ក្រុមហ៊ុន Mazda បានប្រកាសចេញរថយន្ត CX-50 ឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី ហៅថា Meridian Edition ដែលនឹងមានតម្លៃចាប់ពី ៣៩ ៩៥០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។
ផ្អែកលើម៉ូដែល CX-50 2.5 Turbo រថយន្តម៉ូដែលពិសេស Meridian Edition នេះមានបំពាក់តែមលើគម្របម៉ាស៊ីនពណ៌ខ្មៅគ្រើម ក៏ដូចជាយ៉ាន់កង់ទំហំ ១៨អ៊ីញ, ស៊ុមចង្កៀងមុខពណ៌ខ្មៅ ហើយមានជម្រើសពណ៌ខ្លួនចំនួន ២ គឺ Polymetal Gray និង Zircon Sand។
រថយន្ត Mazda CX-50 ឆ្នាំ២០២៣ Meridian Edition មានបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៧សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុង២ មកស្តង់ដារ។
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់ពូកស្បែកពណ៌ខ្មៅ ហើយមានមុខងារកម្តៅ, ដៃចង្កូតស្រោបស្បែក, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ដោយមិនចាំបាច់ប្រើខ្សែ ព្រមទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, កញ្ចក់មើលក្រោយស្រទុំអូតូ, ដំបូលកញ្ចក់វែង Panoramic Moonroof និងឃ្លុបក្រោយអូតូ ជាដើម៕