Volvo មានបច្ចេកវិទ្យាថ្មី អាចមើលដឹងថាឡានមានបញ្ហាអ្វីខ្លះក្នុងពេលត្រឹមប៉ុន្មានវិនាទី

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volvo ប្រចាំនៅសហរដ្ឋអាមេរិក បានប្រកាសថាខ្លួនដាក់ដំណើរការកម្មវិធីថ្មីមួយនៅតាមហាងលក់រាយនៅទូទាំងសហរដ្ឋអាមេរិក ដែលមានសមត្ថភាពអាចស្វែងរកកំហូចក្នុងរថយន្តណាមួយ ដោយប្រើពេលត្រឹមប៉ុន្មានវិនាទី។

កម្មវិធីថ្មីរបស់ Volvo ដែលជាបច្ចេកវិទ្យាផលិតឡើងក្រោមការសហការជាមួយ UVeye មានសមត្ថភាពអាចឆែកមើលកង់រថយន្ត, តួខ្លួនផ្នែកខាងក្រោមនៃរថយន្ត រួមទាំងផ្នែកខាងក្រៅរបស់រថយន្តទាំងមូលផងដែរ ដែលបច្ចេកវិទ្យានេះនឹងធ្វើឲ្យការផ្ដល់សេវាកម្មជួសជុលកាន់តែរហ័ស និងពន្លឿនដល់ការដោះដូររថយន្តថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីទាំងមូលនេះធ្វើឡើងអំពីប្រព័ន្ធចំនួនបី ដែលមួយឈ្មោះថា Helios ដែលវាគឺជាឧបករណ៍ស្កេននៅផ្នែកខាងក្រោម ដែលអាចស្វែងរក​ការខូចខាតលើគ្រោងឆ្អឹង, ការលេចធ្លាយប្រេង ខណៈដែលប្រព័ន្ធឈ្មោះ Artemis គឺជាប្រព័ន្ធត្រួតពិនិត្យកង់​ដែល​អាចឲ្យទុកចិត្តថាកង់ទាំងបួនស្មើគ្នា, អាចវាស់​កម្រិតសឹក និងសមត្ថភាពដទៃទៀត ចំណែកប្រព័ន្ធចុងក្រោយឈ្មោះ Atlas ផ្ដល់ជូននូវការស្កេន៣៦០ដឺក្រេនៅផ្នែកខាងក្រៅនៃរថយន្តដើម្បីស្វែងរកកន្លែងដែលកំពិត, ស្នាមឆ្កូត, ច្រេះ និងបញ្ហាផ្សេងៗទៀត។

Volvo បានប៉ាន់ស្មានថាបច្ចេកវិទ្យានេះនឹងមានប្រយោជន៍សម្រាប់គោលបំណងធំចំនួនបី ទីមួយគឺជួយឲ្យអ្នកបច្ចេកទេ​សស្វែងរកបញ្ហាបានលឿន ទីពីរគឺបង្កើតបាននូវរបាយការណ៍សុខភាពរថយន្តជាមួយរូបភាពដែលអាចចែករំលែកជាមួយអតិថិជន និងចុងក្រោយគឺអាចជួយឲ្យម្ចាស់រថយន្ត Volvo ជឿជាក់ថារថយន្តពួកគេមានសុវត្ថិភាពខ្ពស់។

លើសពីនេះ វាក៏នឹងជួយដល់ពេលដែលអតិថិជនយករថយន្តមកដូរម៉ូដែល ដោយវាអាចបង្ហាញដល់ម្ចាស់រថយន្តពីស្ថានភាពពិតប្រាកដនៃរថយន្តរបស់ពួកគេ ព្រោះថាការយល់ឃើញរបស់ Volvo គឺអតិថិជនតែងតែគិតថារថយន្តដែលពួកគេយកមកដូរ គឺស្ថិតក្នុងស្ថានភាពមួយដែលល្អប្រសើរជាងធាតុពិតជាក់ស្ដែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម