ឡានភីកអាប់ Ford Maverick ដណ្ដើមភ្ញៀវពីគូប្រជែងបានច្រើនសម្បើម

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford កំពុងតែអបអរសាទរនឹងជោគជ័យនៃការដាក់លក់រថយន្តភីកអាប់ Maverick ដែលបានអូសទាញអតិថិជនរបស់គូប្រជែងបានច្រើនសម្បើម។

ផ្អែកតាមទិន្នន័យរបស់ S&P Global Mobility ក្រុមហ៊ុន Ford និយាយថា ៦០% នៃអតិថិជនដែលបានទិញរថយន្ត Maverick គឺជាអតិថិជនរបស់ប្រកួតប្រជែង។ ក្នុងនោះ Ford គូសបញ្ជាក់ថាខ្លួនបានអូសទាញអតិថិជនពី Toyota, Honda រួមទាំង Chevrolet ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាករថយន្តធំទាំងបី គឺខ្វះខាតរថយន្តដែលអាចប្រជែងនឹង Maverick ស៊េរីឆ្នាំ២០២២ ដែលរថយន្តនេះមានតម្លៃចាប់ពី ១៩ ៩៩៥ដុល្លារ និងមានមកជាស្តង់ដារនូវម៉ាស៊ីន Hybrid ចំណុះ២,៥លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៩១សេះ។ អ្វីកាន់តែសំខាន់រថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យមត្រឹម ៦,៣៥លីត្រ ក្នុង១០០គ.ម ដែលជាកម្រិតស៊ីប្រេងទាបបំផុតសម្រាប់រថយន្តភីកអាប់។

ខណៈដែលប្រភេទ Hybrid មានតែជម្រើសប្រព័ន្ធបើកបរវិលកង់មុខ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីន ២,០លីត្រ EcoBoost ៤ស៊ីឡាំង ដែលអាចបន្ថែមនូវប្រព័ន្ធបើកបរវិលកង់ទាំងបួន។ ម៉ាស៊ីននេះបង្កើនតម្លៃរថយន្តឡើងដល់ចាប់ពី ២១ ០៨០ដុល្លារ ប៉ុន្តែនៅតែធូរថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម