ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូចតែខ្លឹម! Mini John Cooper Works GP ឆ្នាំ២០២០ ចេញលក់នៅថៃ តម្លៃញាក់សាច់

បន្ទាប់ពីបានចេញលក់រថយន្តដំណើរការដោយថាមពលអគ្គិសនី នៅក្នុងប្រទេសថៃជាលើកដំបូងរួចមក ឥឡូវនេះក្រុមហ៊ុន Mini បានបង្ហាញរថយន្តដែលមានល្បឿនលឿនបំផុតរបស់ខ្លួន គឺ Mini John Cooper Works GP។

រថយន្ត Mini John Cooper Works GP ស៊េរីឆ្នាំ២០២០ ដែលមានរូបរាងដូចរថយន្តប្រណាំងនេះ បានឌីហ្សាញចេញមកបែបស្ព័រ និងមើលទៅកាចតែម្តង។

វាបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៦សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តស្ព័រខ្នាតតូចតែកម្លាំងខ្លាំងនេះ ត្រូវបានដាក់លក់តម្លៃ ៤,២លានបាត ឬប្រហែលខ្ទង់ ១២៩ ៥០០ដុល្លារ នៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz ឈប់ផលិតរថយន្តមួយ ដែលមនុស្សភាគច្រើនមិនស្គាល់

Mercedes-Benz បាន​ប្រកាស​ថា​នឹង​បញ្ឈប់​ការ​អភិវឌ្ឍន៍​​បច្ចេកវិទ្យា​​​ឧស្ម័ន​អ៊ីដ្រូហ្សែន​សម្រាប់​រថយន្ត ហើយ​ក្នុង​នោះ​គឺ​មាន​ការ​បញ្ឈប់​ការ​ផលិត​នូវ​រថយន្ត​ Mercedes-Benz GLC-Class ដើរ​​ដោយ​ថាមពល​អ៊ីដ្រូហ្សែន ដែល​រថយន្ត​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ GLC F-Cell។

បច្ចេកវិទ្យា​ឧស្ម័ន​អ៊ីដ្រូហ្សែន​គឺ​ជា​អ្វី​ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ ​ចំណាយ​ពេល​លើ​វា​អស់​ជាង​ ៣០ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ក្រោយ​ ៣០ ឆ្នាំ ក្រុមហ៊ុន​សម្រេច​ថា​ការ​ចំណាយ​លើ​រថយន្ត​ដែល​ប្រើ​ថាមពល​អ៊ីដ្រូហ្សែន (FCV) គឺ​ច្រើន​ពេក​ ដែល​ម៉ូដែល​នីមួយៗ​ស្ទើរ​ចំណាយ​ថ្លៃ​ផលិត​ស្ទើរ​តែ​ស្មើ​ពីរ​ដង​​នៃ​រថយន្ត​ដើរ​​ដោយ​អាគុយ។

រថយន្ត GLC F-Cell គឺ​មាន​ដាក់​លក់​នៅ​អឺរ៉ុប​ចាប់​ពី​ឆ្នាំ ២០១៣ ដែល​ជា​ការ​សហការ​បង្កើត​រវាង​ Mercedes-Benz ជា​មួយ​ Nissan និង Ford៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini បង្ខំចិត្តប្ដូរឈ្មោះយ៉ាន់រថយន្ត Cooper SE ព្រោះកូវីដ១៩

​​ក្រុមហ៊ុន​រថយន្ត​ Mini បាន​ផ្លាស់​ប្ដូរ​​ឈ្មោះ​យ៉ាន់​កង់​រថយន្ត​​​សម្រាប់​បំពាក់​លើ​រថយន្ត Cooper SE ប្រភេទ​អគ្គិសនី ដែល​ប្ដូរ​ពី​​ឈ្មោះ “Corona Spoke” មក​ជា​ “Power Spoke” ក៏​ដោយ​សារ​មាន​ឈ្មោះ​ស្រដៀង​​នឹង​ជំងឺ​កូវីដ​១៩ ដែល​កំពុង​ផ្ទុះ​ទូទាំង​ពិភពលោក។

សកម្មភាព​របស់ Mini បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា​ជំងឺ​កូវីដ​១៩ បាន​ប៉ះពាល់​ដល់​​ឧស្សាហកម្ម​យានយន្ត​ជា​ខ្លាំង។ មិន​ត្រឹម​តែ​ត្រូវ​បិទ​រោងចក្រ ​ហើយ​ចំនួន​លក់​រថយន្ត​ធ្លាក់​ចុះ​នោះ​ទេ ពេល​នេះ​ក្រុមហ៊ុន​ថែម​ទាំង​ត្រូវ​ប្ដូរ​ឈ្មោះ​ផលិតផល​របស់​ខ្លួន ដើម្បី​ជៀសវាង​ពី​បញ្ហា​នានា។

ឈ្មោះ​យ៉ាន់​សម្រាប់ Cooper SE ស៊េរី​ខ្ពស់​ជាង​​គេ​នេះ​គឺ​បាន​ដាក់​តាំង​ពី​មុន​ពេល​ជំងឺ​កូវីដ​១៩​ផ្ទះ​មក​ម្ល៉េះ។ ការ​ប្ដូរ​ឈ្មោះ​នេះ​ដែរ​គឺ​ក្រោយ​ពី​ Mini ដឹក​ជញ្ជូន​រថយន្ត Cooper SE ដល់​អតិថិជន​នៅ​អាមេរិក​បាន​ត្រឹម ១ ខែ​ប៉ុណ្ណោះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ចេញលក់ NX ប្រើប៉ុងមួយថ្មី ស៊ីសាំងតិចជាងមុន

Lexus កំពុងបញ្ចេញលក់រថយន្ត NX ប្រភេទប៉ុងមួយថ្មី នៅលើទីផ្សារចក្រភពអង់គ្លេស ដែលវានឹងមានតម្លៃថោកជាងមុន ហើយក៏ស៊ីសាំងតិចជាងមុនផងដែរ។

រថយន្ត Lexus NX 300h ថ្មី នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤៤ ២៥០ដុល្លារ ថោកជាងប្រភេទប៉ុងពីរដល់ទៅ ១ ៥៥០ដុល្លារឯណោះ។

NX 300h បំពាក់ម៉ាស៊ីនប្រភេទ Hybrid ចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៩៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ SUV ខ្នាតតូចនេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹម ៧លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត NX 300h ថ្មីក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព Lexus Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារសំខាន់ៗ ដូចជា Traffic Sign Recognition, Lane Keep Assist, Pre-Collison Safety និង Adaptive Cruise Control ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញ SUV ថ្មីមួយទៀត រាងស្រដៀង RAV4

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត SUV ថ្មីមួយម៉ូដែលទៀត ដែលផលិតឡើងសផ្អែកតាម រថយន្តខ្នាតតូចម៉ូដែល Yaris ហៅថា Yaris Cross។

ថ្វីបើ Toyota ព្យាយាមធ្វើឲ្យ Yaris Cross មានរូបរាងខុសពីម៉ូដែល C-HR ប៉ុន្តែវាមានរាងស្រដៀងខ្លាំងទៅនឹងម៉ូដែល RAV4 វិញ ទាំងផ្នែកខាងមុខ ផ្នែកចំហៀង និងខាងក្រោយ។

Yaris Cross បំពាក់ម៉ាស៊ីនប្រភេទ Hybrid ចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១១៤សេះ ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ។

គួរឲ្យដឹងថា SUV ខ្នាតតូចនេះនឹងចេញលក់នៅឆ្នាំ២០២១ ខាងមុខ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបភាពដំបូង បង្ហាញផ្នែកខាងក្នុង Maybach S-Class ស៊េរីឆ្នាំ ២០២១

ការ​​អភិវឌ្ឍ​រថយន្ត​ Mercedes S-Class ស៊េរី​ឆ្នាំ ២០២១ គឺ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​ញាប់​ដៃ​ជើង ហើយ​ពេល​នេះ​គេ​អាច​មើល​ឃើញ​ផ្នែក​ខាង​ក្នុង​នៃ​ S-Class ប្រភេទ Maybach។

រថយន្ត S-Class ស៊េរីថ្មីបើកសាកល្បង

រូបភាព​ដែល​មាន​តែ​មួយ​សន្លឹក​បាន​បង្ហាញ​ថា​ផ្នែក​ខាង​ក្នុង​របស់ Maybach S-Class គឺ​មាន​បំពាក់​ដោយ​អេក្រង់​​ទំហំ​ធំ​ចំនួន​ពីរ ដែល​មាន​អេក្រង់​មួយ​ប្រើ​ជា​កុងទ័រ​បង្ហាញ​ព័ត៌មាន​ស្ថិត​នៅ​ពី​ក្រោយ​ចង្កូត​រថយន្ត និង​មួយ​ទៀត​ជា​អេក្រង់​សម្រាប់​ប្រព័ន្ធ​កម្សាន្ត។

រថយន្ត​ Maybach S-Class នឹង​មាន​តួ​ខ្លួន​វែង​ជាង​ S-Class ធម្មតា ហើយ​រូបរាង​ក៏​មាន​ផ្លាស់​ប្ដូរ​ខ្លះៗ​ដែរ ដើម្បី​ឲ្យ​ខុស​ពី S-Class ធម្មតា។ វា​អាច​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​កាង​ក្រោយ, មាន​ក្រូម៉េ​លើ​ផ្នែក​ជា​ច្រើន, មាន​ជម្រើស​ពណ៌​​ខាង​ក្រៅ​ពីរ​ពណ៌​​លាយ​គ្នា និង​មាន​រន្ធ​ខ្យល់​រលោង​ជា​ដើម។

ដំណឹង​ចុង​ក្រោយ​បំផុត​ដែល​គេ​ឮ​ពី​ Mercedes គឺ​ក្រុមហ៊ុន​មាន​គម្រោង​ការ​បង្ហាញ​ចេញ S-Class ស៊េរី​ថ្មី​នៅ​ចុង​ឆ្នាំ ២០២០ ហើយ​ Maybach S-Class នឹង​បញ្ចេញ​តាម​ក្រោយ​អាច​នៅ​ដើម​ឆ្នាំ ២០២១៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti បកស្រាយមូលហេតុដែល Chiron មួយម៉ូដែលនេះ ជាន់បានត្រឹម ៣៥០គ.ម/ម៉

បើ​ប្រៀប​ធៀប​នឹង​រថយន្ត​​​ដទៃ​ទៀត​ភាគ​ច្រើន​ ល្បឿន​អតិបរមា​ ៣៥០ គ.ម/ម៉ របស់​ Bugatti Chiron Pur Sport អាច​និយាយ​បាន​ថា​​លឿន​​ខ្លាំង។ ប៉ុន្តែ​បើ​ប្រៀប​នឹង​ Chiron ធម្មតា​ដែល​មាន​ល្បឿន​អតិបរមា​ ៤២០ គ.ម/ម៉ ឬ Chiron Super Sport 300+ ដែល​មាន​ល្បឿន ៤៩០ គ.ម/ម៉ ទើប​ឃើញ​ថា​ល្បឿន​របស់ Chiron Pur Sport គឺ​យឺត។

ពេល​ជួប​​សម្ភាសន៍​ជា​មួយ Motor Trend ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​របស់ Bugatti ឈ្មោះ Stafan Ellrott បាន​បក​ស្រាយ​ថា​ Chiron Pur Sport គឺ​​ជា​ការ​បញ្ជាក់​ថា​​ល្បឿន​​​កំពូល​ល្បឿន​ មិន​មែន​​ជា​ចំណុច​សំខាន់​ដាច់​គេ​សម្រាប់​ពពួក Hypercar នោះ​ទេ។

Chiron Pur Sport ដែល​មាន​ផលិត​ត្រឹម ៦០គ្រឿង និង​មួយ​គ្រឿងៗ​មាន​តម្លៃ ៣,៥៥ លាន​ដុល្លារ គឺ​ត្រូវ​បាន​ឌីហ្សាញ​ឡើង​​ឲ្យ​ក្លាយ​ជា​រថយន្ត​ដែល​រហ័សរហួន​បំផុត។ ត្បិត​ថា​ល្បឿន​អតិបរមា​របស់​វា​ទាប​ជាង Chiron ដទៃ​ទៀត ប៉ុន្តែ​វា​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បង្កើន​សន្ទុះ អាច​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ក្រោម ២,៣វិនាទី, ស្ទុះ​ពី ០-២០០ គ.ម/ម៉ ក្នុង​ពេល ៥,៩វិនាទី និង​ស្ទុះ​ពី ០-៣០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ១២,៤ វិនាទី ដែល​ស្ទុះ​លឿន​ជាង Chiron ធម្មតា។

កម្លាំង​របស់​ Chiron Pur Sport នៅ​តែ​បាន​ពី​ម៉ាស៊ីន Quad-Turbocharged ចំណុះ ៨,០លីត្រ ១៦ស៊ីឡាំង ផលិត​កម្លាំង​បាន ១៥០០ សេះ និង​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ​ប្រអប់​លេខ​ ៧វគ្គ ​កែ​សម្រួល​ថ្មី។ ប្រអប់​លេខ​ថ្មី​អាច​ឲ្យ​ Chiron Pur Sport បង្កើន​សន្ទុះ​បាន​លឿន​ជាង Chiron ធម្មតា៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន ១០ម៉ូដែល លក់ដាច់បានច្រើនជាងគេនៅដើមឆ្នាំនេះ

ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​ទីផ្សារ​រថយន្ត​សកល​លោក​ Focus2Move បាន​បង្ហាញ​ចេញ​តួ​លេខ​នៃ​រថយន្ត​ ១០ ម៉ូដែល​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ប្រចាំ ២ ខែ​ដំបូង​នា​ឆ្នាំ ២០២០ នេះ ពោល​នៅ​អំឡុង​ខែ​មករា ដល់​ខែ​កុម្ភៈ។

១. Toyota Corolla ៖ ១៨៣ ៦២៩ គ្រឿង (កើន ២,២%)

២. Ford F-Series ៖ ១៤៩ ២០០ គ្រឿង (ថយ ០,៧%)

៣. Toyota RAV4 ៖ ១៣៤ ៨៦៩ គ្រឿង (កើន​ ១៣,៧%)

៤. Honda CR-V ៖ ១០៥ ៤៤៦ គ្រឿង (ថយ​ ៧,៣%)

៥. Honda Civic ៖ ៩៤ ៥៤៤ គ្រឿង (ថយ ២១,៣%)

៦. Toyota Camry ៖ ៨៩ ៩៧៨ គ្រឿង (ថយ​ ៩,៣%)

៧. Ram Pickup ៖ ៨៦ ៩៤៦ គ្រឿង (ថយ ០,១%)

៨. Toyota Hilux ៖ ៨៥ ២៣២ គ្រឿង (ថយ ៤,៤%)

៩. Chevrolet Silverado ៖ ៨៤ ៤៩៧ គ្រឿង (កើន ០,៨%)

១០. Volkswagen Tiguan ៖ ៨១ ២៨៦ គ្រឿង (ថយ ២១,៤%)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover បញ្ចេញឡាន Evoque អាចសាកភ្លើងបាន សាកពេញជិះបាន ៦៦គ.ម

ក្រុមហ៊ុន Jaguar Land Rover ទើប​ប្រកាស​ចេញ​​នូវ​ប្រព័ន្ធ PHEV (Plug-in Hybrid) ថ្មី ហើយ​ប្រព័ន្ធ​នេះ​នឹង​ប្រើ​ប្រាស់​ជា​លើក​ដំបូង​គេ​លើ​ម៉ូដែល Range Rover Evoque និង Land Rover Discovery Sport។

សម្រាប់​ Range Rover Evoque គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន ១,៥ លីត្រ ៣ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ១៩៧ សេះ ផ្គួប​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង ១០៧សេះ ដែល​បាន​ថាមពល​ពី​អាគុយ​ចំណុះ ១៥ គីឡូវ៉ាត់​ម៉ោង។ សរុប​ទៅ​ប្រព័ន្ធ​នេះ​អាច​ផលិត​កម្លាំង​បាន​ ៣០៤ សេះ។

Range Rover Evoque ប្រភេទ P300e អាច​បង្កើន​សន្ទុះ​ដល់ ១០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ៦,៤ វិនាទី។ វា​មាន​សមត្ថភាព​សាក​​ភ្លើង​ពី ០-៨០% ដោយ​ចំណាយ​ពេល​ ៣០នាទី ហើយ​ពេល​សាក​ភ្លើង​ពេញ​គឺ​វា​អាច​បើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៦៦ គីឡូម៉ែត្រ។

រថយន្ត Evoque ប្រភេទ​ថ្មី​នេះ​ដែរ​គឺ​មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ ១,៤ លីត្រ សម្រាប់​ការ​បើកបរ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ ពេល​បើកបរ​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ PHEV ហើយ​ការ​បើកបរ​គឺ​គួប​ផ្សំ​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨វគ្គ។

គួរ​ដឹង​ថា​ JLR មិន​បាន​ប្រកាស​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​លក់​រថយន្ត Evoque និង Discovery Sport ប្រភេទ​ថ្មី​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche នឹងចេញលក់ឡានអគ្គិសនីតម្លៃថោកបំផុត

រថយន្តអគ្គិសនី Porsche Taycan បានបង្ហាញខ្លួនអស់រយៈពេលប៉ុន្មានខែមកហើយ ដោយក្នុងនោះម៉ូដែល Taycan 4S មានតម្លៃថោកជាងគេ គឺចាប់ពី ១០៣ ៨០០ដុល្លារ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Porsche នឹងចេញរថយន្ត Taycan ថ្មីមួយម៉ូដែលទៀត ដែលមានតម្លៃថោកបំផុត ដើម្បីប្រជែងនឹងរថយន្ត Tesla Model S។

រថយន្ត Porsche Taycan ថ្មី ដែលនឹងស្ថិតនៅក្រោមម៉ូដែល Taycan 4S, Turbo និង Turbo S ទៅទៀតនោះ នឹងប្រើកញ្ចប់អាគុយទំហំតូច ហើយប្រើប៉ុងមួយវិលកង់ក្រោយ។

ថ្វីបើមិនក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើ មិនទាន់បានបង្ហាញតម្លៃផ្លូវការរបស់វា ប៉ុន្តែគេអាចទស្សន៍ទាយថា វានឹងចាប់ផ្តើមនៅចន្លោះខ្ទង់ ៧៥ ០០០ដុល្លារ ទៅ ៨០ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+