រថយន្ត Ford Mustang និង Chevrolet Camaro គឺជារថយន្តដ៏សំខាន់បំផុតពីរ នៅក្នុងពិភពរថយន្តស្ព័រ “Muscle Car” ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ ការផលិតរថយន្តទាំងពីរនេះ ឥឡូវត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ ដោយសារតែបញ្ហាផ្គត់ផ្គង់គ្រឿងបន្លាស់។
ក្រុមហ៊ុន Ford និង General Motors បានប្រកាសថា ពួកគេនឹងផ្អាកការផលិតរថយន្ត Mustang និង Camaro រយៈពេលមួយសប្តាហ៍ បន្ទាប់ពីមានបញ្ហាជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់។
ក្រុមហ៊ុន General Motors នឹងលែងដំណើរការរោងចក្រ Lansing Grand River Assembly របស់ខ្លួន ដែលបច្ចុប្បន្នកំពុងផលិតទាំងម៉ូដែល Camaro, Cadillac CT4 និង CT5 ដែលសុទ្ធតែប្រើប្រាស់គ្រោងឆ្អឹងតែមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន General Motors មិនបានបញ្ជាក់ថា តើផ្នែកណាដែលវាកំពុងខ្វះខាតដើម្បីបំពេញលើ Camaro នោះទេ ប៉ុន្តែអ្នកនាំពាក្យ Dan Flores បានប្រាប់ថា វាមិនពាក់ព័ន្ធនឹងរឿងបន្ទះឈីបនោះទេ។
ដោយឡែកសម្រាប់ក្រុមហ៊ុន Ford ដូចដែលបានរាយការណ៍ វាបានលើកឡើងពីកង្វះការផ្គត់ផ្គង់បន្ទះឈីប ជាបញ្ហាចម្បងសម្រាប់ការបិទរោងចក្រ Flat Rock Assembly Plant នៅ Michigan ដែលផលិតតែរថយន្ត Mustang ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រោងចក្រនៅអាមេរិកខាងជើងផ្សេងទៀតរបស់ Ford នឹងបន្តដំណើរការជាធម្មតាសម្រាប់ពេលនេះ៕