[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Kia បានធ្វើការប្រកាសចេញ និងបើកការកក់ទុកមុនជាផ្លូវការនៃរថយន្ត Niro ស៊េរីឆ្នាំ២០២២ ខណៈពេលនេះក្រុមហ៊ុនក៏បានបង្ហាញចេញនូវចំនួនដែលទទួលបានក្នុងរយៈពេល ៣ថ្ងៃដោយបានបញ្ជាទិញជិត ១៨,០០០ គ្រឿង ដែលជាចំនួនមួយច្រើនយ៉ាងខ្លាំង។
សម្រាប់រថយន្ត Kia Niro ស៊េរីឆ្នាំ២០២២ មានជម្រើស ៣ ម៉ូឌែល ដូចជា Trendy, Prestige និង Signature ហើយរថយន្តទាំង ៣ម៉ូឌែលនេះ នឹងទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ៣ប្រភេទរួមមាន hybrid, plug-in hybrid និងអគ្គិសនីសុទ្ធ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ Kia Niro ស៊េរីឆ្នាំ ២០២២ លក់តែជាមួយម៉ាស៊ីន Hybrid powertrain ប៉ុណ្ណោះ។
រថយន្ត Kia Niro មានតម្លៃចាប់ពី ២២ ៣៥៩ដុល្លារ ដល់ ២៧ ៧៩០ ដុល្លារ សម្រាប់ទីផ្សារនៅប្រទេសកូរ៉េខាងត្បូង៕
សម្រាប់រថយន្ត Kia Niro ប្រើប្រាស់ជម្រើសម៉ាស៊ីន រួមមាន៖
- ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីទ្បាំង ដំណើរការជាមួយនឹងម៉ូរទ័រអគ្គិសនីផលិតកម្លាំង ១៣៩សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ។
- ម៉ាស៊ីន Plug-in hybrid ដោយប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤១ គីទ្បម៉ែត្រ និងអគ្គិសនីសិទ្ធដែលមានកម្លាំងសរុប ២០១សេះ។
ដោយទ្បែកកម្រិតនៃការប្រើប្រាស់សាំងនៃរថយន្ត Kia Niro ចាក់ ១លីត្រ អាចបើកបរបានចម្ងាយ ២០,៨ គីទ្បូម៉ែត្រ ឬ ៤,៨លីត្រ ក្នុងចម្ងាយ ១០០គីទ្បូម៉ែត្រ។
សូមបញ្ជាក់ថាយោងតាមផែនការបន្ទាប់ពីចាប់ផ្តើមបើកការលក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៃរថយន្ត Kia Niro ស៊េរីឆ្នាំ២០២២ នឹងត្រូវនាំទៅកាន់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍មួយចំនួនទៀតដូចជាប្រទេសម៉ាឡេស៊ី នៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ៕
ប្រភព៖ xehay