[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Hyundai និង Kia បូកបញ្ចូលគ្នាបានជំពាក់រថយន្តចំនួន ១លានគ្រឿង សម្រាប់អតិថិជនដែលបានកុម្ម៉ង់ទិញរថយន្ត ដោយសារតែបញ្ហាមួយចំនួនរួមមានវិបត្តិខ្វះឈីបសកល, ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងការបិទរោងចក្រនៅប្រទេសចិនដោយសារការផ្ទុះជំងឺកូវីដ១៩រលកថ្មីជាដើម។
កាលពីដើមឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុនទាំងពីរបានជំពាក់រថយន្តអតិថិជនត្រឹម ១០ម៉ឺនគ្រឿងប៉ុណ្ណោះ ប៉ុន្តែតួលេខបានកើនឡើងលើសពី ៥០ម៉ឺនគ្រឿង នៅក្នុងខែមីនាឆ្នាំ២០២២នេះ។ បញ្ហានៃការផ្គត់ផ្គង់រថយន្តជូនអតិថិជននេះបានក្លាយជាឧបសគ្គដ៏ធំសម្រាប់ផែនការនៃការលក់រថយន្តឲ្យបាន ៧,៤៧លានគ្រឿង របស់ Hyundai និង Kia នៅក្នុងឆ្នាំ២០២២នេះ។
គួរដឹងថាតួលេខនៃរថយន្តដែលជំពាក់អតិថិជន គឺមានទំហំស្មើនឹង ១៥% នៃចំនួនលក់របស់ Kia និង Hyundai នៅពេញមួយឆ្នាំ២០២១ ដែលឆ្នាំមុននេះក្រុមហ៊ុនទាំងពីរលក់រថយន្តបានសរុប ៦,៦៦លានគ្រឿង។
បញ្ហានៃការផ្គត់ផ្គង់នេះបានធ្វើឲ្យអតិថិជនដែលទិញរថយន្ត Kia Carnival ត្រូវធ្វើការរង់ចាំប្រមាណពី ៨ខែ ទៅ ១១ខែ ទើបទទួលបានរថយន្ត ខណៈដែលអ្នកទិញ Kia Sorento និង Sportage Hybrid ត្រូវរង់ចាំរយៈពេល១៨ខែ។
ម៉ូដែលរថយន្ត Genesis ឯណោះក៏រងផលប៉ះពាល់ផងដែរ ដោយអ្នកទិញរថយន្ត GV60 និង GV70 ត្រូវរង់ចាំរយៈពេល១២ខែ ខណៈដែលអ្នកទិញរថយន្ត Hyundai Ioniq 5 និង Porter EV វិញគឺត្រូវរង់ចាំរយៈពេល១២ខែដូចគ្នា។
គួរដឹងថាវិបត្តិខ្វះខាតឈីបសកលត្រូវបានគេរំពឹងថានឹងបន្តរយៈពេលពេញមួយឆ្នាំ២០២២នេះ ហើយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ AutoForecast Solutions បាននិយាយថាការផលិតរថយន្តជាសកលគឺឃើញថាមានការពន្យារពេលការផលិតរថយន្ត ១,៣៤លានគ្រឿងទៅហើយដោយសារតែវិបត្តិនេះ៕