រថយន្ត Lamborghini Sian មួយគ្រឿងដំបូងគេបានធ្វើដំណើរទៅដល់ទ្វីបអាមេរិកខាងជើង មុនពិធីបុណ្យគ្រីស្មាស់តែម្ដង។
Lamborghini បានបង្ហាញចេញរថយន្ត Sian ជាលើកដំបូងតាំងពីខែកញ្ញា ឆ្នាំ ២០១៩ ដែលវាជាផលិតឡើងផ្អែកតាមរថយន្ត Aventador។ រថយន្តមួយគ្រឿងដែលចេញពីរោងចក្រមុនគេគឺមានពណ៌ខាងក្រៅពណ៌ទឹកក្រូចដែលពណ៌នេះមានឈ្មោះថា Arancio Atlas ហើយមានគួបផ្សំដោយផ្នែកសរសៃកាបូនភ្លឺរលោងជាច្រើនផងដែរ។
រថយន្ត Sian នេះគឺមានដំណើរការដោយម៉ាស៊ីនចំណុះ ៦,៥លីត្រ មានចំនួន ១២ស៊ីឡាំង ដែលភ្ជាប់នឹងប្រព័ន្ធ Hybrid ធ្វើឲ្យកម្លាំងសរុបមានដល់ ៨០៨សេះ។ ប្រព័ន្ធ Hybrid លើរថយន្តនេះគឺមានម៉ូទ័រអគ្គិសនីកម្លាំង ៣៤សេះ បំពាក់លើប្រអប់លេខដែលអាចជួយឲ្យមានការឆ្លើយតបបានរហ័ស និងសមត្ថភាពខ្លាំងជាងមុនផងដែរ។
Lamborghini អះអាងថារថយន្ត Sian នេះអាចស្ទុះពី ០-១០០គ.ម/ម៉ ដោយប្រើពេលមិនដល់ ២,៨វិនាទី ជាមួយល្បឿនអតិបរមា ៣៥០គ.ម/ម៉។ រថយន្តនេះដែរគឺមានផលិតត្រឹម ៦៣គ្រឿងប៉ុណ្ណោះក្នុងលោក៕