រថយន្ត Nissan Pathfinder ឆ្នាំ២០២២ ចេញតម្លៃផ្លូវការ ចាប់ពីជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការ និងព័ត៌មានលម្អិត នៃរថយន្ត SUV ខ្នាតកណ្តាល Pathfinder ដែលគ្រោងនិងចេញលក់នៅទីផ្សារសហរដ្ឋអាមេរិច ចុងខែនេះ។

រថយន្ត Nissan Pathfinder សេរ៊ីឆ្នាំ ២០២២ មាន ៤ជម្រើសម៉ូឌែល គឺម៉ូឌែលប្រភេទ S, SV SL និង Platinum។ សម្រាប់ម៉ូឌែល S បានបំពាក់ស្តង់ដាជាមួយថាសកង់ទំហំ ១៨អ៊ីញ, ចង្កៀងមុខប្រភេទ LED, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ SiriusXM, Apple Carplay និង Android Auto, កុងទ័របង្ហាញ ទំហំ ៧អ៊ីញ, ម៉ាស៊ីនត្រជាក់ ៣ជួរ និងកៅអីសម្រាប់អ្នកដំណើរចំនួន ៨នាក់។ ចំណែកម៉ូឌែល SV បានបំពាក់បន្ថែមស្តង់ដានូវប្រព័ន្ធបច្ចេកវិទ្យា Nissan ProPilot Assist, កៅអីអ្នកដំណើរអាចបញ្ជាបាន, ដំបូលខាងលើពណ៌ខ្មៅ និងកៅអីខាងមុខមានមុខ ក្តៅ-ត្រជាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯម៉ូឌែល SL និង Platinum បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ៩អ៊ីញ ភ្ជាប់មុខងារឥតខ្សែ Apple Carplay, កៅអីស្បែកប្រភេទ Uphostery និងប្រព័ន្ធផែនទី Nissan’s Door-to-Door ប្រភេទ 3D។ បន្ថែមពីនេះ ម៉ូឌែលកប់បំផុត Platinum ក៏ទទួលបានបន្ថែមនូវកុងទ័រឌីជីថល ទំហំ ១២,៣អ៊ីញ, អេក្រង់បាញ់លើកញ្ចក់ HUD, កន្លែងសាកថ្មឥខ្សែ, កៅអីចំនួន ៧ និងឧបករណ៍តន្ត្រីប្រភេទ Bose ផងដែរ។

រថយន្ត Nissan Pathfinder សេរ៊ីឆ្នាំ ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ២៨៤សេះ និងកម្លាំងរមួល ៣៥១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៩វគ្គអូតូ និងប្រព័ន្ធបើកបរឆ្លាតវៃ 4WD ដែលផ្តល់នូវជម្រើសបើកបររហូតដល់ចំនួន ៧ប្រភេទផងដែរ។ បន្ថែមពីនេះ សម្រាប់ប្រភេទប៉ុងពីរ ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ រថយន្តនេះស៊ីប្រេងអស់ប្រហែល ១១លីត្រ សម្រាប់ក្នុងក្រុង, ៨,៧លីត្រ សម្រាប់ផ្លូវល្បឿនលឿន និងជាមធ្យមប្រហែល ១០លីត្រ។

សម្រាប់ម៉ូឌែល S មានតម្លៃចាប់ពី ៣៣ ៤១០ដុល្លារ, SV ចាប់ពី ៣៦ ២០០ដុល្លារ, SL ចាប់ពី ៣៩ ៥៩០ដុល្លារ និង Platinum មានតម្លៃចាប់ពី ៤៦ ១៩០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម