ក្រុមហ៊ុន Mitsubishi ទើបតែបានបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីរបស់ខ្លួនគឺម៉ូឌែល ASX VR-e ដែលជារថយន្តអគ្គិសនីទី២ ក្រោយខកខានជាច្រើនឆ្នាំ ពោលគឺរថយន្តអគ្គិសនីទី១ ត្រូវបានបញ្ចេញកាលពីឆ្នាំ២០១០ ដល់ ២០១២។

រថយន្តអគ្គិសនីថ្មីនេះ ត្រូវបានអភិវឌ្ឍក្រោមកិច្ចសហការជាមួយក្រុមហ៊ុនតៃវ៉ាន់ Foxtron ដោយគ្រោងនឹងដាក់លក់នៅប្រទេសអូស្ត្រាលី ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៦ ខាងមុខ ជាមួយជម្រើស option ចំនួន៤។ យ៉ាងណាមិញ តម្លៃររថយន្តនេះ មិនទាន់ត្រូវបានប្រកាសផ្លូវការទេ ប៉ុន្តែគេប៉ាន់ស្មានថា វាអាចមានតម្លៃជិត ៣ម៉ឺនដុល្លារអាមេរិក។
លោក Shunichi Kihara នាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi Motors Australlia បាននិយាយថា ការបញ្ចេញរថយន្ត ASX VR-e នេះ បានក្លាយជាព្រឹត្តិការណ៍សំខាន់បំផុតដ៏គួរឲ្យកត់សម្គាល់ សម្រាប់រថយន្ត Mitsubishi។ រថយន្តថ្មីនេះ បន្តដំណើរនៃការច្នៃប្រឌិត ជាមួយប្រព័ន្ធកម្សាន្តដែលផ្តល់បទពិសោធន៍ថ្មី ការរចនា និងកម្លាំងសន្ទុះនៃការបើកបររថយន្តអគ្គិសនី។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Mitsubishi ក៏មិនទាន់បានបញ្ជាក់ពីទំហំអាគុយ និងម៉ូទ័ររបស់រថយន្តនេះនៅឡើយដែរ។ ប៉ុន្តែដោយសារ ASX VR-e ប្រើគ្រោងឆ្អឹងរួមគ្នាដូចរថយន្ត Foxtron Bria ដែរ ដូច្នេះគេរំពឹងថា រថយន្តអគ្គិសនីថ្មីរបស់ Mitsubishi នេះ នឹងមកជាមួយជម្រើសប៉ុង១ បំពាក់ម៉ូទ័រ មានកម្លាំង ២៣២hp និងជម្រើសប៉ុង២ បំពាក់ម៉ូទ័រមានកម្លាំង ៤០៥hp។ ជម្រើសប៉ុងទាំង២ គឺមកជាមួយកញ្ចប់អាគុយទំហំ ៥៧,៥គីឡូវ៉ាត់ម៉ោងដូចគ្នា ផ្តល់ចម្ងាយបើកបរបានជាង ៤០០គីឡូម៉ែត្រ៕
























