ក្រុមហ៊ុនមួយឈ្មោះថា AddAmor បានបង្ហាញនូវរថយន្ត Ferrari 458 Speciale ដ៏ពិសេសមួយ ដែលមានការពាសដែកផ្នែកខាងក្រៅ មើលទៅប្រៀបដូចជារថយន្តធម្មតាអ៊ីចឹង។
AddAmor បានបំពាក់នូវប្រព័ន្ធការពារកម្រិត B4 លើរថយន្តអ៊ីតាលីមហាកម្លាំង ដែលវាអាចធន់នឹងគាប់កាំភ្លើងខ្លី រួមទាំងគ្រាប់កាំភ្លើង .44 Magnum ផងដែរ។ ការពាសដែកការពារលើរថយន្តនេះដែរ បានបន្ថែមទម្ងន់ត្រឹម ៧០គីឡូក្រាមប៉ុណ្ណោះលើរថយន្ត ដោយសារគេបានប្រើប្រាស់វត្ថុធាតុពិសេសដែលមានភាពរឹងមាំជាងដែកធម្មតា១០ដង ប៉ុន្តែស្រាលជាង ៦០%។
បន្ថែមពីនេះគេបានជ្រើសរើសប្រើប្រាស់វត្ថុធាតុស្រាលៗជាច្រើនទៀតលើរថយន្ត ជាមួយការបំពាក់នូវ Option ប្រភេទសរសៃកាបូនគ្រប់ប្រភេទដែល Ferrari មានផ្ដល់ជូនសម្រាប់រថយន្ត 458 Speciale និងប្រើបំពង់ស៊ីមាំង Capristo ដែលមានទម្ងន់ស្រាលផងដែរ។ នេះមានន័យថាទម្ងន់រថយន្តក្រោយពាសដែករួចគឺធ្ងន់ជាងធម្មតា ៣០គីឡូក្រាម ហើយតាមរយៈប្រព័ន្ធបំពង់ស៊ីមាំងដែលជួយបន្ថែមកម្លាំង ៤០សេះទៀត មានន័យថាការឡើងទម្ងន់នេះពិបាកនឹងមើលដឹងណាស់។
ក្រុមហ៊ុន AddAmor មិនបានបញ្ជាក់ថាបានចំណាយទឹកប្រាក់អស់ប៉ុន្មានសម្រាប់ការកែច្នៃរថយន្ត 458 Speciale នេះដែរ ប៉ុន្តែបាននិយាយថាវាមានតម្លៃប្រមាណ ៦២៥ ០០០ដុល្លារ៕