ក្រោយពីបានលេចធ្លាយរូបរាងកាលពីខែមុនរួចមក រថយន្ត Toyota Raize ឆ្នាំ ២០២០ បានចេញលក់ជាផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃនេះ។
រថយន្តនេះប្រើប្រាស់គ្រោងឆ្អឹងថ្មីរបស់ Daihatsu ឈ្មោះថា DNGA ដែលវាទំហំតូចជាងរថយន្ត C-HR ដោយមានប្រវែង ៣៩៩៥ ម.ម ទទឹង ១៦៩៥ ម.ម និងកម្ពស់ ១៦២០ ម.ម។ ត្បិតថាមានទំហំតូចប៉ុន្តែរថយន្តនេះផ្ដល់នូវទំហំខាងក្នុងធំទូលាយ និងមានកន្លែងដាក់ឥវ៉ាន់ទំហំ ៣៦៩ លីត្រផងដែរ។
ម៉ាស៊ីនរបស់រថយន្តនេះអាចផលិតកម្លាំងបាន ៩៧ សេះ ដែលក្រុមហ៊ុននិយាយថាអាចផ្ដល់នូវការបង្កើនសន្ទុះថាមពលខ្លាំង និងរលូនល្អ ហើយសន្សំសំចៃប្រេងបានល្អ និងបញ្ចេញសំឡេងស្ងាត់ពេលបើកបរនៅល្បឿនលឿន។
កម្រិតស៊ីប្រេងជាមធ្យមគឺ ១ លីត្រ ជិះបាន ១៨,៦ គ.ម ឬ ៥,៤ លីត្រ/១០០ គ.ម សម្រាប់ប្រភេទ 2WD និងប្រភេទ 4WD ស៊ីប្រេង ៥,៧ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។ នៅពេលនិយាយដល់ជំនួយការបើកបរ រថយន្ត Raize នេះមានមុខងារ Crash Avoidance Braking Function, Erroneous Start Prevention Function, Adaptive Cruise Control និង Smart Panorama Parking Assist ជាដើម។
រថយន្តនេះមានលក់ជា ៣ ប្រភេទនៅជប៉ុន ដែលវាមានតម្លៃចាប់ពីប្រមាណ ១៤ ៤២៥ ដុល្លារ ហើយក៏មានសេវាកម្មបង់ប្រចាំខែចាប់ពី ៣៦៦ ដុល្លារផងដែរ៕