[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអាមេរិក DeLorean បានវិលត្រឡប់ជាថ្មីជាមួយរថយន្តអគ្គិសនីម៉ូដែល Alpha5 ដែលជាប្រភេទរថយន្ត Coupe ចូលមកប្រកួតប្រជែងនឹងរថយន្ត Porsche Taycan។
រថយន្តអគ្គិសនីនេះមានប្រើប្រាស់ទ្វារពិសេសប្រភេទបើកឡើងលើ ដែលជារចនាបថរបស់ក្រុមហ៊ុនអ៉ីតាលី Italdesign ដោយរថយន្តនេះមានរចនាបថពីរពណ៌ ដែលមើលទៅទាក់ភ្នែកជាទីបំផុត។
ដោយសារជារថយន្តអគ្គិសនី ហេតុនេះហើយវាមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើននៅផ្នែកខាងក្នុង មានដូចជាកុងទ័រប្រភេទឌីជីថល និងការផ្លាស់ប្ដូរពីប្រើប៊ូតុងគ្រាប់ចុចដើម្បីបញ្ជាមុខងារផ្សេងៗ មកប្រើប្រាស់ជាអេក្រង់ Touch ជំនួសវិញ។
ក្រុមហ៊ុន DeLorean មិនបាននិយាយលម្អិតអំពីកម្លាំងរបស់រថយន្តអគ្គិសនីនេះនៅឡើយទេ ប៉ុន្តែបាននិយាយថា Alpha5 ប្រើពេលត្រឹម ៣,៤វិនាទី ក្នុងការស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ និងល្បឿនអតិបរមាកំណត់ត្រឹម ២៤១គ.ម/ម៉។ វាមានអាគុយចំណុះ ១០០kWh ដែលអាចបើកបរបានលើសពី ៤៨០គីឡូម៉ែត្រផងដែរ។
រថយន្ត Alpha5 នឹងមានផលិតត្រឹម ៨៨គ្រឿងប៉ុណ្ណោះ ដោយឆាប់ៗខាងមុខវានឹងមានជាប្រភេទដែលប្រើម៉ាស៊ីនសាំង៨ស៊ីឡាំង។ រថយន្តនេះដែរនឹងបង្ហាញវត្តមានជាសាធារណៈនៅក្នុងខែសីហា នៅកម្មវិធី Pebble Beach ហើយនឹងចូលរោងចក្រផលិតនៅក្នុងឆ្នាំ២០២៤ឯណោះ៕