នៅពេលខាងមុខនេះ ក្នុងរាជធានី-ខេត្តចំនួន១៣ នឹងត្រូវដំឡើងអំពូលសូឡាបំភ្លឺ ដែលមានប្រវែងសរុបដល់ទៅ ១០០០គីឡូម៉ែត្រឯណោះ បង្កការងាយស្រួល និងបង្កើនសុវត្ថិភាពក្នុងការបើកបរនៅពេលយប់។ តែយ៉ាងណាក៏ដោយ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់អ្នកបើកបររថយន្ត ដោយត្រូវយល់ដឹងពីតិចនិកបើកបរជាចាំបាច់ ព្រោះវាខុសគ្នាពីការបើកបរនៅពេលថ្ងៃ។ ដូច្នេះខាងក្រោមនេះ គឺជាការយល់ដឹងពីការប្រើប្រាស់រថយន្ត និងតិចនិកបើកបរនៅពេលយប់៖

១. កញ្ចក់ខាងមុខ និងចំហៀង ត្រូវស្អាតស្រឡះ៖ បើកពេលយប់ ពិបាកមើលផ្លូវខាងមុខស្រាប់ទៅហើយ ប្រសិនបើកញ្ចក់រថយន្ត ស្រអាប់ ប្រឡាក់ដីធូលី ឬប្រើផ្លិតទឹកហើយ កញ្ចក់នៅតែមិនស្អាតទៀតនោះ ពិតជាប៉ះពាល់ខ្លាំងដល់ការបើកបរ។
២. ចង្កៀងមុខរថយន្តត្រូវតែដំណើរការភ្លឺល្អ និងត្រូវចេះពីរបៀបប្រើភ្លើងកូត និងហ្វា ឲ្យបានត្រឹមត្រូវតាមច្បាប់។
៣. ត្រូវបិទ ឬបន្ថយពន្លឺភ្លើងផ្សេងៗក្នុងកាប៊ីន កុំឲ្យចាំងភ្នែកអ្នកបើកបរ ដូចជា កុងទ័រ ឬអេក្រង់កម្សាន្តថាច់ស្គ្រីនជាដើម។
៤. កុំព្យាយាមមើលចំនូវភ្លើងចង្កៀងរបស់រថយន្តដែលមកពីទិសផ្ទុយ ព្រោះពេលងាកភ្នែកចេញ អាចធ្វើឲ្យអ្នកស្រវាំង។
៥. ត្រូវបើកបរក្នុងល្បឿនទាបជាងល្បឿនដែលបើកពេលថ្ងៃ ព្រោះភាពងងឹតនៃផ្លូវក៏បានប៉ះពាល់ដល់ចម្ងាយធ្វើប្រតិកម្មរបស់អ្នកបើកបរផងដែរ។
៦. បង្កើនគម្លាតសុវត្ថិភាពពីរថយន្តខាងមុខ។
៧. ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកថ្មើរជើង និងអ្នកជិះកង់ ឬយានជំនិះដែលគ្មានភ្លើងចំណាំងផ្លាត។
៨. ត្រូវគោរពតាមសញ្ញាចរាចរណ៍ទាំងអស់
៩. ឧស្សាហ៍ពិនិត្យមើលកុងទ័រសាំង ឬភាគរយថ្ម ដើម្បីត្រៀមចូលចាក់សាំង ឬសាកថ្មឲ្យហើយពេលមានការ៉ាស់នៅខាងមុខ។
១០. ប្រសិនបើមានអារម្មណ៍ងងុយដេក គួរឈប់សម្រាកសិន បើមានទីតាំងសុវត្ថិភាព ឬផឹកកាហ្វេ ភេសជ្ជៈ ឬទំពារស្ករកៅស៊ូ ដើម្បីបន្លប់កាត់បន្ថយការងងុយ។
១១. ពេលចង់ឡើងវ៉ាជែង នៅតំបន់ដែលអាចជែងបាន ត្រូវប្រុងប្រយ័ត្នបំផុត និងប៉ាន់ស្មានឲ្យបានត្រឹមត្រូវពីចម្ងាយនៃភ្លើងចង្កៀងរបស់រថយន្តដែលមកពីទិសផ្ទុយ។ មុនជែង គឺត្រូវវ៉ៃស៊ីញ៉ូឲ្យបានត្រឹមត្រូវ និងអាចប្រើភ្លើងកូតហ្វាឆ្លាស់គ្នាក្នុងករណីចាំបាច់ ដើម្បីផ្តល់សញ្ញាឲ្យអ្នកបើកបរដទៃ ពេលកំពុងវ៉ាជែង៕






















