[ទីផ្សារបរទេស] បន្ទាប់ពីមានការចែកចាយរូបភាព និងវីដេអូ teaser កន្លងទៅ ពេលនេះ រថយន្ត Ford Bronco Everglades ស៊េរីឆ្នាំ ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ដែលជាការបន្ថែមចុងក្រោយបំផុតសម្រាប់ត្រកូល Bronco ដែលកំពុងពេញនិយម ដែលភ្ជាប់មកស្តង់ដារជាមួយនឹងគ្រឿងបន្ថែម (accessories) ជាច្រើនដើម្បីធ្វើឲ្យរថយន្តនេះកាន់តែមានសមត្ថភាពខ្លាំង។
ចំពោះការអាប់ឌេតពីរសំខាន់ៗដែលបានធ្វើឡើងចំពោះ Bronco Everglades ដែលធ្វើឲ្យមានភាពលេចធ្លោខុសពីម៉ូដែល Bronco ផ្សេងទៀត។ មុខងារថ្មីដំបូងបង្អស់គឺ បំពង់ខ្យល់ ដែលក្រុមហ៊ុន Ford និងវិស្វកររបស់ខ្លួន បានរចនាឡើងក្នុងការផ្តល់នៅភាពងាយស្រួលក្នុងការផ្លាស់ប្តូរទិសដៅ។ ដោយបំពង់ខ្យល់ ឬ snorkel ត្រូវបានលើកឡើងសម្រាប់ ប៉ុងមុខ/ក្រោយ និងប្រអប់លេខ ដោយមានន័យថារថយន្ត Bronco Everglades អាចបើកបរលើជម្រៅទឹក ៩២៤ ម.ម ខណៈពេល Bronco ធម្មតាអាចបើកបរក្នុងជម្រៅទឹកបាន ៨៥១ ម.ម ប៉ុណ្ណោះ។
សម្រាប់រថយន្ត Bronco Everglades ក៏ត្រូវបំពាក់ស្តង់ដារជាមួយនឹងកាងខាងមុខ heavy-duty modular ពីក្រុមហ៊ុន Ford Performance និង Zeon 10-S Warn winch ដែលមានសមត្ថភាពអូសទាញបាន ៤,៥៣៥ គីឡូក្រាម និងខ្សែប្រវែង ៣០ ម៉ែត្រ។ ក្រុមហ៊ុន Ford ក៏បានបំពាក់រថយន្តម៉ូដែលនេះជាមួយនឹងរបារការពារ Safari, កាង rock rails និងកាងដែកការពារបាតក្រោមដូចម៉ូដែល Black Diamond និង Badlands ផងដែរ។
ក្នុងនោះដែរ Bronco Everglades មានកង់ខាងមុខ និងខាងក្រោយ និងក្រាហ្វិកបែបស្ព័រនៅលើកាតាប៊ូខាងមុខ, ប៉ាណាខាងមុខ Carbonized Grey ជាមួយនឹងអក្សរ Bronco ពណ៌ខ្មៅរលោង ហើយអតិថិជននឹងអាចបញ្ជាទិញបានជាមួយនឹងកញ្ចប់ Sasquatch ដែលបន្ថែមកង់ Carbonized Grey ទំហំ ១៧ អ៊ីញជាមួយនឹងសំបកកង់ Goodyear ៣៥ អ៊ីញ និងកាង rock rial, ដំបូល roof rack ជាមួយរបារដែកក៏មានលក្ខណៈពិសេសផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Bronco Everglades ដំណើរការដោយម៉ាស៊ីនផ្តាច់មុខចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ជាមួយប្រអប់លេខអូតូ ១០វគ្គ។
ក្រុមហ៊ុន Ford ត្រូវបានផ្តល់ជូន ៥ ពណ៌ សម្រាប់រថយន្ត Ford Bronco Everglades ស៊េរីឆ្នាំ ២០២២ រួមមាន Desert Sand, Eruption Green, Area 51, Shadow Black, និង Cactus Grey។ ការបញ្ជាទិញនឹងបើកនៅក្នុងខែមីនាគឺសម្រាប់អតិថិជនដែលបានកក់រថយន្ត Bronco កន្លងមក ហើយតម្លៃនឹងចាប់ផ្តើមនៅ ៥៣ ០០០ ដុល្លារ ជាមួយ ១ ៤៩៥ ដុល្លារ សម្រាប់ថ្លៃដឹកជញ្ជូន៕