[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC-Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda ZR-V ស៊េរីឆ្នាំ ២០២៤ ប្រភេទ hybrid ដែលមានភាពសន្សំសំចៃខ្ពស់ ជាមួយតម្លៃលក់ចាប់ពី ២៤ ៩៩៧ ដុល្លារ ដល់ ៣១ ៨០៥ ដុល្លារនៅទីផ្សារប្រទេសចិន ។
Honda ZR-V ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤០ សេះ និងកម្លាំងរមួល ១៨២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ១៨១ សេះ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
រថយន្តនេះមានប្រវែងតួខ្លូនសរុប ៤ ៥៧០ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវេងគន្លាតកង់មុខ-ក្រោយ ២ ៦៥៥ ម.ម និងមានរូបរាងនៃការឌីស្សាញដូចគ្នាទៅនឹងម៉ូដែលរបស់សហរដ្ឋអាមេរិក ដោយបានបំពាក់ជាមួយប៉ាណាមុខថ្មីរចនាជារាងសំណាញ់ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Honda Connect កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ចំនុច ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda sensing super sense ទៀតផង ៕