អ្នកបើកបរមួយចំនួន ប្រាកដជាយល់ឃើញថា ការបើករថយន្តចុះចំណោត ឬចុះពីលើភ្នំ គឺមានភាពងាយស្រួលជាងការបើកឡើងទួល ឬឡើងភ្នំ ដោយសារតែមិនចាំបាច់ប្តូរចង្កឹះលេខ ប្រើបច្ចេកទេស ហើយម៉ាស៊ីនរថយន្ត ក៏មិនប្រឹងខ្លាំងដូចពេលឡើងនោះដែរ។

តែយ៉ាងណាមិញ ការបើករថយន្តចុះចំណោត ជាពិសេសចំណោតវែងៗដូចជានៅតាមផ្លូវភ្នំ ក៏ទាមទារផងដែរនូវការយល់ដឹងពីតិចនិកបើកបរ ក៏ដូចជាច្បាប់ចរាចរណ៍រួមមានដូចជា៖
១. សញ្ញាចរាចរណ៍៖ អ្នកបើកបរអាចត្រៀមខ្លូនប្រុងប្រយ័ត្នចំពោះផ្លូវខាងមុខនិងគោរពតាម ពេលឃើញផ្លាកសញ្ញា ចុះចំណោត ផ្លាកសញ្ញាមានផ្លូវកោងទៅឆ្វេង កោងទៅស្តាំ និងគំនូសសញ្ញាហាមមិនឲ្យវ៉ាជែងជាដើម។
២. ត្រូវបន្ថយល្បឿនមុនចាប់ផ្តើមចុះចំណោត ជាពិសេសត្រូវគោរពតាមផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា ព្រមទាំងរក្សាគម្លាតសុវត្ថិភាពឲ្យបានឆ្ងាយបន្តិចពីយានយន្តខាងមុខផងដែរ។
៣. ប្រសិនបើស្ថានភាពផ្លូវមិនសូវចោតខ្លាំង គឺមិនចាំបាច់ប្តូរចង្កឹះលេខទេ ដោយគ្រាន់តែជាន់ហ្វ្រាំងអម ចៀសវាងជាន់ហ្រាំ្វងខ្លាំងៗ បើគ្មានឧបសគ្គខាងមុខទេនោះ។
៤. បើស្ថានភាពផ្លូវចុះចំណោតខ្លាំង និងវែង អាចប្តូរចង្កឹះលេខមកដាក់លេខទាបៗដែលជួយទប់ម៉ាស៊ីន ឬហៅថា Engine Brake ដើម្បីចៀសវាងការជាន់ហ្វ្រាំងខ្លាំងជាប់ ដែលបណ្តាលឲ្យឆាប់សឹកស្បែកហ្វ្រាំង និងឡើងកម្តៅ។ ត្រង់ចំណុចនេះដែរ ប្រសិនបើរថយន្តអ្នកជារថយន្ត Hybrid ឬ អគ្គិសនីសុទ្ធ គឺទទួលបានអំណោយផលទៅវិញទេ ដោយវាមកជាមួយប្រព័ន្ធ Regenerative Braking ពោលគឺមិនត្រឹមតែជួយដល់ស្បែកហ្វ្រាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសាកអាគុយថែមទៀតផង៕



















