[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សារប្រទេសថៃ គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ MG Maxus 7 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ក្នុងពិព័រណ៌រថយន្ត Bangkok International Motor Show 2024 ដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែមិនា ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ។
រថយន្តនេះ មានប្រវែតួខ្លួនសរុប ៤ ៩០៧ ម.ម ទទឹង ១ ៨៨៥ ម.ម កំពស់ ១ ៧៥៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៧៥ ម.ម ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤៤ សេះ និងកម្លាំងរមួល ៣៥០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយលីដ្យូមទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅ MG Maxus 7 ភ្ជាប់មកជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED កញ្ចក់ផ្នែកចំហៀងបែបឌីជីថល ក៏ដូចជាកញ្ចក់ទ្វារគ្មានស៊ុប ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វាររូតដើរដោយថាមពលអគ្គិសនីសងខាង។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លានសន្ទឹងពេញផ្ទៃតាប្លូចំនួន ៣ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កៅអីជួរទី ១ អាចបង្វិលបាន ១៨០ ដឺក្រេ ដំបូលកញ្ចក់ panoramic sunroof ទំហំធំ និងឧបករណ៍បំពងសំឡេងម៉ាក JBL ជាដើម ។
គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីសុទ្ធ MG Maxus 7 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV នៅទីផ្សារប្រទេសចិនមានតម្លៃលក់ចាប់ពី ២០ ៥៦៥ ដុល្លារ ដល់ ៤២ ៥២០ ដុល្លារ ខណៈនៅប្រទេសថៃមិនទាន់ដឹងតម្លៃលក់នៅឡើយទេ ៕