មកមើលឡាន McLaren Artura ឆ្នាំ២០២២ ខាងក្រៅផ្ទាល់បែបនេះ ទើបដឹងថាកប់ខ្លាំង (មានវីដេអូ)

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន McLaren បានប្រកាសចេញរថយន្តស្ព័រប្រភេទ Plug-in Hybrid (អាចសាកភ្លើងបាន) ម៉ូដែល Artura ដែលមានកម្លាំងដ៏ខ្លាំងក្លា ប៉ុន្តែមានសមត្ថភាពអាចសន្សំសំចៃប្រេងឥន្ធនៈបានល្អបំផុត។

ឥឡូវនេះរថយន្តស្ព័ររបស់ចក្រភពអង់គ្លេសខាងលើ បានបង្ហាញខ្លួនជាផ្លូវការលើទឹកដីសហរដ្ឋអាមេរិក ពោលគឺនៅក្រុមហ៊ុន McLaren North Jersey ហើយវាក៏ជារថយន្ត McLaren Artura មួយគ្រឿងដំបូងផងដែរ សម្រាប់ទីផ្សារមួយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូទ័រអគ្គិសនី និងអាគុយដែលបានបំពាក់លើរថយន្ត McLaren Artura នេះអាចឲ្យរថយន្តបើកបរទៅមុខដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ហើយអាចឲ្យរថយន្តនេះស៊ីប្រេងឥន្ធនៈជាមធ្យមត្រឹមតែ ៤,៧លីត្រ ពេលបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ដោយពឹងផ្អែកលើប្រព័ន្ធ Hybrid។

ត្បិតថាសន្សំសំចៃប្រេងឥន្ធនៈមែន ប៉ុន្តែរថយន្តនេះអាចផលិតកម្លាំងសរុប ៦៧១សេះ ដោយមានបំពាក់មកជាមួយនូវម៉ាស៊ីនចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ប្រភេទ Turbo ដែលម៉ាស៊ីននេះផលិតកម្លាំងបាន ៥៧៧សេះ គួបផ្សំនឹងម៉ូទ័រអគ្គិសនីបានកម្លាំងសរុប ៦៧១សេះ។ កម្លាំង ៦៧១សេះនេះ អាចឲ្យរថយន្ត McLaren ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ដោយប្រើតែ ៣,០វិនាទី ប៉ុណ្ណោះ និងមានល្បឿនអតិបរមាដល់ ៣៣០គ.ម/ម៉។

McLaren បាននិយាយថាអាគុយរបស់ Artura នេះអាចសាកថ្មបានដល់ ៨០% ដោយប្រើពេល ២,៥ម៉ោង តាមរយៈការខ្សែសាកស្តង់ដារ EVSE ហើយវាក៏អាចសាកបញ្ចូលថាមពលដោយពឹងផ្អែកលើម៉ាស៊ីនប្រេងឥន្ធនៈដែលសាកភ្លើងអំឡុងពេលបើកបរអាស្រ័យលើប្រភេទបើកបរដែលជ្រើសរើស។ រថយន្ត McLaren Artura នេះគឺមានតម្លៃចាប់ពី ២២៥ ០០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

ចង់ដឹងថារថយន្ត McLaren Artura ស្រស់ស្អាតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម