Toyota បានបង្ហាញព័ត៌មានបន្ថែមទៀតអំពីរថយន្ត Yaris ម៉ូដែលថ្មី សម្រាប់លក់នៅលើទីផ្សារប្រទេសជប៉ុន ដោយវានឹងត្រូវលក់ចាប់ពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ។
Yaris ជំនាន់ថ្មីស៊េរីឆ្នាំ ២០២០ សន្សំសំចៃប្រេងឥន្ធនៈបានច្រើនបំផុត ដោយ ១០០ គីឡូម៉ែត្រស៊ីប្រេងប្រមាណ ២,៨ លីត្រ សម្រាប់ប្រភេទ Yaris Hybrid X FWD។ Yaris Hybrid មានម៉ាស៊ីនចំណុះ ១,៥ លីត្រ ដែលបង្កើតកម្លាំងបាន ៨៩ សេះ បូកនឹងម៉ូទ័រអគ្គិសនីមួយដែលមានកម្លាំង ៧៩ សេះ។
រថយន្តនេះក៏មានប្រភេទធម្មតាមិន Hybrid ផងដែរ ដែលវាមានម៉ាស៊ីន ១,៥ លីត្រ ភ្ជាប់នឹងប្រអប់លេខដៃ ៦ វគ្គ និងមានប្រព័ន្ធបើកបរប៉ុងមួយ ឬប្រើ Direct Shift-CVT ដែលមានប្រព័ន្ធបើកបរប៉ុងពីរនិងប៉ុងមួយ។ មានមួយទៀតគឺប្រភេទម៉ាស៊ីន ១,០ លីត្រ ដែលមានកម្លាំង ៦៨ សេះ ភ្ជាប់នឹង Super CVT-i និងប្រព័ន្ធបើកបរប៉ុងមួយ។
តម្លៃនៅជប៉ុនមានចាប់ពីប្រមាណ ១២ ៧៥០ ដុល្លារ សម្រាប់ប្រភេទ ១,០ លីត្រ និងថ្លៃបំផុតគឺប្រមាណ ២២ ៧៩០ ដុល្លារ សម្រាប់ប្រភេទ Hybrid Z៕