កំណើនតម្រូវការឡានជជុះនៅអាមេរិក ធ្វើឲ្យតម្លៃកើនឡើងខ្លាំង

ទីផ្សាររថយន្តជជុះនៅសហរដ្ឋអាមេរិកកំពុងមើលឃើញបាតុភូតដែលមិនធ្លាប់មានពីមុនមក នោះគឺ ម្ចាស់រថយន្ត អាចលក់រថយន្តបានថ្លៃជាងពេលទិញមកទៅទៀត។

ភាពចម្លែកនេះបានកើតឡើងនៅពេលដែលកង្វះខាតបន្ទះឈីបជាសាកល ចំពេលមានជំងឺរាតត្បាតកូវីដ១៩ បានបញ្ឈប់ការផលិតរថយន្ត ដែលជំរុញឲ្យមានការកើនឡើងតម្លៃសម្រាប់រថយន្តជជុះ ដែលជាលទ្ធផលបានជួយជំរុញឲ្យមានអតិផរណានៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Aurelien Guillaud ម្ចាស់ក្រុមហ៊ុន Arlington Auto Group (AAG) ដែលជាក្រុមហ៊ុនលក់រថយន្តមានមូលដ្ឋាននៅទីក្រុង Arlington រដ្ឋ Virginia បាននិយាយថា “វាគឺជានិន្នាការថ្មី ១០០ ភាគរយ” ដែលទំនងជាមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។

លោក​បាន​បន្ត​ថា ​ដោយ​សារ​តែ​កង្វះនៃរថយន្ត​ថ្មី​ ទើបធ្វើឲ្យមាន​ការ​កើនឡើង​នៃ​តម្រូវ​ការ​រថយន្ត​ជជុះ​។

បើយោងតាមទិន្នន័យថ្មីរបស់រដ្ឋាភិបាលកាលពីថ្ងៃពុធបានបង្ហាញថា តម្លៃអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក (US consumer prices) បានកើនឡើង ៧ភាគរយកាលពីឆ្នាំមុន ដែលជាការកើនឡើងដ៏ធំបំផុតក្នុងរយៈពេលជិត ៤ ទស្សវត្សរ៍ ដែលជំរុញដោយការកើនឡើងនៃតម្លៃរថយន្តជជុះ និងរថយន្តដឹកជញ្ចូន ៣៧,៣%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម