Porsche ចាប់ផ្តើមដំឡើងឡាន Cayenne នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជារោងចក្រនៅក្រៅអឺរ៉ុបដំបូងបង្អស់

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Porsche បានចាប់ផ្តើមដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរបស់ខ្លួន នៅក្នុងរោងចក្រដែលស្ថិតក្នុងរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី ជាផ្លូវការហើយ។

គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​ខាងលើ បាន​ប្រកាស​ជា​លើក​ដំបូង​ថា ​នឹង​បើក​ខ្សែ​សង្វាក់ផលិតកម្មថ្មី​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន។ វាគឺជារោងចក្រ Porsche ដំបូងគេនៅក្រៅទ្វីបអឺរ៉ុប ហើយនឹងដំឡើងរថយន្តម៉ូដែល Cayenne ជាពិសេស សម្រាប់ទីផ្សារម៉ាឡេស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រនោះមានទីតាំងនៅក្នុងរោងចក្រដំឡើងរបស់ Sime Darby Berhad ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម និងដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី។ រោងចក្រនេះក៏មានតែបុគ្គលិកជាជនជាតិម៉ាឡេស៊ីផងដែរ ដែលសុទ្ធតែត្រូវបានបណ្តុះបណ្តាលដោយក្រុមហ៊ុន Porsche ទៀតផង។

គួរឲ្យដឹងថា តាមរយៈការដំឡើងរថយន្ត Cayenne នៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន Porsche អាចកាត់បន្ថយតម្លៃរបស់វាបានយ៉ាងច្រើន។ Cayenne ដែលផលិតក្នុងស្រុកមានតម្លៃចាប់ពី ៥៥០ ០០០ រីងហ្គីត ឬ ១៣០ ០០០ដុល្លារ ខណៈម៉ូដែលនាំចូលពីក្រៅប្រទេស ត្រូវបានដាក់លក់ក្នុងតម្លៃ ៦៦៥ ០០០ រីងហ្គីត ឬ ១៥៧ ០០០ដុល្លារឯណោះ។

រថយន្ត Porsche Cayenne ដំឡើងនៅម៉ាឡេស៊ី មានតែជម្រើសម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged V6 កម្លាំង ៣៣៥សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Tiptronic S និង ប៉ុងពីរ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម