ក្រុមហ៊ុន Ford ឡើងដល់តម្លៃទីផ្សារ ១០០ ពាន់លានដុល្លារ ជាលើកដំបូង

[ទីផ្សាររថយន្តបរទេស] តម្លៃទីផ្សាររបស់ក្រុមហ៊ុន Ford Motor បានឡើងដល់ ១០០ ពាន់លានដុល្លារជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកវិនិយោគជាច្រើនបានភ្នាល់លើយុទ្ធសាស្ត្ររថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Ford ដែលមានតម្លៃកើនឡើងជាង ២ដងកាលពីឆ្នាំមុន បានកើនឡើង ៣,៧ ភាគរយនៅក្នុងការជួញដូរពេលរសៀល បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់ជាងពីរទសវត្សរ៍មុន។

ពាណិជ្ជកម្ម

បច្ចុប្បន្នក្រុមហ៊ុន Ford មានតម្លៃលើសពីគូប្រជែងដែលមានអាយុកាលរាប់សតវត្សរបស់ខ្លួន គឺក្រុមហ៊ុន General Motors ដែលតម្លៃទីផ្សារមានប្រហែល ៨៨,៦១ ពាន់លានដុល្លារអាមេរិក និងក្រុមហ៊ុន Rivian Automotive ដែលជាក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មរថយន្តអគ្គិសនី ដែលមានតម្លៃប្រហែល ៧៧,៨ ពាន់លានដុល្លារអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន​ផលិត​រថយន្ត Ford ​នៅ​តែ​ឈរពីក្រោយអ្នកឈានមុខគេផ្នែករថយន្តអគ្គិសនី Tesla ដែល​មាន​ទីផ្សារ​ជាង ១ទ្រី​លាន​ដុល្លារ​ឯណោះ។

យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៤,៧ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុន Tesla បានធ្វើបច្ចុប្បន្នភាពគេហទំព័រ ផ្នែកគំរូរថយន្ត Cybertruck ដើម្បីលុបចេញឯកសារយោងនៃរថយន្តនេះ៕

Sponsored