កាលពីពេលដើមឆ្នាំកន្លងទៅ Toyota បានបញ្ជាក់ថានឹងផ្តល់នូវរថយន្ត GR ប្រភេទ Hot Hatch សម្រាប់ទីផ្សារសហរដ្ឋអាមេរិច បន្ទាប់ពីអវត្តមាននៃរថយន្ត GR Yaris។ នាពេលនេះ Toyota ក៏បានធ្វើការបញ្ចេញនូវរូបភាពផ្នែកខាងក្នុងនៃរថយន្ត Corolla ដែលត្រូវបានគេរំពឹងថា ជាតម្រុយនៃការមកដល់នៃរថយន្ត Toyota GR Corolla។
សម្រាប់រូបភាពនៃផ្នែកខាងក្នុងនៃរថយន្តនេះ ត្រូវបានបញ្ចេញឡើងដោយគណនី Instagram របស់ Toyota USA ដោយភ្ជាប់មកជាមួយចំណងជើង ” Keep them guessing…”។
លើសពីនេះ យោងតាមការកត់សម្គាល់ដោយ GR Corolla Forum បានបង្ហាញអោយអោយនូវពាក្យ G:16 នៅលើកុងទ័របង្ហាញ ដែលមានភាពស្រដៀងគ្នានឹងម៉ាស៊ីន G16E-GTS ចំណុះ ១.៦លីត្រ Turbocharged ៣ស៊ីឡាំង ដែលបំពាក់លើរថយន្ត GR Yaris។ បន្ថែមជាមួយពាក្យ GR-Four ដែលសំដៅដល់ប្រព័ន្ធ AWD របស់ Toyota ផងដែរ។
យ៉ាងណាមិញ បើសិនរថយន្ត GR Corolla នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសហរដ្ឋអាមេរិចនាពេលខាងមុន នោះគេរំពឹងថា រថយន្តនេះនឹងដំណើរការដោយប្រព័ន្ធបើកបរ AWD ដោយបំពាក់ជាមួយម៉ាស៊ីន Turbocharged ៣ស៊ីឡាំង ដែលមានថាមពលើសរថយន្ត GR Yaris៕