[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Subaru Crosstrek ស៊េរីឆ្នាំ២០២៥ ជម្រើសម៉ាសុីន Hybrid ថ្មី នៅក្នុងទីផ្សារប្រទេសជប៉ុន ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
សម្រាប់ Subaru Crosstrek ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ប្រភេទ Boxer ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ថ្មី អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២០៩ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,១គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខ Lineartronic CVT (Continuously Variable Transmission) និងប្រព័ន្ធបើកបរប៉ុង២ AWD។
លើសពីនេះទៅទៀត ប្រព័ន្ធ Hybrid ថ្មីនេះ នឹងបង្កើនប្រសិទ្ធភាពប្រេងដល់ទៅ ២០ភាគរយ បើធៀបនឹងប្រព័ន្ធកូនកាត់បច្ចុប្បន្នរបស់ពួកគេ ហើយ Subaru បាននិយាយថា រថយន្តនេះ អាចបើកបរបានចម្ងាយលើសពី ១ ០០០ គីឡូម៉ែត្រ។
ចំពោះឌីស្សាញផ្នែកខាងក្រៅផ្តល់នៅលក្ខណៈបែបស្ព័រជាងមុន ជាមួយប៉ាណាមុខ និងចង្កៀងមុខ LED ត្រូវបានរចនាថ្មី ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និងចង្កៀងក្រោយរចនារាងអក្សរ C ។ បើនិយាយពីផ្នែកខាងក្នុងវិញ ក៏ទទួលអេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំ ៤,២អ៊ីញ និងអេក្រង់ព៌ត័មានកម្សាន្តទំហំ ១២,៣អ៊ីញ ប្រព័ន្ធ GPS និងប្រព័ន្ធ EyeSight ដែលមានមុខងារ Active Lane Change Assist និង Traffic Jam Assist ជាដើម៕