ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលវីដេអូស្តែងៗចឹង ទើបដឹងថាគូប្រជែង Corolla នេះ ស្អាតខ្លាំង (មានវីដេអូ)

រថយន្ត​ Hyundai Elantra ស៊េរី​ឆ្នាំ ២០២១ ដែល​ជា​​ជំនាន់​ថ្មី​មួយ មាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក។

ក្រៅ​ពី​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​កាន់​តែ​ទាន់​សម័យ​និង​ទាក់ទាញ Hyundai បាន​បន្ថែម​ជម្រើស​ប្រភេទ​ម៉ាស៊ីន Hybrid ដែល​សន្សំសំចៃ​ប្រេង​បាន​ល្អ​បំផុត។ ប្រភេទ Hybrid គឺ​មាន​បំពាក់​ម៉ាស៊ីន ១,៦ លីត្រ ភ្ជាប់​នឹង​ម៉ូទ័រ​អគ្គិសនី​ ដែល​បង្កើត​កម្លាំង​សរុប​បាន​ដល់​ទៅ ១៣៩ សេះ​ភ្ជាប់​នឹង​ប្រអប់​លេខ​ ៦ វគ្គ។ សម្រាប់​កម្រិត​ស៊ី​សាំង​តាម​ដែល EPA ប៉ាន់​ស្មាន​គឺ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ខ្ទង់ ៤ លីត្រ​ប៉ុណ្ណោះ។

រថយន្ត​កូរ៉េដែលជាគូប្រជែងរបស់ Toyota Corolla នេះ​ក៏​មាន​ជម្រើស​ម៉ាស៊ីន​សាំង​សុទ្ធ ដែល​មាន​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន​ ១៤៧ សេះ។ សម្រាប់​ម៉ាស៊ីន​សាំង​នេះ ក្រុមហ៊ុន Hyundai និយាយ​ថា​អតិថិជន​អាច​រំពឹង​មើល​នូវ​កម្រិត​ស៊ីសាំង​ដែល​សន្សំសំចៃ​ខ្ពស់​បំផុត។ វានឹង​ចាប់​ផ្ដើម​ផលិត​ក្នុង​អំឡុង​​ខែ​កញ្ញា​ និង​បញ្ចេញ​លក់​នៅ​នៅ​​អំឡុង​ចុង​ឆ្នាំ ២០២០ នេះ៕

ចង់ដឹងថា រថយន្ត​ Hyundai Elantra ស្អាតប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបឡាន Toyota Harrier ជំនាន់ថ្មី ដូររាងទាំងស្រុង

រូបថតជាច្រើនសន្លឹកបានបែកធ្លាយលើអនឡាញ បង្ហាញឲ្យឃើញនូវរថយន្ត Toyota Harrier ជំនាន់ថ្មីសន្លាង ដែលមានលក់នៅលើទីផ្សារប្រទេសជប៉ុន និងទីផ្សារប្រទេសអាស៊ីដទៃទៀតផងដែរ។

រូបថតខាងទាំងនោះបានបង្ហាញឲ្យឃើញ ការផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុងលើ Harrier ជំនាន់ថ្មី។ ថ្វីបើមិនទាន់មានការបញ្ជាក់ពី Toyota ប៉ុន្តែរថយន្តតួខ្ពស់នេះ ហាក់បីដូចជាប្រើគ្រោងឆ្អឹងដូចគ្នាជាមួយ RAV4។

ដោយឡែក មនុស្សមួយចំនួនបានប្រៀបធៀប Toyota Harrier ថ្មី ទៅនឹងរថយន្តអគ្គិសនី Ford Mustang Mach-E ដោយសារតែរូបរាងវាស្រដៀងគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺការបំពាក់ចង្កៀងមុខ LED ថ្មី និងចង្កៀងក្រោយត្រវែង លាតពេញផ្នែកខាងក្រោយតែម្តង។

រថយន្ត Toyota Harrier នឹងដាក់លក់ជាមួយនឹងជម្រើសម៉ាស៊ីនចំនួន២ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់បារម្មណ៍រឿងថែទាំរថយន្តហើយ យានដ្ឋានស្តង់ដារ (តូយ៉ូតា) ទៅដល់កាន់តែជិតលោកអ្នកហើយ

ដោយឃើញថាកំណើននៃការគាំទ្រ ចំពោះការប្រើប្រាស់រថយន្តថ្មីជាមួយនិងតម្រូវការនៃសេវាកម្មថែទាំរថយន្តកាន់តែកើនឡើងខ្លាំង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្រេចពង្រីកនូវវិសាលភាពទៅដល់អតិថិជនរបស់ខ្លួនដោយផ្តល់សិទ្ធិទៅកាន់យានដ្ឋានសក្តានុពលមួយចំនួនដូចខាងក្រោម៖

១. ខេត្តព្រៃវែង – យានដ្ឋានថែទាំរថយន្ត ខូវ ឈាងស៊ា

២. ខេត្តក្រចេះ – យានដ្ឋានថែទាំរថយន្ត ដឹ ឃីង

៣. ខេត្តកំពង់ស្ពឺ -​ យានដ្ឋានថែទាំរថយន្ត សុម៉ានិត

សូមជម្រាបដល់អតិថិជន ដែលប្រើប្រាស់រថយន្តថ្មីពីក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) ទាំងអស់ ដែលស្ថិតតាមបណ្តាខេត្តដែលនៅជិតយានដ្ឋានទាំង៣ខាងលើ សូមទំនាក់ទំនងទៅទទួលសេវាកម្មថែទាំនៅទីតាំងទាំងនោះតាមការគួរ។  ព្រោះពួកគាត់ បានទទួលនូវការបណ្តុះបណ្តាល និងការណែនាំយ៉ាងយកចិត្តទុកដាក់បំផុតពីអ្នកជំនាញរបស់ក្រុមហ៊ុន តូយ៉ូតា ដើម្បីធានាថាការថែទាំរថយន្តគឺធ្វើតាមបទដ្ឋានស្តង់ដារដែលមានការណែនាំពីរោងចក្រតូយ៉ូតាផ្ទាល់។ លើសពីនេះយានដ្ឋានខាងលើ មិនត្រឹមតែត្រូវបានទទួលសិទ្ធក្នុងការទទួលថែទាំរថយន្តថ្មីនោះទេ ថែមទាំងទទួលបានសិទ្ធក្នុងការចែកចាយគ្រឿងបន្លាស់សុទ្ធ១០០% សម្រាប់រថយន្ត TOYOTA & LEXUS គ្រប់ស៊េរីទៀតផង។

ដូចនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រថយន្ត TOYOTA & LEXUS ទាំងអស់នឹងទទួលបាននូវសេវាកម្មដែលមានគុណភាពខ្ពស់ ជាមួយគ្រឿងបន្លាស់សុទ្ធ១០០% ដើម្បីទទួលបាននូវសុខសុវត្ថិភាព និងផាសុកភាពបរិបូរណ៍គ្រប់ការបើកបរទាំងអស់។

សម្រាប់ព័ត៌មានបន្ថែមនិងការណាត់ទុកជាមុន សូមទំនាក់ទំនងមកកាន់ ០១៧ ៣៣៣ ៣២១ / ០១៧ ៦៦៦ ១៦៩

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes មិនឲ្យកូវីដ១៩ បង្អាក់ដំណើររបស់ខ្លួនឡើយ

Mercedes-Benz បាន​បិទ​ដំណើរ​ការ​ផលិត​របស់​ខ្លួន​ដោយ​សារ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ​មិន​ឲ្យ​ស្ថានភាព​នេះ​ប៉ះពាល់​ដល់​ផែនការ​នា​ពេល​អនាគត​របស់​ខ្លួន​នោះ​ឡើយ។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទស្សនាវដ្ដី​​រថយន្ត​អាល្លឺម៉ង់​​លោក Michael Brecht ប្រធាន​ប្រឹក្សា​ប្រចាំ​ក្រុមហ៊ុន Daimler បាន​និយាយ​ថា​រថយន្ត​ស៊េរី​ថ្មី​របស់​ Mercedes-Benz នឹង​ត្រូវ​បង្ហាញ​តាម​ការ​​កំណត់​ទុក​ពី​មុន​មក។

S-Class ជំនាន់ថ្មីកំពុងបើកបរសាកល្បង

លោក​ Brecht បាន​ថ្លែង​ដូច​​នេះ​ថា ៖ “​ដូច​រថយន្ត S-Class ជំនាន់​ថ្មី​ជា​ឧទាហរណ៍។ វា​អាច​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ដំណាច់​ឆ្នាំ​នេះ។ នៅ​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​​ធំ​មួយ​របស់ S-Class យើង​ចាប់​ផ្ដើម​ឃើញ​សញ្ញា​ងើប​ឡើង​វិញ។ ក្នុង​តំបន់​​ដទៃ​ទៀត​យើង​នៅ​បន្ត​ធ្វើ​ការ​ដដែល ដែល​ទាក់ទង​នឹង​ Software និង​ការ​ផលិត​អាគុយ។”

គួរ​ដឹង​ថា​រថយន្ត​ S-Class ​ជំនាន់​បច្ចុប្បន្ន​នេះ​គឺ​បាន​បង្ហាញ​ចេញ​តាំង​ពី​ឆ្នាំ ២០១៣ ដែល​ត្រូវ​ដល់​ពេល​ផ្លាស់​ប្ដូរ​ថ្មី។ រថយន្ត S-Class ជំនាន់​ថ្មី​​នឹង​មាន​ប្រភេទ​ម៉ាស៊ីន​សាំង, ម៉ាស៊ីន Hybrid, ប្រភេទ Plug-in Hybrid រួម​ទាំង​ប្រភេទ​អគ្គិសនី​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Tesla Cybertruck ពន្យារពេលចេញលក់ដល់ឆ្នាំក្រោយ

ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Rivian បាន​បញ្ជាក់​ថា​ពេល​វេលា​នៃ​ការ​ចេញ​លក់​រថយន្ត​ភីកអាប់​អគ្គិសនី R1T របស់​ខ្លួន នឹង​ត្រូវ​ពន្យារពេល​ចេញ​លក់​បន្តិច ដោយ​សារ​តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩។

រថយន្ត​ភីកអាប់​ដែល​គ្រោង​ថា​នឹង​ប្រកាស​ចេញ​លក់​នា​ឆ្នាំ ២០២០ នេះ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ដល់​អំឡុង​ឆ្នាំ ២០២១ ខាង​មុខ។ អំឡុង​ពេល​ជាក់​លាក់​ណា​មួយ​នៅ​ឆ្នាំ ២០២១ គឺ​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​ រួម​មាន​រយៈពេល​ដែល​ត្រូវ​បិទ​ប្រទេស​ផង​​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ផង​ដែរ។

ត្បិត​ថា​មិន​មាន​ការ​បញ្ជាក់​អំពី​ការ​ពន្យារពេល​ការ​ចេញ​លក់​រថយន្ត SUV អគ្គិសនី Rivian R1S ប៉ុន្តែ​វា​ទំនង​ជា​ត្រូវ​ពន្យារពេល​ចេញ​លក់​​បន្តិច​បន្តួច។ រថយន្ត​ R1S ធ្លាប់​បាន​កំណត់​ថា​នឹង​ចេញ​លក់​នៅ​​ដើម​ឆ្នាំ ២០២១៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បន្ថែមការធានាដល់រថយន្តជាង ១,២លានគ្រឿងទូទាំងពិភពលោក

Hyundai បាន​ប្រកាស​ថា​ខ្លួន​នឹង​បន្ថែម​រយៈពេល​នៃ​ការ​ធានា​សម្រាប់​រថយន្ត​ជាង ១,២ លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក ដើម្បី​ជួយ​ដល់​ម្ចាស់​រថយន្ត​ដែល​អាច​ជួប​ប្រទះ​បញ្ហា​​ក្នុង​ការ​យក​រថយន្ត​ទៅ​ត្រួត​ពិនិត្យ​ និង​ជួសជុល អំឡុង​ពេល​​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

នៅ​សហរដ្ឋអាមេរិក​ ក្រុមហ៊ុន​រថយន្ត​កូរ៉េ​ខាង​ត្បូង​នេះ​និយាយ​ថា​ ម្ចាស់​រថយន្ត​ដែល​មាន​ការ​ធានា​ ៥ ឆ្នាំ/៦ម៉ឺន​ម៉ាយ​ សម្រាប់​រថយន្ត​ ឬ​ការ​ធានា​ ១០ឆ្នាំ/១០ម៉ឺន​ម៉ាយ​សម្រាប់​ប្រព័ន្ធ​ម៉ាស៊ីន ដែល​ត្រូវ​ផុត​ការ​ធានា​ចន្លោះ​ខែ​មីនា និង​ខែ​មិថុនា​ឆ្នាំ ២០២០ នឹង​មាន​ការ​បន្ថែម​ការ​ធានា​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា​ឆ្នាំ ២០២០។

សម្រាប់​នៅ​ទូទាំង​ពិភពលោក​វិញ Hyundai ក៏​នឹង​បន្ថែម​ការ​ធានា​ដែល​ត្រូវ​ផុត​កំណត់​ចន្លោះ​ខែ​​មីនា និង​ខែ​មិថុនា ​ឆ្នាំ ២០២០ រហូត​ដល់​ ៣ ខែ​បន្ថែម​ ដោយ​ក្នុង​នោះ​មាន​រថយន្ត​ជាង ១,២ លាន​គ្រឿង ក្នុង​ប្រទេស​ចំនួន ១៧៥ អាច​ទទួល​បាន​ផល​ប្រយោជន៍​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហាងនៅថៃ កែឡាន Toyota/Honda ទៅជា Lambo និង Ferrari យ៉ាងឡូយ!

ហាង​តូច​មួយ​នៅ​ប្រទេស​​ថៃ​ដែល​មាន​ឈ្មោះ​ថា​ P.S. Modify កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សារព័ត៌មាន​បរទេស​​ដោយ​សារ​ស្នាដៃ​កែ​រថយន្ត​ធម្មតា​ទៅ​ជា​រថយន្ត​ Supercar បាន​យ៉ាង​ឡូយ​ជា​ទី​បំផុត។

រថយន្ត​ដែល​ហាង​ខាង​លើ​បាន​កែច្នៃ​មាន​ដូច​ជា​ Toyota MR2 ដែល​គេ​បាន​កែ​រថយន្ត​របស់​ជប៉ុន​មួយ​នេះ​ទៅ​ជា​រថយន្ត​ Lamborghini Veneno Roadster ជា​រថយន្ត​ Supercar ដ៏​ល្បី​មួយ។ មួយ​ទៀត​គេ​បាន​កែ​រថយន្ត​ MR2 ដដែល ទៅ​ជា​រថយន្ត​ LaFerrari របស់ Ferrari ដោយ​អាច​កែ​បាន​យ៉ាង​ស្អាត​បំផុត។

​មិន​មែន​តែ​រថយន្ត​ Toyota MR2 នោះ​ទេ​ដែល​គេ​យក​ទៅ​កែ ក្នុង​នោះ​ក៏​មាន​រថយន្ត Honda Prelude ផង​ដែរ ដែល​បាន​កែ​រូបរាង​ទៅ​ជា​ Ferrari F12 Berlinetta។

ការ​កែ​រថយន្ត​នេះ​អស់​មិន​តិច​លុយ​ទេ ដោយ​ការ​កែ​ពី​រថយន្ត Toyota MR2 ទៅ​ជា​ Veneno Roadster គឺ​ចំណាយ​អស់​ប្រមាណ ៣៦ ០០០ ដុល្លារ​ឯណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបឡាន Nissan X-Trail ឆ្នាំ២០២១ ដូររាងថ្មីទាំងស្រុង

កាលពីខែមុន ការិយាល័យប៉ាតង់ប្រេស៊ីល បានចេញផ្សាយការឌីហ្សាញមួយ ដែលជារថយន្ត Nissan X-Trail (ឬ Nissan Rogue សម្រាប់ទីផ្សារមួយចំនួន) ស៊េរីឆ្នាំ២០២១ ដែលបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងតែម្តង។

រថយន្ត Nissan X-Trail ជំនាន់ថ្មីខាងលើ នឹងបំពាក់ចង្កៀងក្រោយឌីហ្សាញបែកចេញពីគ្នា, ប៉ាណាមុខប្រចាំត្រកូល V-Motion រាងកាចជាងមុន, រន្ធប៊ឺតខ្យល់បញ្ឈរ និងកញ្ចក់ចំហៀងត្រូវបំពាក់នៅលើទ្វារផ្ទាល់ ជាដើម។

គួរឲ្យដឹងថា វាគឺជាគូប្រជែងដ៏ធំរបស់ Toyota RAV4 និង Honda CR-V សម្រាប់ទីផ្សាររថយន្ត SUV ខ្នាតតូច។ ថ្វីបើមិនទាន់មានការបញ្ជាក់ ប៉ុន្តែ Nissan X-Trail ទំនងប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៨សេះ។ វាទំនងនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញវីដេអូពាណិជ្ជកម្ម CR-V បាញ់ Toyota RAV4 ចំៗ (វីដេអូ)

រថយន្ត Honda CR-V គឺជា SUV ខ្នាតតូចដែលជាគូប្រជែងនឹងរថយន្ត Toyota RAV4 ក៏ដូចជា Nissan Rogue និង Subaru Forester ផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន Honda បានបញ្ចេញនូវវីដេអូពាណិជ្ជកម្មអំពីរថយន្ត CR-V ប្រភេទ EX ដែលអះអាងថា ល្អជាង RAV4 XLE ដោយសារតែមានកាប៊ីនធំទូលាយជាង ដាក់ឥវ៉ាន់បានច្រើនជាង ហើយបំពាក់លក្ខណៈពិសេសច្រើនជាង ដូចជា ដំបូល Moonroof, កៅអីមុខមានមុខងារកម្តៅ, សោរបញ្ជាបញ្ឆេះម៉ាស៊ីន ព្រមទាំងមានតម្លៃថោកជាង ២ ០០០ដុល្លារទៀតផង។

ជាការពិតណាស់ RAV4 គឺជាគូប្រជែងដ៏ធំបំផុតមួយរបស់ CR-V ហើយវាក៏ជា SUV ខ្នាតតូចលក់ដាច់បំផុតផងដែរ ខណៈ CR-V បានត្រឹមលេខ២ ប៉ុណ្ណោះ។ រថយន្ត CR-V ស៊េរីឆ្នាំ២០២០ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៥ ០៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover បរិច្ចាគរថយន្តជាង ១៦០គ្រឿង ដើម្បីជួយប្រយុទ្ធកូវីដ១៩

ក្រុមហ៊ុន​ Jaguar Land Rover បាន​បរិច្ចាគ​រថយន្ត​ជាង ១៦០ គ្រឿង​សម្រាប់​​ប្រទេស​ជា​ច្រើន ដើម្បី​គាំទ្រ​ការ​ឆ្លើយ​បន្ទាន់​របស់​អង្គភាព​នីមួយៗ អំឡុង​ពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩។ ក្នុង​នោះ​គឺ​មាន​ ៦០ គ្រឿង​បរិច្ចាគ​ដល់​កាកបាទ​ក្រហម​អង់គ្លេស ហើយ​ក្នុង​នោះ​មាន​ ២៧ គ្រឿង​ជា​រថយន្ត Land Rover Defender ស៊េរី​ថ្មី។

រថយន្ត​ ៥៧ ដែល​បរិច្ចាគ​ដល់​កាកបាទ​ក្រហម​អង់គ្លេស នឹង​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​ថ្នាំ និង​​ចំណី​អាហារ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​ដែល​ត្រូវ​ការ​ជំនួយ​បន្ថែម ដោយ​សារ​ច្បាប់​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។ ចំណែក​​អ្នក​តំណាង​ Jaguar Land Rover នៅ​អេស្ប៉ាញ បារាំង អាហ្រ្វិក​ខាង​ត្បូង និង​អូស្ត្រាលី​ក៏​បាន​ផ្ដល់​រថយន្ត​ដល់​កាកបាទ​ក្រហម​របស់​ពួក​គេ​ផង​ដែរ។

ទន្ទឹម​នឹង​​នេះ​ដែរ​ក្រុមហ៊ុន JLR បាន​និយាយ​ថា​ខ្លួន​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ដើម្បី​ផ្ដល់​ជូន​នូវ​អ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវ​ និង​វិស្វករ​ រួម​ជា​មួយ​អ្នក​ជំនាញ​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​អាច​ត្រូវ​ការ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+