ឡានចិន រូបរាង Cute ចម្លងពី Volkswagen Beetle ត្រៀមចេញលក់ហើយ

[ទីផ្សារបរទេស] រថយន្ត ORA Ballet និង Punk Cat របស់ក្រុមហ៊ុនចិន Great Wall នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន នាថ្ងៃទី៣០ ខែមិនា ខាងមុខ បើទោះបីជាមានការរករឿងពីក្រុមហ៊ុន Volkswagen ដោយសារតែរថយន្តទាំងនោះមានរូបរាងស្រដៀងទៅនឹងម៉ូដែល Beetle របស់ខ្លួនក៏ដោយ។

គួររំលឹកឲ្យដឹងថា រូបភាពនៃរថយន្ត ORA Ballet និង Punk Cat សម្រាប់លក់ បានលេចឡើងជាលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។ Punk Cat ត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធី Beijing Auto Show កាលពីខែមេសា ហើយយើងអាចមើលឃើញថា វាពិតជាមានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែល Beetle ពិតមែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពេលដែល Punk Cat ត្រូវបានដាក់បង្ហាញជាលើកដំបូង ក្រុមហ៊ុន Volkswagen បានទទួលស្គាល់ថា ខ្លួនកំពុងស៊ើបអង្កេតលើបញ្ហានេះ “ទាក់ទងនឹងការរំលោភលើម៉ូដែល ឬសិទ្ធិរចនារបស់ក្រុមហ៊ុន Volkswagen AG ហើយរក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ចាំបាច់ណាមួយ”។

សូមបញ្ជាក់ថា រថយន្ត ORA Ballet និង Punk Cat មានប្រវែង ៤,៤ម៉ែត្រ ទទឹង ១,៨៦ម៉ែត្រ កម្ពស់ ១,៦៣ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៧៥ម៉ែត្រ។ វានឹងត្រូវបានផ្តល់ជូនជាមួយនឹងម៉ូទ័រអេឡិចត្រិចតែមួយ និងកញ្ចប់អាគុយមពីរជម្រើសផ្សេងគ្នា។

ប្រភេទ Baes Model នឹងមានប្រើកញ្ចប់អាគុយទំហំ ៤៧,៨គីឡូវ៉ាត់ម៉ោង ខណៈម៉ូដែលខ្ពស់ជាងនេះប្រើកញ្ចប់អាគុយទំហំ ៥៩,១គីឡូវ៉ាត់ម៉ោង។ ពួកវាប្រើម៉ូទ័រអគ្គិសនីមួយមានកម្លាំង ១៦៩សេះ អនុញ្ញាតឲ្យវារត់ដល់ល្បឿនអតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណាក៏ដោយ តម្លៃរបស់វាមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕

រថយន្ត Volkswagen Beetle

ប្រភព ៖ Carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម