Toyota Highlander តម្លៃខ្ទង់ ៥ មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Toyota ប្រចាំនៅប្រទេសចិន បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Highlander 380T ជាមួយនឹងតម្លៃលក់ចាប់ពី ៤៦ ៧២២ ដុល្លារ ដល់ ៥១​ ០៥៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Toyota Highlander បានប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-K platform មានប្រវែងតួខ្លួនសរុប ៤ ៩៦៥ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ​ម.ម។ បើនិយាយពីរូបរាងវិញ Highlander នៅតែមានការរចនាដូចម៉ូដែលបច្ចុប្បន្ន។ ប៉ុន្តែជាមួយនឹងការកែលម្អការរចនាដូចជាឡូហ្គោ Toyota ឈប់ប្រើប្រាស់ជាមួយពណ៌ខៀវ។ បំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងរចនាជាសំបុកឃ្មុំ Honeycomb ពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយប្រភេទ LED និងកង់យ៉ាន់ស្ព័រទំហំ ២០ អ៊ីញ ស្រោបដោយសំបកប្រភេទ 235/55R20 ។

ពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ មាន​ ៧ កៅអី​​ដែល​តុបតែង​ដោយ​ស្បែកដ៏​ប្រណិត ហើយត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានពហុមុខងារ TFT ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ គាំទ្រប្រព័ន្ធរុករក cloud navigation និងប្រព័ន្ធ OTA ។ ខណៈពេលដែលការភ្ជាប់មុខងារ Android Auto តាមរយៈខ្សែ។ អេក្រង់បង្ហាញលើកញ្ចក់ HUD និងឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ១១ ចំនុច។ បន្ថែមពីនេះ​ រថយន្តនេះក៏បានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថភាព Toyota Safety Sense 2.0 ទៀតផង។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២៤៤ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ​ ៨​ វគ្គ ប្រព័ន្ធបើកបរប៉ុង ២ វិលកង់ទាំងអស់៕

Sponsored