ក្តៅៗ! ភីកអាប់ Ford Ranger ឆ្នាំ២០២៣ បង្ហាញខ្លួនផ្លូវការ ជាមួយមុខមាត់ថ្មី និងទំនើបជាងមុន | (REVIEW+)

(REVIEW+) ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញនូវភីកអាប់ Ranger ឆ្នាំ២០២៣ សម្រាប់ទីផ្សារជុំវិញពិភពលោកជាផ្លូវការ ជាមួយការអភិវឌ្ឍន៍ថ្មីជាច្រើន ទាំងរូបរាង បច្ចេកវិទ្យា និងសមត្ថភាពបើកបរ។

ចាប់ផ្តើមជាមួយការឌីស្សាញផ្នែកខាងក្រៅ ផ្នែកខាងមុខនៃរថយន្តភីកអាប់នេះទទួលបានការឌីស្សាញកាត់តាមភីកអាប់ខ្នាតតូច Maverick និងភីកអាប់ខ្នាតធំ F-150 ជាមួយរបានៅចំកណ្តាលប៉ាណាខាងមុខ អមដោយចង្កៀងសងខាងរូបរាងជាអក្ស C ដែលភ្ជាប់មកជាមួយអំពូលបំភ្លឺពេលថ្ងៃ Daytime Running Light និងអំពូលប្រភេទ Matrix LED។

ពាណិជ្ជកម្ម

លើសពីនេះ សម្រាប់ម៉ូឌែលឆ្នាំ ២០២៣នេះ បានភ្ជាប់មកជាមួយទំពក់អូសសណ្តោង, ប្រព័ន្ធភ្លើង Zone Lighting System ដែលផ្តល់នូវពន្លឺ ៣៦០ដឺក្រេនៅពេលយប់ និងមានទ្រុងធំជាងមុន ខណៈពេលរថយន្តទទួលបានការឌីស្សាញថ្មីដែលមានប្រវែងសរុប និងប្រវែងគម្លាតកង់វែងជាងមុន ៥០មម។ នៅក្នុងនោះផងដែរ ក៏បានធ្វើការផ្លាស់ប្តូរកាងលម្អថ្មី និងកាន់តែពិសេសគឺមានកន្លែងសម្រាប់ឡើងនៅផ្នែកចំហៀង ឬយើងហៅបានថាជាជណ្តើរសម្រាប់ឡើង។

រីឯផ្នែកខាងក្នុងកាប៊ីន វាបានទទួលការឌីស្សាញថ្មីដោយផ្តល់នូវភាពទំនើប និងផាសុកភាព ជាមួយការបំពាក់ដោយកុងទ័រឌីជីថល និងអេក្រង់កម្សាន្ត Touchscreen បញ្ឈទំហំ ១០,១អ៊ីញ ឬ ១២អ៊ីញ ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា SYNC4, កាំម៉េរា ៣៦០ដឺក្រ, កន្លែងសាកថ្មឥតខ្សែ និងកន្លែងផ្ទុកឥវ៉ាន់នៅខាងក្រោយ និងក្រោមកៅអីផ្នែកខាងក្រោយ រួមជាមួយ Console និងដៃចង្កឹះលេខប្រភេទអេឡិចត្រូនិចឌីស្សាញថ្មីផងដែរ។ លើសពីនេះ Ford បានផ្តល់អោយអតិថិជននូវការប្រើប្រាស់ជាមួយកម្មវិធី FordPass App ក្នុងការបញ្ឆេះរថយន្ត និងបើក ឬបិទទ្វារថយន្តផងដែរ។

ខណៈពេល Ford ពុំទាន់បង្ហាញអំពីជម្រើសម៉ាស៊ីនជាក់លាក់ និងជម្រើសប្រអប់លេខនៃរថយន្ត រថយន្តនេះនឹងមាននូវជម្រើសម៉ាស៊ីនម៉ាស៊ូតចំនួន ៣ប្រភេទ និងម៉ាស៊ីនសាំងចំនួន ១ប្រភេទ ដោយរួមមានម៉ាស៊ីន ២.០លីត្រ ៤ស៊ីឡាំង ប្រភេទមួយ Turbo ឬ Turbo ភ្លោះ, ម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ ៣.០លីត្រ V6 និងម៉ាស៊ីនសាំង ២.៣លីត្រ EcoBoost ៤ស៊ីឡាំង។

ចំពោះតួរគ្រោងនៃរថយន្ត Ford បាននិយាយថារថយន្តនេះត្រូវបានផលិតឡើងជាមួយគ្រោងឆ្អឹងអភិវឌ្ឍន៍ថ្មី ដែលកង់ផ្នែកខាងមុនត្រូវបានរំកិលទៅមុខ និងបានផ្លាស់ប្តូរទីតាំងថ្មីទៅលើបូមក្រោយ ក្នុងការជួយអោយការបើកបរកាន់តែប្រសើរ។

សម្រាប់រថយន្ត Ford Ranger ឆ្នាំ ២០២៣ នឹងត្រូវផលិតឡើងនៅរោងចក្រក្នុងប្រទេសថៃ និងអាហ្រិ្វចខាងត្បូងនាឆ្នាំក្រោយ ដោយព័ត៌មានលម្អិតបន្ថែមទៀតនឹងបង្ហាញចេញនាពេលជិតចេញលក់នៅលើទីផ្សារ៕

Sponsored