រថយន្ត Ford Mustang Shelby GT500 មិនមែនជារថយន្តធម្មតានោះទេ។ វាជារថយន្តកម្លាំងខ្លាំងក្លាមួយ ដែលមានម៉ាស៊ីន Supercharged ចំណុះ ៥,២ លីត្រ ៨ ស៊ីឡាំង អាចផលិតកម្លាំងបាន ៧៦០ សេះ ដែលប្រហាក់ប្រហែលនឹងពពួក Supercar ដែរ។
ហេតុនេះអ្នកដែលកាន់ចង្កូតរថយន្តដែលអាចបង្កើនសន្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលត្រឹម ៣,៥ វិនាទីមួយនេះ គួរដឹងឲ្យបានច្បាស់អំពីការបញ្ជាវា។ ដោយដឹងពីចំណុចនេះ Ford បានផ្ដល់ជូននូវការបង្រៀនបើកបរជាពិសេសដល់ម្ចាស់រថយន្ត GT500 នៅ Charlotte Motor Speedway ក្នុងទីក្រុង Concord រដ្ឋ North Carolina។
Ford Performance Racing School បានរៀបចំប្រតិបត្តិការមួយនៅទីនោះ ដែលបង្រៀនម្ចាស់រថយន្ត Shelby GT500 អំពីបច្ចេកទេសបើកបរស៊ីជម្រៅ និងត្រូវឆ្លងកាត់វគ្គរៀនជាច្រើន។ ដោយចូលរៀនវគ្គនេះ ម្ចាស់រថយន្តនឹងអាចយល់ច្បាស់អំពីសមត្ថភាពរថយន្តរបស់ពួកគេ និងការបើកបរលើដងផ្លូវផងដែរ៕