ការផ្ទុះសង្គ្រាមរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ ដែលបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាលឲ្យតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ដោយរួមមានទាំងកម្ពុជាផង បានឡើងថ្លៃជាបន្តបន្ទាប់។ អ៊ីចឹង តើបងប្អូននៅចាំទេ នៅមុនផ្ទុះសង្គ្រាមនេះ តើតម្លៃប្រេងនៅកម្ពុជា មានតម្លៃប៉ុន្មានរៀល?

តម្លៃប្រេងឥន្ធនៈ ដែលក្រសួងពាណិជ្ជកម្មបានប្រកាសកំណត់ឲ្យអនុវត្តចាប់ពីថ្ងៃទី២១ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺប្រេងសាំង តម្លៃ ៣៧៥០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត តម្លៃ ៣៨០០រៀលក្នុង១លីត្រតែប៉ុណ្ណោះ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ពោលគឺចាប់ពីដើមខែមីនាមក តម្លៃប្រេងនេះ ក៏បានហក់ឡើងបន្តិចម្តងៗ និងត្រូវបានរាជរដ្ឋាភិបាល សម្រេចបញ្ចុះពន្ធអាករទាំងអស់ ដើម្បីជួយសម្រួលតម្លៃប្រេង។
តែយ៉ាងណាក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតម្លៃប្រេងនៅកម្ពុជាបានធូរស្រាលបន្តិច ដោយតម្លៃបានថយចុះមកវិញជាបន្តបន្ទាប់។ តម្លៃប្រេងថ្មីដែលអនុវត្តចាប់ពីថ្ងៃទី១៨ ខែមេសានេះ រហូតដល់មានការជូនដំណឹងជាថ្មី គឺប្រេងសាំងតម្លៃ ៤៩៥០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត តម្លៃ ៥៧០០រៀលក្នុង១លីត្រ ខណៈតម្លៃប្រេងដែលអនុវត្តកាលពីថ្ងៃទី៧ ខែមេសា គឺបានហក់ឡើងខ្ពស់បំផុត ក្នុងនោះប្រេងសាំងតម្លៃ ៥៥០០រៀលក្នុង១លីត្រ ចំណែកប្រេងម៉ាស៊ូតតម្លៃ ៨២០០រៀលក្នុង១លីត្រ៕














