
ក្រុមហ៊ុន Xpeng បានផលិតរថយន្តជាច្រើនម៉ូឌែលក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន រាល់រថយន្ដនីមួយៗត្រូវបានរចនាជាមួយរូបរាងដ៏ភាពទាក់ទាញ ជាពិសេសបំពាក់នូវបច្ចេកវិទ្យាទំនើបៗ។ គិតត្រឹមរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ ក្រុមហ៊ុនផលិតរថយន្ដនេះចិនមួយនេះបានប្រគល់រថយន្តសរុបចំនួន ១០៣ ២៩៥ គ្រឿងជូនអតិថិជនរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍មួយជាមួយ WardsAuto លោក He Xiaopeng ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xpeng បានលើកឡើងថា៖«អាមេរិកនឹងក្លាយជាទីផ្សារដ៏សំខាន់បំផុតមួយដែលយើងត្រូវតែចូលទៅឈរជើង ពីព្រោះវានឹងជួយឲ្យយើងរីកចម្រើនកាន់តែប្រសើរជាងមុន»។
រឿងនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះជាទូទៅប្រជាជនអាមេរិកទិញរថយន្តថ្មីៗប្រមាណ ១៦ លានគ្រឿងជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ ក៏បានរៀបចំផែនការដើម្បីឈានជើងចូលទីផ្សារសហរដ្ឋអាមេរិកជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែជាក់ស្ដែងកាលពីថ្មីនេះសូម្បីតែម៉ាកយីហោ Polestar ស្ថិតក្រោមបុត្រសម្ព័ន្ធរបស់ Geely ត្រូវបានហាមឃាត់ឈប់ឲ្យលក់រថយន្ដនៅទឹកដីសហរដ្ឋអាមេរិកទោះទៀតហើយ ទោះបីជាពួកគេមានរោងចក្រផលិតនៅទីនោះក្ដី។
ទោះជាយ៉ាងណាក៏ដោយ លោក Xiaopeng សង្ឃឹមថាស្ថានការណ៍នឹងមានការផ្លាស់ប្តូរនាពេលអនាគត ហើយអ្វីៗអាចនឹងការកែប្រែជាពិសេសច្បាប់រឹតបន្ដឹងលើរថយន្ដចិន។ បន្ថែមពីនេះលោក Xiaopeng បានពន្យល់ទៀតថា៖«ខ្ញុំគិតថាឭប្រសិនបើនយោបាយរបស់សហរដ្ឋអាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុនដូចជាយើងអាចចូលទៅកាន់ទីផ្សារអាមេរិកនិងសាងសង់រោងចក្រនៅទីនោះបាន យើងពិតជានឹងទទួលយកការសម្រេចចិត្តនោះដោយក្តីរីករាយយ៉ាងពិតប្រាកដ»។
រឿងមួយធ្វើឲ្យក្រុមហ៊ុនចិននៅតែអាចរំពឹងថាពួកគេនៅតែរំពឹងឱកាសអាចឈានជើងចូលទីផ្សារអាមេរិក ទោះបីជាមានភាគរយតតិចតួចក៏ដោយព្រោះថាកន្លងមកលោក Donald Trump មើលទៅដូចជាបានផ្លាស់ប្តូរជំហរចុះឡើងៗជារឿយយៗលើពាក់ព័ន្ធជាមួយការកំណត់ច្បាប់លើរថយន្តចិន។ កាលពីដើមឆ្នាំនេះ លោកបាននិយាយថា៖ «ប្រសិនបើពួកគេចង់ចូលមក សាងសង់រោងចក្រ និងជួលរូបអ្នក ជួលមិត្តភក្តិរបស់អ្នក ព្រមទាំងអ្នកជិតខាងរបស់អ្នកឲ្យធ្វើការ នោះវាគឺជារឿងដ៏អស្ចារ្យ។ ខ្ញុំចូលចិត្តរឿងហ្នឹង។ បណ្តោយឲ្យចិនចូលមកចុះ»។
ជាមួយនេះក្រុមហ៊ុន Polestar បានធ្វើបែបហ្នឹងបេះបិទ មានទាំងរោងចក្រ ប៉ុន្តែនៅតែត្រូវបានហាមឃាត់ដដែល ខណៈដែលរថយន្ត Volvo ដែលត្រូវបានដំឡើងនៅក្នុងរោងចក្រជាមួយគ្នានោះ បែរជាទទួលការអនុគ្រោះទៅវិញ ខណៈម៉ាកយីហោទាំង ២នេះស្ថិតក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Geely ដូចគ្នាទៀត៕

























