នៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុន Mercedes-Benz បានប្រកាសថាខ្លួននឹងដាក់លក់រថយន្តអគ្គិសនីចំនួនពីរគឺ EQB និង EQS លើទីផ្សារប្រទេសវៀតណាម ប៉ុន្តែក្រុមហ៊ុន Mercedes ប្រចាំនៅប្រទេសវៀតណាម មិនបានបញ្ជាក់ពីពេលវេលាដាក់លក់នៅឡើយទេ។
ប្រភពពីក្រុមហ៊ុនបាននិយាយថារថយន្តអគ្គិសនី ត្រូវបានបញ្ចូលក្នុងផែនការមេរបស់ក្រុមហ៊ុន ប៉ុន្តែនឹងមិនដាក់លក់ក្នុងពេលឆាប់ៗនោះទេ។ នៅក្នុងឆ្នាំ២០២២ ទំនងជាក្រុមហ៊ុននាំយករថយន្តអគ្គិសនីទៅកាន់ទីផ្សារវៀតណាម ប៉ុន្តែគឺក្នុងគោលបំណងណែនាំពីផលិតផល និងដើម្បីស្ទាបស្ទង់ប្រតិកម្មរបស់អតិថិជនជាមុនសិន។
គួរដឹងថា នៅក្នុងទីផ្សាររថយន្តប្រណីតនៅវៀតណាម មិនទាន់មានក្រុមហ៊ុនណាផ្សេងក្រៅពី Porsche ដែលដាក់លក់រថយន្តអគ្គិសនីសុទ្ធនោះទេ។ ផ្ទុយទៅវិញក្រុមហ៊ុនរថយន្តប្រណីតដូចជា Mercedes, BMW និង Audi ជាដើម ផ្ដោតលើការលក់រថយន្ត Hybrid ដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីតូចៗជំនួសវិញ។
ដោយឡែក ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនក្នុងស្រុកមានគម្រោងដាក់លក់រថយន្តអគ្គិសនីសុទ្ធជាលក្ខណៈទ្រង់ទ្រាយធំ ខណៈដែលក្រុមហ៊ុនជប៉ុន, អាមេរិក និងកូរ៉េ មិនបានបង្ហាញពីផែនការរបស់ខ្លួននៅឡើយទេទាក់ទងនឹងរថយន្តអគ្គិសនី៕