ឡាន Lexus គ្រប់​ម៉ូដែល​នឹង​មាន​ប្រភេទមិនប្រើសាំង ត្រឹម​ឆ្នាំ ២០២៥

​​​ក្នុង​កម្មវិធី​អបអរ​សាទរ​ខួប ៣០ ឆ្នាំនៃ​​ Lexus កាលពី​​សប្ដាហ៍​កន្លងទៅ ​ម៉ាក​​រថយន្ត​ប្រណីត​​របស់​ជប៉ុន​មួយ​នេះ​បាន​ប្រាប់​ខ្លះៗ​អំពី​ផែនការ​នា​ពេល​អនាគត។ ក្នុង​នោះ​រួម​មាន​ផែនការ​អំពី​បច្ចេកវិទ្យា​រថយន្ត​​បើកបរ​ស្វ័យប្រវត្តិ, ចំនួន​រថយន្ត​អគ្គិសនី​​ចេញ​លើ​ទីផ្សារ​ និង​បន្ថែម​ជម្រើស​អគ្គិសនី​លើ​រថយន្ត​កំពុង​មាន​ស្រាប់​។

លោក Koji sato អនុប្រធាន​នៃ Lexus International បាន​និយាយ​ថា ៖ “ជា​មួយ​រថយន្ត Toyota និង Lexus យើង​គ្រោង​បញ្ចេញ​រថយន្ត​អគ្គិសនី​​ចំនួន ១០ ម៉ូដែល នៅ​ត្រឹម​ឆ្នាំ ២០២៥។ ក្នុង​អំឡុង​ពេល​ជា​មួយ​គ្នា​នេះ គ្រប់​ម៉ូដែល​រថយន្ត​ Lexus ដែល​មាន​លើ​ទីផ្សារ​បច្ចុប្បន្ន​ នឹង​មាន​ជា​ជម្រើស​ប្រភេទ​អគ្គិសនី​ បន្ថែម​ពី​លើ​ប្រភេទ​ប្រើ​ប្រេង​ឥន្ធនៈ​សព្វ​ថ្ងៃ​នេះ”។

ពាណិជ្ជកម្ម

​​ក្នុង​ករណី​ “អគ្គិសនី” ​នេះ រួម​បញ្ចូល​ការ​គួប​ផ្សំ​នៃ​ប្រព័ន្ធ Hybrid, Plug-in Hybrid, អគ្គិសនី​ប្រើ​អាគុយ និង​​ប្រភេទ​រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន​ផង​ដែរ ដែល​វា​សុទ្ធ​សឹង​ជា​ជម្រើស​​សម្រាប់​រថយន្ត​អនាគត​របស់ Lexus។

ម៉ាក​រថយន្ត​ Lexus កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​សម្រេច​គោលដៅ​​របស់​ខ្លួន ដោយ​ក្នុង​ចំណោម​រថយន្ត ១១ ម៉ូដែល​របស់​ខ្លួន មាន​ ៥ ម៉ូដែល​ប៉ុណ្ណោះ​មិន​មាន​ជម្រើស​ម៉ាស៊ីន Hybrid ហើយ​ប្រព័ន្ធ Hybrid របស់ Lexus ក៏​បាន​វិវត្តន៍​កាន់​តែ​រីក​ចម្រើន​ផង​ដែរ៕​

Sponsored