ការផ្ទុះនូវជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិកបង្កផលប៉ះពាល់ខ្លាំងបំផុតដល់ឧស្សាហកម្មជាច្រើន ក្នុងនោះឧស្សាហកម្មយានយន្តក៏រងគ្រោះខ្លាំងណាស់ដែរ។ បើតាមតួលេខប្រចាំឆមាសទីមួយ នៃទីផ្សាររថយន្តនៅសហរដ្ឋអាមេរិកបានបង្ហាញថាចំនួនលក់ចេញនៃរថយន្តមានការធ្លាក់ចុះ ២៣,១% ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ ២០១៩។
រយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ចំនួនរថយន្តដែលលក់ចេញលើទីផ្សារអាមេរិកមានសរុប ៦ ៣៧៩ ២៩៣គ្រឿង ធៀបនឹងឆ្នាំ ២០១៩ លក់បាន ៨ ៣០០ ៧២៦គ្រឿង។ ក្រុមហ៊ុនរថយន្តធំៗមានដូចជា BMW, FCA, Ford Motor, General Motors, Honda Motor និង Hyundai Motor ជាដើមសុទ្ធតែមានការធ្លាក់ចុះចំនួនលក់ក្នុងរយៈពេលបីខែចុងក្រោយនេះ។
ប៉ុន្តែគេចាប់អារម្មណ៍ឃើញថា មានតែក្រុមហ៊ុន Tesla Motors តែមួយគត់ ដែលអាចលក់ចេញរថយន្តបានច្រើនជាងឆ្នាំមុន ដែលមានកំណើន ១៣,២% ឯណោះ។ ក្នុងអំឡុងពេល ៦ ខែដំបូងនៃ ឆ្នាំ ២០២០ ក្រុមហ៊ុនអាចលក់រថយន្តបាន ១៧៩ ០៥០គ្រឿង ធៀបនឹងឆ្នាំ ២០១៩ លក់បាន ១៥៨ ២០០គ្រឿង៕