[ទីផ្សារបរទេស] នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ អ្នកយកព័ត៌មាននៃ “Prachachat Business” បានរាយការណ៍ថា ក្រុមហ៊ុន Ford Sales and Service (Thailand) Co., Ltd. បានប្រកាសពីការផ្អាកការផលិតរថយន្តភីកអាប់ និងរថយន្តប្រភេទ SUV នៅរោងចក្រ Ford Thailand Manufacturing (FTM) ក្នុងខេត្ត Rayong ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការខ្វះខាតគ្រឿងផ្គត់ផ្គង់ បន្ទាប់ពីរោងចក្រនៅប្រទេសហ្វីលីពីនរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង ដែលបានឡើងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ។
ជាក់ស្តែងតាមការលើកឡើងរបស់នាយកប្រតិបតិ្តការរបស់ក្រុមហ៊ុនFord Thailand បាននិយាយថា “ឥឡូវនេះក្រុមហ៊ុនបានផ្ញើការជូនដំណឹងទៅបុគ្គលិករួចហើយ ហើយយើងសង្ឃឹមថាបន្ទាប់ពីថ្ងៃទី ២៨ ខែមករា រោងចក្ររបស់យើងនឹងអាចចាប់ផ្តើមដំណើរការបានធម្មតាវិញ”។
ក្នុងនោះដែរ សម្រាប់រោងចក្រ Ford Thailand Manufacturing (FTM) ខេត្ត Rayong មានសមត្ថភាពផលិតរថយន្តចំនួន ១,៣៥ ពាន់គ្រឿងក្នុងមួយឆ្នាំ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសថានឹងធ្វើពង្រីកសមត្ថភាពផលិតកាន់តែច្រើន និងអភិវឌ្ឍន៍បន្ថែម ដើម្បីគាំទ្រដល់ការផលិតររថយន្ត Pickup Rangers និង SUV សេរ៊ីថ្មី ជាមួយការបន្ថែមបុគ្គលិកចំនួន ១,២៥០នាក់ បន្ថែមទៀត៕