Toyota Yaris ជំនាន់ថ្មី ដូររាងថ្មី ប្រកាសចេញជាផ្លូវការ តម្លៃជាង ១ម៉ឺនដុល្លារ

[ទីផ្សារបរទេស] នាថ្ងៃទី៩ ខែសីហានេះ Toyota នៅប្រទេសថៃបានប្រកាសចេញរថយន្ត Yaris Ativ ជំនាន់ថ្មី រូប​រាង​ថ្មី​ជាផ្លូវការ ដោយ​រថយន្តនេះ​មាន​ឈ្មោះថា Vios នៅទីផ្សារមួយចំនួន ដូចជានៅប្រទេសវៀតណាម​ជាដើម។

រថយន្តជំនាន់ថ្មីនេះបានប្ដូរប្រើប្រាស់ការឌីហ្សាញបែបស្ព័រ អម​ជាមួយ​ការឌីហ្សាញបែបជ្រុងៗខុស​ពី​ស្រឡះ​ពី​រថយន្ត​ជំនាន់មុន ហើយ​អំពូល​ភ្លើងមុខ/ក្រោយក៏មានរូបរាងស្ដើងជាងមុនផងដែរ។ រូបរាងថ្មីនេះហាក់ស្រដៀងនឹងរថយន្ត Corolla Altis និង Camry ជំនាន់ថ្មីដែរ។

ពាណិជ្ជកម្ម

Toyota បានបំពាក់​អំពូលភ្លើង LED សុទ្ធលើ​រថយន្ត Yaris Ativ នេះ​ទាំងអំពូលខាងមុខ, អំពូល​ឲ្យ​សញ្ញា​ខាង​ក្រោយ និងអំពូល​ស៊ីញ៉ូផងដែរ។ រថយន្តនេះដែរមានបំពាក់យ៉ាន់ស្ព័រទំហំ ១៦អ៊ីញ និងមាន​ផ្ទាំងប៉ាណាមុខទំហំធំជាងមុន។

ផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូររចនាបថខ្លះៗផងដែរ ហើយវាមានបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ៧អ៊ីញ, មាន​អេក្រង់​កម្សាន្ត​ទំហំ ៩អ៊ីញ, មានមុខងារ Apple CarPlay និង Android Auto, ប្រព័ន្ធសំឡេង Pioneer, ភ្លើង Ambient មាន​សរុប ៦៤ពណ៌ និងមានម៉ាស៊ីនត្រជាក់ចែកដាច់ជាពីរតំបន់។

មុខងារសុវត្ថិភាពវិញក៏មានសម្បូរបែបផងដែរ រួមមានមុខងារ pre-collision warning and automatic braking, lane departure warning, lane view camera, sudden acceleration warning, cruise control with Stop&Go, cross-traffic alert horizontal when reversing និងហ្វ្រាំងដៃអេឡិចត្រូនិក ជាមួយ​កាមេរ៉ា ៣៦០ដឺក្រេ រួមទាំងពោងសុវត្ថិភាពចំនួន៦។

រថយន្ត Yaris Ativ ស៊េរីថ្មីដែលលក់នៅប្រទេសថៃមានជម្រើសបួនប្រភេទ ប៉ុន្តែប្រើប្រាស់ម៉ាស៊ីន​តែមួយ​ដូចគ្នា​មាន​ចំណុះ ១,២លីត្រ អាចផលិតកម្លាំងបាន ៩៤សេះ, ប្រអប់លេខប្រភេទ CVT-i និងប្រើប្រព័ន្ធបើកបរ​ប៉ុងមុខ។

នៅប្រទេសថៃរថយន្តនេះមានតម្លៃចាប់ពីប្រមាណ ១៥ ២០០​ដុល្លារ រហូតដល់ ១៩ ៦០០​ដុល្លារ ដែល​អាច​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់ Honda City, Nissan Almera និង Hyundai Accent៕

Sponsored