[ទីផ្សារបរទេស] វិបសាយរថយន្តអូស្ត្រាលី Drive ដែលបានជួបនិយាយជាមួយ Ian Foston ជាប្រធានផ្នែកវិស្វកម្មសម្រាប់រថយន្តម៉ូដែល Ford Ranger បានឲ្យដឹងខ្លះអំពីអនាគតនៃរថយន្តភីកអាប់ខ្នាតតូចថ្មីនេះ។
និយាយទាក់ទងនឹងអនាគតអគ្គិសនី លោក Ian Foston បានរៀបរាប់ថា ៖ “យើងមិនអាចបញ្ជាក់ថាយើងឆ្ពោះទៅផ្លូវណានោះទេ ប៉ុន្តែយើងកំពុងតែពិនិត្យមើលលើបច្ចេកវិទ្យាទាំងអស់ដែលមាននៅ Ford (ដែលអាចប្រើលើរថយន្ត Ranger)។ យើងមានជាគ្រឿង Hardware អគ្គិសនីដែលអាចឲ្យយើងឆ្ពោះទៅកាន់ Hybrid និងអាចទៅដល់អគ្គិសនីសុទ្ធបាន។”
ប្រធានផ្នែកវិស្វកម្មរូបនេះបានបន្តបញ្ជាក់ថាគ្រោងឆ្អឹង T6 របស់រថយន្ត Ranger គឺមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទ្រទ្រង់នូវប្រព័ន្ធថាមពលអគ្គិសនីសុទ្ធ ដែលយើងនឹងអាចឃើញរូបរាងរថយន្តនេះនៅអំឡុងរយៈពេល១០ឆ្នាំក្រោយទៀត។
យ៉ាងណាក្ដី លោក Ian Foston បាននិយាយថាការសម្រេចចិត្តនឹងស្ថិតនៅលើតម្រូវការពីអតិថិជន។ លោកបានលើកឡើងដូចនេះ ៖ “យើងកំពុងធ្វើការស្រាវជ្រាវជាច្រើនជាមួយអតិថិជនដើម្បីដឹងថាពួកគេអាចទទួលយកបាននូវប្រភេទអគ្គិសនីណាមួយ ហើយពួកយើងនឹងឆ្លើយតបទៅតាមអ្វីដែលអតិថិជនទាមទារ។ ”
បច្ចុប្បន្ននេះរថយន្ត Ranger មានលក់លើទីផ្សារជាច្រើន ដែលវាមានជម្រើសម៉ាស៊ីន Turbocharged ចំណុះ២,០លីត្រ និងជម្រើសម៉ាស៊ីន Turbodiesel ចំណុះ៣,០លីត្រ ជាដើម ដោយមិនទាន់មានប្រភេទ Hybrid ឬអគ្គិសនីសុទ្ធនៅឡើយទេ៕