ក្រុមហ៊ុន Volkswagen ចង់ធានាការផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីរបស់ខ្លួន ជាមួយនឹងរោងចក្រថ្មី ចំនួន ៦ កន្លែងនៅទូទាំងអឺរ៉ុប។ កន្លែងផលិតអាគុយរថយន្តអគ្គិសនីថ្មីទាំងនោះ នឹងជួយឲ្យក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ សម្រេចបាននូវទំហំសេដ្ឋកិច្ច និងកាត់បន្ថយតម្លៃនៃផ្នែកដែលថ្លៃបំផុតរបស់រថយន្តអគ្គិសនី ទៀតផង។
ក្រុមហ៊ុន Volkswagen បានធ្វើការប្រកាសនៅក្នុងព្រឹត្តិការណ៍ “Power Day” ដែលជាការបង្ហាញនូវបច្ចេកវិទ្យានាពេលអនាគត សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។ រោងចក្រទាំងនេះនឹងផលិតអាគុយរថយន្តអគ្គិសនី ដែលប្រើបន្ទះអាគុយដែលរចនាថ្មី ហើយនឹងប្រើលើយានយន្ត ៨០ ភាគរយ របស់ក្រុមហ៊ុន Volkswagen Group នៅត្រឹមឆ្នាំ ២០៣០ ។
បន្ទះអាគុយថ្មីនេះនឹងត្រូវបានដាក់ឲ្យដំណើរការ នៅឆ្នាំ ២០២៣ ហើយនឹងត្រូវបានបង្កើនប្រសិទ្ធភាពសម្រាប់ការផលិត និងកែឆ្នៃ ឲ្យកាន់តែមានភាពងាយស្រួល។ ក្រុមហ៊ុនផលិតរថយន្តខាងលើសង្ឃឹមថា ការរចនាថ្មីនេះនឹងកាត់បន្ថយតម្លៃអាគុយសម្រាប់រថយន្ត ដល់ ៥០%។
ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Volkswagen មានប្រសាសន៍ថា “យើងមានបំណងចង់កាត់បន្ថយថ្លៃដើមនិងភាពស្មុគស្មាញនៃអាគុយ ហើយក្នុងពេលតែមួយនោះ បង្កើនចម្ងាយបើកបរ និងដំណើរការរបស់វា ផងដែរ”។
គួរបញ្ជាក់ថា អាគុយទាំងនេះនឹងត្រូវបានផលិតនៅរោងចក្រ Gigafactoriey ចំនួន ៦ នៅទូទាំងអឺរ៉ុប៕