Cadillac បានប្រកាសថារថយន្តអគ្គិសនី Lyriq ប្រភេទ Debut Edition មានអ្នកកុម្ម៉ង់ទិញអស់គ្មានសល់ក្នុងរយៈពេលត្រឹម១០នាទី បន្ទាប់ពីបើកទទួលការកុម្ម៉ង់។
គួរដឹងថាការកក់នេះមិនមានន័យថារថយន្តទាំងអស់សុទ្ធតែត្រូវបានទិញនោះទេ ដោយការកក់ខ្លះអាចនឹងត្រូវរំសាយចោលវិញ។ បន្ថែមពីនេះក្រុមហ៊ុន Cadillac មិនបានប្រាប់នោះទេថារថយន្ត Lyriq Debut Edition ប៉ុន្មានគ្រឿងដែលខ្លួនដាក់លក់ វាអាចចំនួនប៉ុន្មានរយ ឬប៉ុន្មានពាន់គ្រឿង ឬលើសពីនេះ។
រថយន្ត Lyriq Debut Edition ទាំងអស់មានបំពាក់អាគុយចំណុះ ១០០,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយនៅខាងក្រោយ ដែលអាចផលិតកម្លាំងប៉ាន់ស្មានប្រមាណ ៣៤០សេះ។ ចំណុចលេចធ្លោផ្នែកខាងក្រៅមានដូចជាដំបូលកញ្ចក់ពេញលេញ, យ៉ាន់ទំហំ២០អ៊ីញជាស្តង់ដារ និងជម្រើសយ៉ាន់ទំហំ២២អ៊ីញ។
ឯផ្នែកខាងក្នុងវិញមានឧបករណ៍បំពងសំឡេងម៉ាក AKG ចំនួន១៩គ្រាប់, មុខងារទប់សំឡេងរំខាន, ចង្កូតកំដៅ, កៅអីអ្នកបើកបរ និងកៅអីអ្នកដំណើរខាងមុខអាចសារ៉េបាន៨របៀប រួមទាំងអេក្រង់កម្សាន្ត និងកុងទ័រឌីជីថលទំហំដល់ ៣៣អ៊ីញ៕