Honda Accord ស៊េរីឆ្នាំ ២០២៣ ជំនាន់ថ្មី រូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Accord ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុង​ ជំនាន់ទី១១ ដែលមាន ៦ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន LX, EX, Sport, EX-L, Sport-L និង Touring នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈតម្លៃមិនទាន់បានប្រកាសនៅឡើយទេ។

Honda Accord ជំនាន់ថ្មីនេះ មានប្រវែងតួខ្លួន ៤ ៩៧១ ម.ម ទទឹង ១ ៨៦២ ម.ម កំពស់ ១ ៤៥០ ម.ម និងប្រវែងគម្លាតកងមុខ-ក្រោយ ២ ៨៣០ ម.ម ធ្វើឲ្យជំនាន់ថ្មីនេះមានប្រវែងវែងជាម៉ូដែលចាស់ ៧១ ម.ម។ ត្រូវបានរចនាឡើងជាមួយរូបរាងដ៏ទាក់ទាញ និងកាន់តែស្ព័រ ដោយបានបំពាក់ប៉ាណាមុខរាងជាសំណាញ់ពណ៌ខ្មៅអបដោយចង្កៀមុខ​​ LED រាង​ស្លីម, កាងខាងមុខមានរាងកោងមានរន្ធខ្យល់ធំជាងមុន គម្របម៉ាស៊ីនត្រូវបានរចនាថ្មីផងដែរ។ ខណៈ ចង្កៀងក្រោយ LED រាងស្លីមអូស​កាត់វែងមានឡូហ្គោ Honda នៅចំកណ្តាល ថាសកង់ស្ព័រទំហំ ១៧-១៩ អ៊ីញ, កាង Spoiler ខាងក្រោយពណ៌ខ្មៅ និងបំពងស៊ីមាំងរចនាឡើងយ៉ាងពិសេសសម្រាប់ម៉ូដែលនេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងរបស់ Accord ដែលត្រូវបាននិយាយថា រថយន្តនេះប្រើប្រាស់កាប៊ីនដូច Civic ជាមួយនឹងកុងទ័រព័ត៌​មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ ដល់ ១២,៣​ អ៊ីញ ភ្ជាប់មុខងារជាមួយនឹង Android Auto និង Apple CarPlay ។ បន្ថែមពីនេះ ក៏បានបំពាក់នៅមុខងារ over-the-air ហើយបានភ្ជាប់មកជាមួយប្រព័ន្ធ Google built-in system ជាលើកដំបូងដែលឲ្យអតិថិជនអាចចូលប្រើ Google Maps, Google Assistant និង Google Play ដើម្បីទាញយកកម្មវិធី ក៏ដូចជាតន្ត្រី ឬ podcasts,​ កៅអីអ្នកបើកបរដែលអាចលៃតម្រូវបាន ៨ របៀប, កៅអីខាងមុខមានមុខងារកំដៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់២ តំបន់ ដៃចង្កូត និងប្រអប់លេខស្រោបដោយស្បែក, ឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ ចំនុច អេក្រង់បង្ហាញលើកញ្ចក់ទំហំ ៦ អ៊ីញ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត All-new Honda Accord ស៊េរីឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក មានទាំងម៉ាស៊ីនសាំងចំណុះ​ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ដែលមានកម្លាំង ១៩២ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងម៉ាស៊ីនកូនកាត់ hybrid ចំណុះ ២,0 លីត្រ ផ្គួបម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០៤ សេះ កម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ជាមួយនឹងរបៀបបើកបរចំនួន ៤ សម្រាប់ជ្រើសរើស៖ ECON / Normal / Sport និង Individual ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម