Toyota នឹងប្រកាសចេញឡានអគ្គិសនីត្រកូល BZ ៦ម៉ូដែលនៅអឺរ៉ុប ត្រឹមឆ្នាំ២០២៦

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តយក្សជប៉ុន Toyota បានប្រកាសផែនការប្រកាសចេញរថយន្តអគ្គិសនីយ៉ាងតិច ៦ម៉ូដែលនៅលើទីផ្សារអឺរ៉ុប ត្រឹមឆ្នាំ២០២៦ខាងមុខ ដែលនឹងមានរថយន្ត SUV ខ្នាតតូច និងរថយន្តទំហំធំផងដែរ។

សាខា Toyota នៅអឺរ៉ុបបានបញ្ជាក់ថារថយន្តអគ្គិសនីទាំង៦នឹងចូលរួមជាចំណែកនៃម៉ាកសាខា BZ “Beyond Zero Emissions” ដែលវានឹងចូលរួមជាមួយរថយន្ត BZ4X ជារថយន្ត SUV ខ្នាតកណ្ដាលដែលបានប្រកាសចេញកាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែកតាម Automotive News Europe បានឲ្យដឹងថាប្រភពផ្ទៃក្នុងរបស់ Toyota បានអះអាងថារថយន្ត BZ ម៉ូដែលបន្ទាប់ដែលនឹងប្រកាសចេញនៅអឺរ៉ុបនឹងជា SUV ខ្នាតតូច រួចតាមពីក្រោយដោយ SUV ចំនួនពីរម៉ូដែល និងរថយន្តទំហំធំចំនួនបីម៉ូដែល។

គិតត្រឹមពេលនេះមានតែរថយន្ត BZ ចំនួនពីរម៉ូដែលប៉ុណ្ណោះដែលបានបង្ហាញរូបរាងគឺមានរថយន្ត BZ4X និងរថយន្ត BZ3 ដែលផលិតសម្រាប់ប្រទេសចិនជាពិសេស ប៉ុន្តែ Toyota បានបង្ហើបថាគ្រោងប្រកាសចេញរថយន្តអគ្គិសនីឲ្យបានយ៉ាងតិច ១៦ម៉ូដែល នៅទូទាំងពិភពលោក ត្រឹមឆ្នាំ២០៣៥។

គួរដឹងដែរថា Toyota មានគោលដៅឲ្យរថយន្តថ្មីដែលលក់ចេញនៅអឺរ៉ុបមាន ៥០% គឺជារថយន្តអគ្គិសនី ជាគោលដៅដែលចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ រយៈពេល៥ឆ្នាំមុនពេលដែលសហគមន៍អឺរ៉ុបហាមឃាត់ការលក់រថយន្តប្រេងសាំង និងម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម