
ក្រុមហ៊ុន General Motors បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ២៥ នៃការបង្កើតរថយន្ត Hummer H2 ដោយបានធ្វើការដាក់បង្ហាញរថយន្តឆ្នៃជាពិសេស Hummer EV Icon 25។ រថយន្ដខួប ២៥ឆ្នាំ មួយនេះត្រូវបានរចនាជាមួយពណ៌លឿងឆើតឆាយ ទទួលបានការបំផុសគំនិតចេញពីពណ៌ដ៏ទាក់ភ្នែកដែលធ្លាប់មាននៅលើម៉ូឌែល Hummer H2 ជំនាន់មុន ហើយផលិតមកជាមួយកំណត់តែ ២៥០គ្រឿងប៉ុណ្ណោះ។
ងាកទៅមើលការរចនាជាមួយពណ៌លឿងលេងបន្ថែមជាមួយពណ៍ខ្មៅយ៉ាន់កង់, Body kit ជមួយជុំរថយន្ដ , កញ្ចក់មើលក្រោយ និងដំបូលឡាន កាន់តែជួយលើកសម្រស់រថយន្ដឲ្យកាន់តែស្រស់ស្អាតហើយមកទៅគឺសុីគ្នាតែម្ដងរវាងពណ៍លឿងជាមួយពណ៍ខ្មៅ។ លើសពីនេះ ម៉ូឌែលខួប ២៥ឆ្នាំនេះក៏មានបំពាក់នូវទំពក់សម្រាប់អូសសណ្ដោងពណ៌ខ្មៅ និងបន្ទះដែកការពារបាតក្រោមពណ៌ខ្មៅផងដែរ។
ការផ្លាស់ប្តូរផ្នែកខាងក្នុងក៏មានតិចតួចដូចគ្នាដែរ ប៉ុន្តែវារួមបញ្ចូលនូវកាប៊ីនពណ៌ខ្មៅស្រអាប់ថ្មីជាមួយនឹងក្រាហ្វិកប្លែកខុសពីម៉ូឌែលធម្មតានៅលើអេក្រង់កម្សាន្ត)។ ជាមួយគ្នានេះដែរ វាក៏មានបំពាក់នូវផ្លាកសញ្ញាដែលមានវាយលេខរៀងសម្គាល់ នៅលើតាប្លូ ដែលបញ្ជាក់ថា រថយន្តនេះគឺជាគ្រឿងមួយក្នុងចំណោមរថយន្តចំនួន ២៥០គ្រឿង។ អ្នកទិញក៏នឹងទទួលបាន «វត្ថុអនុស្សាវរីយ៍ផ្តាច់មុខ» មួយផងដែរ ប៉ុន្តែក្រុមហ៊ុន GMC បានបដិសេធមិនប្រាប់ថាវាជាអ្វីនោះឡើយ។
សម្រាប់កញ្ចប់តុបតែងពិសេស «Icon 25» នេះនឹងត្រូវដាក់ឲ្យមាននៅលើរថយន្ត Hummer EV ទាំងប្រភេទភីកអាប់និងប្រភេទ SUV 2X និង 3X។ មិនទាន់មានការបញ្ជាក់អំពីតម្លៃនៅឡើយទេ ប៉ុន្តែសម្រាប់ម៉ូឌែលឆ្នាំ ២០២៦ មានតម្លៃចាប់ផ្តើមពី ៩៧ ៨២៥ ដុល្លារអាមេរិក។ ជាមួយគ្នានេះក្រៅការកែលម្អខាងក្រៅក្រុមហ៊ុន GMC ក៏បានប្រកាសពីការធ្វើបច្ចុប្បន្នភាពមួយចំនួនសម្រាប់ម៉ូឌែលឆ្នាំថ្មីនេះផងដែរ រួមទាំងការបំពាក់រន្ធសាកភ្លើងស្តង់ដារអាមេរិកខាងជើង (NACS) អនុញ្ញាតឲ្យរថយន្ដនេះអាចប្រើប្រាស់ស្ថានីយសាកថ្ម Tesla Superchargers បានយ៉ាងងាយ ដោយមិនចាំបាច់ Adapter ទៀតនោះឡើយ។ បន្ថែមពីនេះក្រុមហ៊ុនបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះមិនមានផលប៉ះពាល់ដល់សមត្ថភាពនៃការសាកថ្មទៅផ្ទះនោះឡើយ។ រថយន្ត GMC Hummer EV ស៊េរីឆ្នាំ ២០២៧ នឹងត្រូវដាក់ចូលក្នុងខ្សែសង្វាក់ផលិតកម្មនៅចុងឆ្នាំនេះ ហើយនឹងបន្តប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីដូចម៉ូឌែល អាចផលិតកម្លាំងបានរហូតដល់ ១ ១៦០សេះ និងអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង) ក្នុងរយៈពេលត្រឹមតែ ២.៨ វិនាទីប៉ុណ្ណោះ៕





















