ប្តូរពីការបិទរោងចក្រនៅក្នុងប្រទេសអាល្លឺម៉ង់ Volkswagen ប្រកាសកែប្រែហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ១៨០ដឺក្រេ

បន្ទាប់ពីការធ្វើការសម្រេចចិត្តជាច្រើនដំណាក់កាល ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការប្រកាសជាផ្លូវការថា នឹងមិនមានការបិទរោងចក្រផលិតរថយន្តរបស់ពួកគេនៅក្នុងប្រទេសអាល្លឺម៉ង់នោះឡើយ ប៉ុន្តែនឹងកែប្រែហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាការបញ្ចប់ផលិតកម្មរថយន្ត Volkswagen Golf ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៤ មក ដើម្បីបំពេញចន្លោះ និងកែតម្រូវបញ្ហាបញ្ហាសេដ្ឋកិច្ច និងបញ្ហាទីផ្សារដែលកំពុងប្រឈមនាពេលសព្វថ្ងៃនេះ។

ជាមួយគ្នានេះផងដែរ ការផលិតរថយន្ត Volkswagen Golf នឹងផ្លាស់ប្តូរទៅរោងចក្រ Puebla នៅក្នុងប្រទេសម៉ិកស៊ិក ចាប់ពីឆ្នាំ២០២៧ តទៅ ចំណែករោងចក្រ Wolfsburg នៅក្នុងប្រទេសអាល្លឺម៉ង់ នឹងផ្តោតទៅលើការផលិតរថយន្តអគ្គិសនីសុទ្ធនៅលើគ្រោងឆ្អឹង SSP platform ថ្មីវិញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររថយន្តអគ្គិសនីនៅចុងទសវត្សរ៍នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Volkswagen ក៏បានប្រកាសកាត់បន្ថយការងារចំនួន ៣៥ ០០០ កន្លែង ក្នុងចំណោមការងារសរុប ១២០ ០០០ កន្លែង និងកាត់បន្ថយសមត្ថភាពផលិតកម្មរថយន្តចំនួន ៧៣៤ ០០០ គ្រឿង ស្មើនឹង ៦,៦ ពាន់លានដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ដើម្បីរក្សាក្រុមហ៊ុនឱ្យបន្តដំណើរការដោយ​ស្ថិរភាព និងព្យាយាមអភិវឌ្ឈន៏បច្ចេកវិទ្យាថ្មីៗសម្រាប់ប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនដទៃនាពេលអនាគត។

ចំពោះការផ្លាស់ប្តូរផ្សេងៗទៀតនៅក្នុងប្រទេសអាល្លឺម៉ង់របស់ក្រុមហ៊ុន Volkswagen គឺពួកគេនឹងផ្លាស់ប្តូរពីការផលិតរថយន្តប្រើប្រាស់ប្រេងសាំង និងម៉ាស៊ូត ទៅកាន់រថយន្តអគ្គិសនីសុទ្ធ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងលើទីផ្សារថ្មី, ការកែប្រែរោងចក្រ Zwickau Plant ទៅធ្វើផលិតកម្មរថយន្ត Audi Q4 e-tron, ផ្អាកផលិតកម្មរថយន្ត ID.3 នៅក្នុងឆ្នាំ២០២៥ និងពិចារណាក្នុងការផលិតរថយន្តម៉ូឌែលថ្មីនៅក្នុងរោងចក្រ Transparent Factory (Dresden), ផ្អាកផលិតកម្ម T-Roc Cabriolet នៅក្នុងឆ្នាំ២០២៧ នៅក្នុងរោងចក្រ Osnabrück Plant និងបន្តផលិតរថយន្ត Multivan និង ID. Buzz នៅក្នុងរោងចក្រ Hanover ដដែល ប៉ុន្តែនឹងកាត់បន្ថយការចំណាយដើម្បីបង្កើតមូលដ្ឋានសម្រាប់ការវិនិយោគនាពេលអនាគត។

សម្រាប់កត្តាទាំងនេះបង្ហាញថា ឧស្សាហកម្មរថយន្តនៅតំបន់អឺរ៉ុបរបស់ក្រុមហ៊ុន Volkswagen កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងបញ្ហាទីផ្សារនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់គូរប្រកួតប្រជែងក្នុងស្រុុក និងបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម