រថយន្ត Bugatti Chiron Sport នេះ បានបង្ហាញខ្លួនលើកដំបូងជាសកល កាលពីខែមិនាកន្លងទៅ នៅក្នុងព្រឹត្តិការណ៍ Geneva Motor Show ហើយឥឡូវនេះក៏បានមកដល់ប្រទេសម៉ាឡេស៊ីដែរ។ ជាការពិតណាស់ កំពូលរថយន្តស្ព័ររបស់ប្រទេសបារាំងនេះ បានបង្ហាញខ្លួននៅក្នុងប្រទេសទី ២ នៃតំបន់អាស៊ាន បន្ទាប់ពីលេចមុខនៅសិង្ហបុរីមុន។
Bugatti Chiron Sport ពណ៌ក្រហម (Italian Red) នេះ មិនបានធ្វើការផ្លាស់ប្ដូរម៉ាស៊ីន ឬ ដំណើរការរបស់ខ្លួនខុសពីម៉ូដែល Chiron ធម្មតាឡើយ ប៉ុន្តែវាបានធ្វើការកែប្រែគួរឲ្យកត់សម្គាល់ទៅលើប្រព័ន្ធចង្កូត និង ភាពស្ទុះ។
រថយន្តស្ព័រល្បឿនលឿនបំផុតនេះមានតម្លៃលក់ (Base Price) ចាប់ពី ៣,៣ លានដុល្លារនៅលើទីផ្សារអឺរ៉ុប (មិនទាន់គិតពន្ធ) និងចាប់ពី ៣,២៦ លានដុល្លារ នៅសហរដ្ឋអាមេរិក បូករួមទាំងថ្លៃពន្ធ , ថ្លៃសេវា និង ការដឹកជញ្ជូន។ ចំណែកឯតម្លៃនៅក្នុងប្រទេសម៉ាឡេស៊ីវិញ គឺចាប់ពី ១២ លានរីងហ្គីត ឬស្មើនឹង ២,៩ លានដុល្លារ។
Chiron Sport មានទម្ងន់ស្រាលជាងម៉ូដែល Chiron ធម្មតា ១៨ គីឡូក្រាម ដោយសារតែការប្រើប្រាស់កង់ទម្ងន់ស្រាល និង បន្ថែមការប្រើ Carbon Fiber ដូចជា ផ្ដិតទឹក ជាដើម។ ក្រុមហ៊ុន Bugatti បានអះអាងថា Chiron Sport អាចរត់ដល់ទីលឿនជាង Chiron ធម្មតា ៥ វិនាទី នៅលើទីលានប្រណាំងរថយន្ត Nardo ក្នុងប្រទេសអ៊ីតាលី។
សូមបញ្ជាក់ថា រថយន្ត Bugatti Chiron Sport បំពាក់ម៉ាស៊ីនចំណុះ ៨,០ លីត្រ Quad-Turbocharged ទំហំ ១៦ ស៊ីឡាំង (W16) មានកម្លាំង ១ ៤៧៩ សេះ អាចបង្កើនល្បឿនពី ០ ដល់ ១០០គីឡូម៉ែត្រ ត្រឹមតែរយៈពេល ២,៣ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា រហូតដល់ទៅ ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែលេខកុងទ័ររបស់វាមានដល់ទៅ ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង៕