
របាយការណ៍ថ្មីមួយដែលទើបចេញផ្សាយដោយសមាគមអ្នកផលិតយានយន្តប្រទេសចិន និងក្រុមហ៊ុន Hejun Consulting បានបង្ហាញថា អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសមហាយក្សមួយនេះ បន្ទាប់ពីទិញហើយ គឺប្រើមិនដល់២ឆ្នាំឡើយដោយនឹងផ្លាស់ប្តូរថ្មីតែម្តង។

អាយុកាលប្រើប្រាស់រថយន្ត នៅក្នុងប្រទេសចិន គឺខុសៗគ្នាទៅតាមប្រភេទម៉ាស៊ីន និងថាមពល ក្នុងនោះ៖
-រថយន្តអគ្គិសនី មានអាយុកាលប្រើប្រាស់ជាមធ្យម ១,៨ឆ្នាំ
-រថយន្តចំហេះក្នុង មានអាយុកាលប្រើប្រាស់ជាមធ្យម ៨,២ឆ្នាំ។
អ៉ីចឹង ត្រង់ចំណុចនេះ ហេតុអ្វីវាមានការប្រើប្រាស់ខុសគ្នាច្រើនឆ្នាំរវាង រថយន្តអគ្គិសនី និងចំហេះក្នុង បែបនេះ? បើគេមើលទៅលើរថយន្តចំហេះក្នុងដែលផលិតក្នុងឆ្នាំ២០០០ និងរថយន្តចំហេះក្នុងដែលផលិតនៅឆ្នាំ២០១០ គឺមិនសូវខុសគ្នាប៉ុន្មានទេ ពោលគឺទាំងម៉ាស៊ីន និងប្រអប់លេខ នៅតែស្រដៀងគ្នា ដូច្នេះហើយអ្នកប្រើប្រាស់ក៏មិនចាំបាច់ត្រូវផ្លាស់ប្តូររថយន្តថ្មីដែរ។ ប៉ុន្តែសម្រាប់រថយន្តអគ្គិសនីវិញ គឺខុសគ្នា។ អាគុយ ម៉ូទ័រ គ្រឿងអេឡិចត្រូនិច ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងបច្ចេកវិទ្យាសាកថ្មជាដើម ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ខុសគ្នាខ្លាំងពីមួយឆ្នាំទៅមួយ។ មានន័យថា រថយន្តអគ្គិសនីទើបតែទិញឆ្នាំមុនសោះ ស្រាប់តែចេញម៉ូឌែលថ្មីឆ្នាំនេះ ធ្វើឲ្យម្ចាស់រថយន្តនោះមានអារម្មណ៍ថា រថយន្តរបស់ខ្លួនចាស់ហួសសម័យទៅហើយ៕


















