourer

ក្រុមហ៊ុន Lexus បានបន្ថែមម៉ូដែលថ្មីសម្រាប់ត្រកូល RX ឆ្នាំ២០២២ របស់ខ្លួន គឺ Black Tourer និង Elegant Tourer សម្រាប់ទីផ្សារប្រទេសជប៉ុន។

រថយន្ត Lexus RX450h/RX300 Black Tourer មានបំពាក់ប៉ាណាមុខពណ៌ខ្មៅ, កាងមុខខាងក្រោមពណ៌ខ្មៅ, យ៉ាន់កង់ពណ៌ខ្មៅទំហំ ២០អ៊ីញ, ត្រឡោកកញ្ចក់ពណ៌ខ្មៅ និង កាងក្រោយពណ៌ខ្មៅ ផងដែរ។

ចំណែកឯផ្នែកខាងក្នុងវិញ ម៉ូដែល RX Black Tourer បំពាក់ពូកស្បែក, ដៃចង្កូតស្បែក និង ចង្កឹះលេខស្រោបស្បែក រំលេចដោយថ្នេរដេរពណ៌ទឹកប្រាក់ ទៀតផង។

រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៥៥ ២៩៥ដុល្លារ សម្រាប់ម៉ូដែល RX300 FWD ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និង ៦៧ ៦៧០ដុល្លារ សម្រាប់ម៉ូដែល RX450h AWD ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ។

ដោយឡែក សម្រាប់ម៉ូដែល Elegant Tourer វិញ បំពាក់ប៉ាណាមុខពណ៌ទឹកប្រាក់, កាងមុខខាងក្រោមពណ៌ខ្មៅ, យ៉ាន់កង់ទំហំ ២០អ៊ីញ និង ត្រឡោកកញ្ចក់ពណ៌ខ្មៅ។ ចំណែកឯកាប៊ីនខាងក្នុង វាប្រើពណ៌ត្នោត រំលេចដោយថ្នេរដេរពណ៌ទឹកប្រាក់។ ម៉ូដែលនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៥៥ ៣១៥ដុល្លារ សម្រាប់ RX300 FWD ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និង ៦៧ ៧០០ដុល្លារ សម្រាប់ RX450h AWD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ម៉ាកឡានអគ្គិសនី ពេញនិយមជាងគេនៅប្រទេសចិន

ក្នុងពិភពរថយន្តអគ្គិសនី អតិថិជនក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើលោក ភាគច្រើនបានជ្រើសរើសយកម៉ាករថយន្ត BYD ជាម៉ាករថយន្តអគ្គិសនីដែលពួកគេពេញចិត្ត។

ផ្អែកតាមការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Berstein ដែលជាក្រុមហ៊ុនស្រាវជ្រាវមួយរបស់ក្រុមហ៊ុនអាមេរិក AllianceBernstein បាន​ឲ្យដឹងថា​ម៉ាករថយន្ត BYD គឺជាម៉ាកដែលអតិថិជនចិនពេញចិត្តជាងគេ ដែលតាមពីក្រោយដោយម៉ាក Tesla របស់អាមេរិក និងម៉ាក Volkswagen របស់អាល្លឺម៉ង់។

បើប្រៀបនឹង Tesla ម៉ាក BYD គឺមានគុណសម្បត្តិពិសេសជាងត្រង់ថាក្រុមហ៊ុននេះផលិតអាគុយ និងបន្ទះឈីបដោយខ្លួនឯង ដែលមានន័យថាក្រុមហ៊ុនមានសមត្ថភាពក្នុងការការពារពីបញ្ហា​នានា ដូចជាវិបត្តិឈីបសកល​ដែលបានកើតឡើងកាលពីថ្មីៗនេះជាដើម។

គួរដឹងថាលទ្ធផលខាងលើនេះគឺទទួលបានមកពីការស្ទង់មតិក្នុងត្រីមាសទីបីនៃឆ្នាំនីមួយៗ ដែល​ស្ទង់មតិលើមនុស្សចំនួន ១ ៦០០នាក់។ ភាគច្រើននៃអ្នកចូលរួមគឺរស់នៅក្នុងទីក្រុងធំរបស់ប្រទេសចិន ដែលមានអាយុជាមធ្យម ៣២ឆ្នាំ និងកម្រិតប្រាក់ចំណូលជាមធ្យម ២ ៩៧០ដុល្លារ។

ក្នុងចំណោមអ្នកចូលរួមជិតពាក់កណ្ដាលបាននិយាយថាពួកគេអាចនឹងពិចារណាទិញរថយន្តអគ្គិសនី ពេលដែលផ្លាស់ប្ដូររថយន្តថ្មី ហើយ​អាថ៌ទិភាព​សំខាន់​បំផុតរបស់ពួកគេគឺ​ការចំណាយទាបក្នុងការប្រើប្រាស់ប្រចាំថ្ងៃ, បទពិសោធន៍នៃការបើកបរដែលល្អប្រសើរ និង​ការការពារបរិស្ថានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Raize ចេញតម្លៃលក់ផ្លូវការនៅវៀតណាម

Toyota Raize ដែលជារថយន្តនាំចូលពីប្រទេសឥណ្ឌូណេស៊ី បានដាក់លក់ជាផ្លូវការនៅលើទីផ្សារប្រទេសវៀតណាម ដោយមានតែជម្រើសម៉ាស៊ីន Turbo ចំណុះ១,០លីត្រ និងប្រអប់លេខ CVT មួយតែប៉ុណ្ណោះ។

រថយន្ត Raize ដែលលក់នៅវៀតណាម មានប្រើម៉ាស៊ីនដែលអាចផលិតកម្លាំងបាន ៩៨សេះ ជាមួយ​កម្លាំងបង្វិល ១៤០ញ៉ូតុនម៉ែត្រ និងប្រអប់លេខ CVT។ ងាកទៅមើលគូប្រជែងដែលជាម៉ូដែល Kia Sonet មានប្រើម៉ាស៊ីន ១,៥លីត្រ ដែលអាចផលិតកម្លាំងបាន ១១៣សេះ។

នៅប្រទេសវៀតណាម រថយន្ត Toyota Raize នេះមានតម្លៃចាប់ពីប្រមាណ ២៣ ៣០០ដុល្លារ ជាតម្លៃសម្រាប់ពណ៌ក្រហម និងពណ៌ខ្មៅ ខណៈដែល​ពណ៌​ស និងប្រភេទពីរពណ៌លាយគ្នា គឺមានតម្លៃប្រមាណ ២៣ ៦០០ដុល្លារ ដែលថ្លៃជាងប្រមាណ ៣០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ឆ្នាំ២០២២ ចេញផ្លូវការលើទីផ្សារប្រទេសថៃ ដោយបោះបង់ចោលជម្រើសម៉ាស៊ីន ២.០លីត្រ

កាលពីថ្ងៃទី ៣​ កន្លងទៅនេះ រថយន្ត Toyota Camry ជំនាន់ទី៨ បានធ្វើការសម្ភោធចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសថៃ ជាមួយការផ្តល់ជូននូវជម្រើសម៉ាស៊ីន ២ប្រភេទ ដោយបានបោះបង់ចោលនូវជម្រើសម៉ាស៊ីន ២.០លីត្រ។

ជាមួយការបោះបង់ចោលនូវជម្រើសម៉ាស៊ីន ២.០លីត្រនេះ រថយន្ត Toyota Camry ឆ្នាំ២០២២ នឹងផ្តល់នូវជម្រើសម៉ាស៊ីន ២.៥លីត្រ ផលិតកម្លាំងបាន ២០៦សេះ និងកម្លាំងរមួល ២៥០ញ៉ុតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងជម្រើសម៉ាស៊ីនហាយប្រ៊ីដ ចំណុះ ២.៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២០៨សេះ និងកម្លាំងរមួល ២២១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ E-CVT និងមានកម្រិតស៊ីសាំងប្រហែល ៤,២លីត្រ។

សម្រាប់ម៉ូឌែលឆ្នាំ ២០២២ នេះបានបំពាក់ស្តង់ដាជាមួយប្រព័ន្ធជំនួយការបើកបរ​ Toyota Safety Sense 2.5+ ដោយបានទទួលបាននូវមុខងារជំនួយការបើកបរបន្ថែមដូចជា Nighttime pedestrian and daytime cyclist detection សម្រាប់ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាប់ដោយស្វ័យប្រវត្ត, Pedal misapplication control និងប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ពេលចេញពីចំណតផ្នែកខាងក្រោយរថយន្ត (Rear Cross traffic Alert)។

សម្រាប់ទីផ្សារប្រទេសថៃ រថយន្ត Toyota Camry ឆ្នាំ២០២២ ផ្តល់នូវជម្រើសម៉ូឌែលប្រភេទ Sport មានតម្លៃចាប់ពី ៤៤ ៣៨៧ដុល្លារ, Premium មានតម្លៃចាប់ពី ៤៨ ១២០ដុល្លារ, 2.5 HEV Premium មានតម្លៃចាប់ពី ៤៩ ៩២៤ដុល្លារ និង 2.5 HEV Premium Luxury មានតម្លៃចាប់ពី ៥៤ ៤៣៨ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+